(ភ្នំពេញ)៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨នេះ បានថ្លែងថា ទោះបីជាក្រុមណាក៏ដោយ ឱ្យតែស្ថិតនៅក្នុង ក្រុមក្បត់ជាតិ គឺគណបក្សកាន់អំណាចមិនអាចចរចាដូចគ្នា។ លោកបានលើកឡើងថា ក្រុម សម រង្ស៊ី និងក្រុម កឹម សុខា គឺជាក្រុមក្បត់ជាតិដូចគ្នា។
ការលើកឡើងរបស់អ្នកនាំពាក្យគណបក្សកាន់អំណាច បានធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី មេចលនាសង្រ្គោះជាតិ បានលើកឡើងតាមបណ្តាញសង្គម Twitter ដោយទទូចឱ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជន ចរចាជាមួយក្រុមលោក កឹម សុខា បើសិនជាសម្តេចមិនចង់ ចរចាជាមួយលោក។
លោក សុខ ឥសាន បានលើកឡើងថា ការចរចានៅពេលនេះ គឺហួសពេលហើយ ដូចដែលសម្តេចតេជោ ហ៊ុន សែន បានលើកឡើងកន្លងមកថា អតីតបក្សប្រឆាំងបានដើរហួសគំនូសក្រហម។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីជំហរដាច់ណាត់របស់ខ្លួនថា សម្តេចនឹងមិនចរចាជាមួយទណ្ឌិត សម រង្ស៊ី ដើម្បីបន្តដង្ហើមអតីតបក្សសង្គ្រោះជាតិ និងបន្តជីវិតនយោបាយរបស់អតីតមេដឹកនាំបក្សប្រឆាំង ១១៨រូបដែលតុលការកាត់សិទ្ធិនយោបាយនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា លទ្ធភាពនៃការចរចាជាមួយទណ្ឌិត សម រង្ស៊ី មិនអាចកើតមាននោះឡើយ។ លទ្ធភាពនៃការចរចាមិនអាចធ្វើទៅបាន ដោយសារតែទណ្ឌិត សម រង្ស៊ី តែងបានធ្វើសកម្មភាពវាយប្រហារសម្តេច ដូចជាការដុតរូបនៅប្រទេសអូស្ត្រាលី និងបណ្តាប្រទេសនានា និងសារឲ្យកងទ័ពបង្វែរ ចុងអាវុធរករាជរដ្ឋាភិបាលជាដើម៕