(ភ្នំពេញ)៖ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨នេះ បានបញ្ជាឲ្យកម្លាំងនគរបាលទូទាំងប្រទេស និងនិយាយឡែក​កម្លាំងនគរបាលក្នុងរាជធានីភ្នំពេញទាំងអស់ ត្រូវពង្រឹងការបង្ក្រាបបទល្មើសឆក់​ ឲ្យកាន់តែសកម្មថែមទៀត ព្រោះថាមួយរយៈពេលចុងក្រោយនេះ បទល្មើសឆក់ហាក់កំពុងកើនឡើងគួរឲ្យព្រួយបារម្ភ។

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងផ្សព្វផ្សាយទិសដៅបន្ដ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ អគ្គស្នងការ ក៏បានបញ្ជាឲ្យបង្កើននូវកម្លាំងអន្ដរាគមន៍មួយបន្ថែមទៀត សម្រាប់ជួយពអន្ដរាគមន៍តាមកន្លែងផ្សេងៗ ដែលមានការកកស្ទះចរាចរណ៍ ដោយកាត់បន្ថយកម្លាំងដែលនៅឈរជើងតាមគោលដៅ។

នាយឧត្តមសេនីយ៍ នេត សាវឿន បានថ្លែងយ៉ាងដូច្នេះថា «សូមឲ្យគ្រប់ជំនាញគ្រប់ខណ្ឌ-ស្រុក ត្រូវតែមានផែនការមួយជាក់លាក់ ត្រូវមានការដឹកនាំដ៏ម៉ត់ចត់ពីគណៈបញ្ជាការ​ឯកភាព នគរបាលធ្វើសេនាធិការ សហការជាមួយកម្លាំងពាក់ព័ន្ធ។ តើត្រូវបង្ការ​មិច ត្រូវទប់ស្កាត់យ៉ាងមិច? [...] លូវអស់ពីប្លន់អីធំដំ កើនលួចកើនឆក់ ​នេះដែលយើងត្រូវរួមគ្នាធ្វើឲ្យបាន»

អគ្គស្នងការនគរបាលជាតិបញ្ជាក់ថា លោកបានបញ្ជាឲ្យថ្នាក់ដឹកនាំកម្លាំងនគរបាលរាជធានីភ្នំពេញ ចងក្របនូវមុខសញ្ញា បូកសរុបករណីចាស់ថ្មី ដើម្បីដំណើរការស្រាវជ្រាវករណីដែលបានកើតឡើងកន្លងទៅ ធ្វើឲ្យបាត់បង់សម្ភារៈ និងប៉ះពាល់ដល់រូបរាងកាយរបស់ប្រជាពលរដ្ឋ ដែលការងារនេះយើងត្រូវតែដោះស្រាយឲ្យបាន។

ជាមួយគ្នានោះ ​នាយឧត្តមសេនីយ៍ នេត សាវឿន​ ក៏បានបញ្ជាក់ដែរថា បញ្ហាប្រឈមមួយទៀត គឺរឿងកកស្ទះចរាចរណ៍នៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញ ដែលត្រូវដកកម្លាំងដែលឈរជើងនៅតាមគោលដៅ បង្កើតនូវកម្លាំងអន្ដរាគមន៍មួយ ដើម្បីចុះដោះស្រាយភ្លាមៗនៅទីកន្លែងដែលមានការកកស្ទះចរាចរណ៍។

នាយឧត្តមសេនីយ៍ បានបញ្ជាក់យ៉ាងដូច្នេះថា «តាមយោបល់របស់ខ្ញុំត្រូវមានទិសដៅធ្វើផែនទី ដកកម្លាំងឈរជើងខ្លះ ទុកកម្លាំងតិច គិតម៉ោងពេលដែលស្ទះ ហើយត្រូវត្រៀមកម្លាំងចល័ត មានកន្លែងកកស្ទះទៅដោះកន្លែងនោះ [...] ទីមួយត្រូវពង្រាយកម្លាំងតាមដងផ្លូវ ហើយទីពីរ ត្រូវពង្រាយគោលដៅអន្ដរាគមន៍ គឺថយមនុស្សតាមភ្លើងស្ដុប តែទុកមនុស្សចល័ត»

ទន្ទឹមនឹងដំណោះស្រាយថ្មីនេះ អគ្គស្នងការនគរបាលជាតិ ក៏បានប្រាប់ឲ្យកម្លាំងនគរបាលមូលដ្ឋានទាំងអស់ ត្រូវជួយដល់កម្លាំងអន្ដរាគមន៍ចល័ត នៅពេលកកស្ទះចរាចរណ៍ ជាមួយនឹងភាគីពាក់ព័ន្ធ។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ​ក៏បានគូសបញ្ជាក់បញ្ហាមួយទៀត គឺឲ្យកម្លាំងនគរបាលត្រូវរំដោះចញ្ចើមផ្លូវចេញពីប្រជាពលរដ្ឋឲ្យខាងតែបាន ព្រោះបច្ចុប្បន្ននេះ ប្រជាពលរដ្ឋកំពុងតែប្រើប្រាស់ចញ្ចើមផ្លូវដើម្បីជាប្រយោជន៍ផ្ទាល់ ដែលជាហេតុនាំឲ្យកើនឡើងនូវការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ជាដើម៕