(ភ្នំពេញ)៖ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) ទទួលបានជំនួយថវិកាជាង១១ម៉ឺនដុល្លារ ពីអង្គការដោះមីនជប៉ុន (JMAS) ដែលជាអំណោយរបស់ក្រុមហ៊ុនគ្រឿងចក្រជប៉ុន Komatsu សំរាប់គាំទ្រការអភិវឌ្ឍន៍សហគមន៍ក្រោយបោសសំអាតគ្រាប់មីនរួច។
ពិធីចុះហត្ថលេខាទទួលជំនួយនេះ រៀបចំឡើងនៅថ្ងៃ១២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ នៅទីបញ្ជាការដ្ឋានស៊ីម៉ាក់ភ្នំពេញ។
លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ថា «នេះជាគំរោងគាំទ្រដល់សហគមន៍មូលដ្ឋាន និងជនពិការដោយសារមីន។ អង្គភាពស៊ីម៉ាក់ចេញពីសាលាធ្វើ មិនចេញពីសាលាឈរមើល សាលាចេះតែថា និងសាលាស្រមៃទេ នេះជាការអនុវត្តគោលនយោបាយរាជរដ្ឋាភិបាល ក្នុងការបំរើ ការពារ និងអភិវឌ្ឍន៍ ជូនប្រជាពលរដ្ឋដោយគ្មានងាករេឡើយ»។
ជំនួយដែលទទួលបាននេះនឹងត្រូវយកទៅជួយដល់សហគមន៍មូលដ្ឋាន និងជនពិការដោយសារមីននៅក្នុងស្រុក២ គឺស្រុករតនមណ្ឌល ខេត្តបាត់ដំបង និងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
សូមជម្រាបថា នៅឆ្នាំ២០១៨នេះ ស៊ីម៉ាក់មានផែនការបោសសំអាតផ្ទៃដីចំការមីន ឲ្យបាន១២០គីឡូម៉ែត្រការ៉េ ត្រូវការជំនួយប្រមាណ១៨លានដុល្លារអាមេរិក៕