(ភ្នំពេញ)៖ ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាក្រុមការងារ រៀបចំ កែលម្អ និងដោះស្រាយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមីនានេះ នាទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូនក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ, លោក សាំ ពិសិដ្ឋ សមាជិកគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ ផ្លូវគោក និងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានថ្លែងថា មូលហេតុដែលបណ្ដាលឲ្យមានការកកស្ទះ នៅរាជធានីភ្នំពេញ គឺមានចំនួន៧ចំណុចធំៗ។
លោកថ្លែងថា «មូលហេតុសំខាន់ៗទាំងនោះរួមមាន គឺទី១-ការចូលរួមគោរពច្បាប់ចរាចរណ៍, ទី២-ការខ្វះខាតប្រព័ន្ធដឹកជញ្ជូនសាធារណៈ, ទី៣-កង្វះខាតនូវការកសាងហេដ្ឋារចនាសម្ព័ន្ធ, ទី៤- ខ្វះខាតនូវការគ្រប់គ្រង និងប្រើប្រាស់ចំណីផ្លូវ, ទី៥-កង្វះខាតចំណតរថយន្ដ, ទី៦- ម៉ោងធ្វើការនៅទីក្រុងភ្នំពេញ គឺចេញ និងចូលម៉ោងដូចគ្នាទាំងអស់ ទាំងរដ្ឋ និងឯកជន, និងទី៧- គឺរថយន្ដធុនធំៗចេញចូល ក្នុងរាធានីភ្នំពេញ» ។
លោកបានបញ្ជាក់ថា «បើតាមការឲ្យដឹង ក្នុងពេលដែលប្រទេសកំពុងតែអភិវឌ្ឍ ប្រទេសណាក៏ដោយ គឺមានការលំបាកនៃការរៀបចំ និងកកស្ទះចរាចរណ៍ដែរ យើងមានលុយតិចយើងធ្វើផ្លូវ សម្រាប់តែទឹកលុយយើង តែបែបជារថយន្ដុធុនធំ ៥០-៦០តោនបើកមក ខូចផ្លូវយើងអស់ នេះហើយ ដែលជាបញ្ហា ដូច្នេះយើងត្រូវរកវិធានការដោះស្រាយណា ដែលមានលក្ខណៈល្អប្រសើរ ។ជាមួយគ្នានេះដែរ ផ្លូវថ្នល់យើងក្នុងរាជធានីភ្នំពេញ មាន ១,៨៨៣គីឡូម៉ែត្រ ក្នុងនោះ២១% អត់ទាន់មានផ្លូវកៅស៊ូ និងផ្លូវបេតុងទេ មានន័យថា ផ្លូវយើងនៅខ្វះ ៤០០គីឡូម៉ែត្រទៀត ពិសេស ផ្លូវនៅជាយក្រុងឆ្ងាយៗដែលមិនសូវមានប្រជាពលរដ្ឋរស់នៅ» ។
លោកបន្ដថា ចំពោះផ្លាកសញ្ញាចរាចរណ៍ មានជិត១៥,០០០ផ្លាកហើយ មិនមានបញ្ហាអ្វីទេ អ្វីដែលជាបញ្ហាចោទនោះ គឺរថយន្ដដឹកជញ្ជូនសាធារណៈ មិនទាន់គ្រប់គ្រាន់ទេ ដែលសម្រាប់ឲ្យប្រជាពលរដ្ឋធ្វើដំណើរ ពិសេសដើម្បីកាត់បន្ថយពីការប្រើរថយន្ដផ្ទាល់ខ្លួន មកជិះរថយន្ដក្រុង ឧទាហរណ៍ បើមនុស្ស៥០នាក់ជិះលើរថយន្ដតែ១វាមិនស្ទះទេ តែបើមនុស្ស៥០នាក់នោះ មកជិះរថយន្ដ៥០គ្រឿងនោះនឹងបង្កការកកស្ទះជាក់ជាមិនខាន ៕