(កំពង់ឆ្នាំង)៖ នាយឧត្តមសេនីយ៍ មាស សុភា មេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ បានសម្ពោធអគារទីបញ្ជាការ១ខ្នងកម្ពស់២ជាន់ ដែលជាអំណោយរបស់គណបក្សយោធាខេត្ត និងប្រជាជនខេត្តប៊ិញធិន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅអង្គភាពតំបន់ប្រតិបត្តិការសឹករង យោធភូមិភាគពិសេសខេត្តកំពង់ឆ្នាំង។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក លឿង វ៉ាន់ហាយ សមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្ត និងជាអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តប៊ិញធិន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម, ឧត្តមសេនីយ៍ឯក ព្រំ ឌិន មេបញ្ជាការរងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាកាយោធភូមិភាគពិសេស, លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង, វរសេនីយ៍ឯកពិសេស ង្វៀន អាញ់យុង ប្រធានការិយាល័យអនុព័ន្ធយោធាវៀតណាមប្រចាំកម្ពុជា និងលោកវរសេនីយ៍ឯក ផាន កុងងន មេបញ្ជាការយោធាខេត្តប៊ិញធិនវៀតណាម។
ឧត្តមសេនីយ៍ត្រី មេបញ្ជាការតំបន់ប្រតិបត្តិកាសឹករងខេត្តកំពង់ឆ្នាំង បានថ្លែងថា អាគារទីបញ្ជាការ១ខ្នង ដែលមានកម្ពស់២ជាន់ មាន១២បន្ទប់ ដែលត្រូវដាក់សម្ភោធ ឲ្យប្រើប្រាស់ជាផ្លូវការនៅពេលនេះ ស្របពេលដែលថ្នាក់ដឹកនាំ នាយទាហាន ពលទាហាន គ្រប់បណ្តាកងឯកភាពចំណុះឲ្យបញ្ជាការកងទ័ពជើងគោក និងប្រជាជនកម្ពុជានៅទូរទាំងប្រទេស កំពុងត្រៀមលក្ខណៈសម្បត្តិចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ឈានចូលឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ដែលនឹងចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខ និងដើម្បីចូលរួមអបអរខួបអនុស្សាវរីយ៍លើកទី៥០ឆ្នាំ នៃចំណងទាក់ទងរវាងវៀតណាម-កម្ពុជាផងដែរ។
ការសាងសងអគារនេះប្រើប្រាស់ពេលវេលាសាងសង់ចំនួន១៨ខែ ដោយចាប់ដំណើការចាប់តាំងពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ នឹងបញ្ចប់នៅក្នុងសប្តាហ៍ទី៤ ខែមករាឆ្នាំ២០១៨ ចំណាយអស់ទឹកប្រាក់សរុប ៤ពាន់លានដុង គឺជាអំណោយរបស់យោធាខេត្ត ប៊ិញធិន វៀតណាម។
លោក លឿង វ៉ាន់ហាយ បានបន្តថា វៀតណាម និងកម្ពុជា គឺជាបងប្អូនដែលមានប្រវត្តិតស៊ូជួយគ្នាទៅវិញទៅមករួមគ្នាតាំងពីយូរលង់ ហើយក្នុងការរំដោះប្រទេសជាតិ ពីនឹមអាណានិគមនបរទេស ហើយប្រពៃណីនេះ នៅតែស្ថិតស្ថេររហូតមកដល់ពេលបច្ចុប្បន្ននេះ៕