(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានទទួលជួបឧត្តមសេនីយ៍ឯក Zhou Songhe មេបញ្ជាការរងកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន ដើម្បីពិភាក្សាការងារមួយចំនួន មុនពេលបិទសមយុទ្ធនាគមាស។
ការជួបពិភាក្សាការងារនេះ បានធ្វើឡើងនៅ បញ្ជាការដ្ឋានកងទ័ពជើងគោក ក្រុងភ្នំពេញ ស្របពេលឧត្តមសេនីយ៍ឯក Zhou Songhe បានមកបំពេញដំណើទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅកម្ពុជា ដើម្បីចូលរួមក្នុងពិធីបិទលំហាត់សមយុទ្ធនាគមាស២០១៨ ឡើងនៅក្នុងភូមិសាស្ដ្រតំបន់ភ្នំធំម្រះព្រៅ ក្នុងភូមិថ្លុកដូនស ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ស្អែកនេះ។
សូមជម្រាបជូនថា កម្ពុជា-ចិន បានធ្វើសមយុទ្ធទ្រង់ទ្រាយធំមួយឈ្មោះ «លំហាត់នាគមាសឆ្នាំ២០១៨» រយៈពេល២សប្តាហ៍ នៅក្នុងខែមីនា ឆ្នាំ២០១៨នេះ ដើម្បីអបអរខួបលើកទី៦០ឆ្នាំ ទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា-ចិន ភាគីទាំងពីរ។
ប្រធានបទលំហាត់រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន គឺបេសកម្មប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌ នៃកងទ័ពទាំងពីរកម្ពុជា-ចិន ហើយលំហាត់នេះរៀបចំក្នុងរូបភាពកងពលតូច និងអនុវត្តជាក់ស្តែង កម្រិតថ្នាក់វរសេនាតូច ដោយបែងចែកជាពីរ គឺលំហាត់ទីបញ្ជាការនឹងលំហាត់លើទីលាន ចំពោះកម្លាំងចូលរួមក្នុងលំហាត់នេះភាគីកម្ពុជា មានចំនួន២៨០នាក់ ភាគីចិនមានចំនួន១៩០នាក់៕