(ព្រះវិហារ)៖ នៅរសៀលថ្ងៃពុធ១២ កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ ប្រតិភូខណ្ឌចំនួន៣ ដឹកនាំដោយ លោក ចេង មុនី អភិបាលខណ្ឌច្បារអំពៅ, លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងលោក ព្រំ សំខាន់ អភិបាលខណ្ឌចំការមន បានចុះសួរសុខទុក្ខកង និងនាំយកអំណោជាគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួន ទៅចែកជូនដល់កម្លាំងយោធា ដែលកំពុងឈរជើងនៅសមរភូមិខេត្តព្រះវិហារ គឺវរសេនាតូចលេខ ៣៩២ ចំណុះកងពលតូចអន្តរាគមន៍លេខ៩ ដែលឈរជើងបំពេញបេសកម្ម ការពារបូរណភាពទឹកដី នៅតំបន់ប្រាសាទព្រះវិហារ ស្ថិតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
សកម្មភាពចែកអំណោយដល់កងទ័ព ដែលកំពុងឈរជើងការពារទឹកដីខាងលើនេះ បានធ្វើឡើង នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់នាពេលដ៏ខ្លីខាងមុខ ក៏ដូចជាបង្ហាញពីការយកចិត្ត និងគាំទ្រពីសមរភូមិខាងក្រោយ ចំពោះសមរភូមិខាងមុខ។ ដោយឡែកអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នឹងដឹកនាំគណៈប្រតិទៅកាន់ខេត្តព្រះវិហារ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨នេះ។
នៅចំពោះមុខកម្លាំងទាហានទាំងអស់ អភិបាលខណ្ឌ បានលើកឡើងនូវស្ថានភាពនយោបាយមួយចំនួន ដែលកំពុងកើតមានឡើងនៅក្នុងប្រទេសកម្ពុជា នោះគឺក្រុមក្បត់ជាតិបាននិងកំពុង រកកលល្បិចគ្រប់បែបយ៉ាង ចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោក ចេង មុនីរ៉ា បានប្រាប់ទៅកងទ័ពថា នាពេលថ្មីៗនេះ មានការបែកធ្លាយឯកសារសម្ងាត់តាមរយៈវីដេអូឃ្លីបរបស់ទណ្ឌិត សម រង្ស៊ី លួចទៅចុះកិច្ចព្រមព្រៀមជាមួយលោក Kok Ksor (កុក សរ) មេដឹកនាំវៀតណាម ជនជាតិភាគតិច Degar (ដេកា) ឬម៉ុងតាញ៉ា (វៀតណាមសេរី) ដោយយល់ព្រមកាត់ខេត្តចំនួន៤ ទៅឲ្យភាគីវៀតណាម ពេលបក្សខ្លួន «គណបក្សសង្គ្រោះជាតិ» ឈ្នះឆ្នោតនោះ បានធ្វើឲ្យគ្រប់មជ្ឈដ្ឋានទូទៅបញ្ចេញប្រតិកម្មខ្លាំងៗ និងចេញញត្តិថ្កោលទោស ចំពោះទង្វើក្បត់ជាតិសាសន៍ខ្លួនឯងរបស់ទណ្ឌិត សម រង្ស៊ី ដោយមិនអាចទទួលយកបាននោះទេ។
លោកបន្តថា មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ ជាពិសេសប្រជាពលរដ្ឋ មិនអាចនៅសុខបានឡើយ ដែលទណ្ឌិត សម រង្ស៊ី សន្យាកាត់ខេត្តចំនួន៤ (មណ្ឌលគិរី, រតនគិរី, ក្រចេះ និងស្ទឹងត្រែង) ទៅឲ្យមេដឹកនាំវៀតណាមសេរី ទើបមានការប្រកាសថ្កោលទោសខ្លាំងៗបំផុត ចំពោះទង្វើក្បត់ជាតិ ក្បត់ប្រជាពលរដ្ឋរបស់ខ្លួនយ៉ាងដូច្នេះ ក្រោមការចោទប្រកាន់ពីបទ «ក្បត់ជាតិ» ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសម្ងាត់កាត់ទឹកដីកម្ពុជា ទៅឱ្យជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ា។
ជាមួយគ្នានោះទៀត លោកអភិបាលទាំង៣ខណ្ឌ បានលើកឡើងនៅចំពោះកងទ័ពថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសជាជំហរដាច់ណាត់ថា គ្មានការចរចាណាមួយជាមួយទណ្ឌិត សម រង្ស៊ី ដើម្បីឲ្យបន្តដង្ហើមអតីតបក្សប្រឆាំង និងបន្តជីវិតនយោបាយរបស់អតីតមេដឹកនាំ «គណបក្សសង្គ្រោះជាតិ» ដែលតុលការកំពូលកាត់ក្ដីរំលាយចោល តាមផ្លូវច្បាប់នោះឡើយ ជាពិសេសស លទ្ធភាពនៃការចរចាជាមួយទណ្ឌិត សម រង្ស៊ី សម្ដេចថា មិនអាចកើតមាន និងធ្វើទៅបានឡើយ ដោយសារតែទណ្ឌិត សម រង្ស៊ី តែងតែបានធ្វើសកម្មភាពវាយប្រហារសម្តេច ដូចជាការដុតរូបនៅប្រទេសអូស្ត្រាលី និងបណ្តាប្រទេសនានា និងសារឲ្យកងទ័ពបង្វែរចុងអាវុធរករាជរដ្ឋាភិបាលជាដើម។
អំណោយរួមមាន៖
-ថវិកា១៥.៦០០ ដុល្លារ
-មី៧០កេះ
-ស្រាបៀរ៣០កេះ
-ទឹកស៊ីអ៊ីវ៣០យួរ៕