(ភ្នំពេញ)៖ លំហាត់សមយុទ្ធរវាងកងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន ដែលបានធ្វើរួមគ្នារយៈពេលប្រមាណជាកន្លះខែ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ស្អែកនេះហើយ។ ពិធីបិទនឹងត្រូវធ្វើឡើងក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកឧត្តមសេនីយ៍ឯក ចូវ សុងហឺរ (Zhou Songhe) មេបញ្ជាការរងកងទ័ពជើងគោកនៃកងទ័ពរំដោះប្រជាជនចិន។
លំហាត់សមយុទ្ធរវាងកងទ័ពកម្ពុជា-ចិន ដែលមានឈ្មោះថា «សមយុទ្ធនាគមាសឆ្នាំ២០១៨» ត្រូវបានធ្វើពិធីបើកកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨កន្លងទៅនេះ នៅតំបន់ភ្នំធំម្រះព្រៅ ក្នុងភូមិថ្លុកដូនស ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីកងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិនសរុបជាង ៥០០នាក់។
លំហាត់សមយុទ្ធនាគមាសឆ្នាំ២០១៨រវាងកងទ័ពកម្ពុជា-ចិន ត្រូវបានធ្វើឡើងដើម្បីអបអរសាទរខួប៦០ឆ្នាំនៃទំនាក់ទំនងកម្ពុជា-ចិន ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៥៨។ លំហាត់សមយុទ្ធនេះ បានធ្វើឡើងក្រោមប្រធានបទ «រួមគ្នាប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌» ដោយផ្តោតលើសកម្មភាពប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ការដោះមីន និងការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ធ្លាប់បានគូសបញ្ជាក់នៅក្នុងថ្ងៃបើកលំហាត់សមយុទ្ធថា ការធ្វើសមយុទ្ធនេះបែងចែកជា២ផ្នែក គឺលំហាត់ទីបញ្ជាការ និងលំហាត់លើទីលាន។ លំហាត់នេះរួមមានការធ្វើសកម្មភាពវាយបំបែកជំរុំភេរវករដោយប្រើរថក្រោះ រថពាសដែក គាំទ្រដោយកម្លាំងថ្មើរជើង ហើយបន្ទាប់មកមានការរំដោះចំណាប់ខ្មាំង ដោយប្រើឧទ្ធម្ភាគចក្រ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសបញ្ជាក់ថា លំហាត់សមយុទ្ធនេះ ក្រៅពីការរឹតចំណងមិត្តភាពរវាងកងទ័ពកម្ពុជា-ចិនហើយនោះ ក៏បានរួមចំណែកជួយពង្រឹងសមត្ថភាពកងទ័ពកម្ពុជាលើសកម្មភាពប្រយុទ្ធប្រឆាំងអំពើភេរវកម្មផងដែរ។
លំហាត់សមយុទ្ធនាគមាសឆ្នាំ២០១៨ ភាគីចិនបាននាំយកមកនូវឧទ្ធម្ភាគចក្រចំនួន ៣គ្រឿង រថពាសដែក (ស្កុត) រួមនឹងយុទ្ធោបករណ៍មានកាំភ្លើង និងអាវុធជាច្រើនប្រភេទទៀត។ ក្នុងលំហាត់សមយុទ្ធនេះមានការបាញ់គ្រាប់ពិតប្រមាណ ១៨,០០០គ្រាប់។
ក្នុងពិធីបិទសមយុទ្ធនៅថ្ងៃស្អែក កងទ័ពកម្ពុជា-ចិន នឹងរួមគ្នាបង្ហាញឈុតឆាកនៃការធ្វើសមយុទ្ធមួយចំនួនផងដែរដូចជា ការប្រើយន្តហោះគ្មានមនុស្សបើក (Drone) ចូលស៉ើបការណ៍ភូមិសាស្ត្រ, ការប្រើឧទ្ធម្ភាគចក្របាញ់កម្ទេចជំរុំភេរវករ, ការប្រើកាំភ្លើងធំបាញ់កម្ទេចជំរុំភេរវករ, រថពាសដែកចល័តវាយកម្ទេចជំរុំភេរវករ, ការរំដោះចំណាប់ខ្មាំងដោយប្រើប្រាស់ទ័ពពិសេសចុះពីឧទ្ធម្ភាគចក្រ, ការបង្ហាញក្បាច់គុណកងយោធពលខេមរភូមិន្ទ, ការលោតឆ័ត្រអបអរសាទរលំហាត់នាគមាសឆ្នាំ២០១៨ និងការប្រើឧទ្ធម្ភាគចក្រដង្ហែទង់នៃប្រទេសកម្ពុជា-ចិនជាដើម។
សូមបញ្ជាក់ថា កងទ័ពកម្ពុជា-ចិន កាលពីឆ្នាំ២០១៦ ក៏ធ្លាប់បានធ្វើសមយុទ្ធរួមគ្នាម្តងផងដែរ តែមិនមានទ្រង់ទ្រាយធំដូចឆ្នាំ២០១៨នេះទេ៕