(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងឲ្យដឹងថា សម្រាប់ឆ្នាំ២០១៧ លំហូទុនវិនិយោគផ្ទាល់ពីក្រៅប្រទេសមកកម្ពុជា មានរង្វង់២៥០០លានដុល្លារ ខណៈឆ្នាំ២០១៨ នឹងកើនឡើងប្រមាណ៣០០០លានដុល្លារ។
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨នេះ ក្រសួងសេដ្ឋកិច្ច បានរៀបចំវេទិកាសាធារណៈក្រោមប្រធានបទ «សេដ្ឋកិច្ចកម្ពុជា៖ សមិទ្ធកម្ម និងទស្សនវិស័យ» ក្រោមវត្តមានលោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមតំណាងគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ, ដៃគូអភិវឌ្ឍន៍, សង្គមស៊ីវិល, ស្ថាប័នស្រាវជ្រាវ, គ្រឹះស្ថានឧត្តមសិក្សា, វិស័យឯកជន, បណ្តាញសារព័ត៌មាន និងអ្នកសារព័ត៌មាន ព្រមទាំងអ្នកសិក្សាស្រាវជ្រាវ, និស្សិត និងយុវជនជាច្រើននាក់។
លោក វង្ស៊ី វិស្សុត បានបញ្ជាក់ថា «អតិផរណានៅតែស្ថិតក្នុងកម្រិតទាប ក្នុងខណៈដែលអត្រាប្តូរប្រាក់នៅបន្តមានស្ថេរភាពយ៉ាងល្អ។ លើសពីនេះទៀត លំហូទុនវិនិយោគផ្ទាល់ពីក្រៅប្រទេស ដែលបានកត់ត្រា នៅក្នុងជញ្ជីងទូទាត់ ក៏មានសន្ទះកំណើនល្អ ក្នុងរង្វង់ពី១៦% ទៅ ១៧% ក្នុងមួយឆ្នាំផងដែរ ពោលគឺក្នុងរង្វង់២៥០០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៧ និងអាចឡើងដល់ប្រមាណ ៣០០០ លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៨»។
ជាមួយគ្នានេះ ទំហំទឹកប្រាក់នៃការផ្ញើលុយរបស់ពលករពីក្រៅប្រទេស ក៏កាន់តែមានទំហំធំ ពោលគឺក្នុងរង្វង់៥៦០លានដុល្លារអាមេរិក ក្នុងឆ្នាំនេះ និងប្រមាណជាង៦០០ លានដុល្លារអាមេរិកនៅឆ្នាំក្រោយ។ ប្រការនេះបានធ្វើឱ្យជញ្ជីងទូទាត់មានភាពវិជ្ជមាន ក្នុងខណៈដែលទុនបម្រុងអន្តរជាតិអាចទ្រទ្រង់ការនាំចូល រហូតទៅដល់៦ខែកន្លះឯណោះ ធៀបនឹងរយៈកាលកន្លងទៅ ដែលទុនបម្រុងអន្តរជាតិរបស់យើង អាចទ្រទ្រង់ការនាំចូលបានត្រឹមតែប្រមាណចជាង ៣ខែប៉ុណ្ណោះ។ ទន្ទឹមនឹងនេះស្ថានភាពហិរញ្ញវត្ថុសាធារណៈរបស់ប្រទេស ក៏មានភាពល្អប្រសើរផងដែរ។ នេះជាការបញ្ជាក់បន្ថែមពីលោក វង្ស៊ី វិស្សុត។
រដ្ឋលេខាធិការរូបនេះ បានលើកឡើងផងដែរថា ចំណូលថវិកាជាតិក៏នៅតែរឹងមាំ ពោលគឺយើងនឹងអាចសម្រេចបាននូវការគៀរគរចំណូលទៅតាមគោលដៅដែលបានដាក់ចេញ បើផ្អែកទៅលើស្ថានភាព នៃចំណូលនៅក្នុងរយៈពេលពីរខែដើមឆ្នាំនេះ។ ដោយឡែក ក្នុងផ្នែកចំណាយវិញ យើងក៏មានការគិតគូរយ៉ាងខ្លាំង ទៅដល់ការគ្រប់គ្រងប្រសិទ្ធភាពនៃចំណាយ ទាំងការបែងចែក និងទាំងប្រតិបត្តិការចំណាយជាក់ស្តែង។ ប្រការនេះបានជួយធ្វើឱ្យសេដ្ឋកិច្ចរបស់កម្ពុជាកាន់តែមានរឹងមាំ និងមាំមួន ទោះបើត្រូវជួបប្រទះនូវហានិភ័យ និងបញ្ហាប្រឈមមួយចំនួនក្តី៕