Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សភាពាណិជ្ជកម្មអាមេរិក និងNEA កម្ពុជា រៀបចំសិក្ខាសាលាមួយ «Boot Camp Workshop» បើកឱកាសឱ្យសិស្ស-និស្សិតយល់ដឹងពីអាជីពការងារ

28-03-2018 17:10

(ភ្នំពេញ)៖ សភាពាណិជ្ជកម្មសហរដ្ឋអាមេរិក(Amcham) និងទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នឹងរៀបចំសិក្ខាសាលាមួយឈ្មោះថា «Boot Camp Workshop» នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ ខាងមុខនេះ នៅទីភ្នាក់ងារជាតិមុខរបរ និងការងារ ក្រោមអធិបតីភាពលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ កម្មវិធីនេះនឹងមានការចូលរួមពី តំណាងសភាពាណិជ្ជកម្មអាមេរិក ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា សិស្ស និស្សិត មកពីបណ្តាសកលវិទ្យាល័យ និងវិទ្យាល័យប្រមាណ ៥០០នាក់ផងដែរ។

បើតាមគណៈកម្មការរៀបចំសិក្ខាសាលានេះ បានឲ្យដឹងថា សិក្ខាសាលា នឹងផ្តល់ឱកាសដល់សិស្ស និស្សិត ជួបជាមួយនឹងអ្នកជំនាញខាងប្រឹក្សាយោបល់ពីអាជីពការងារ ដើម្បីស្វែងយល់អំពីព័ត៌មានទីផ្សារការងារ និងតម្រូវការកម្លាំងពលកម្មនៅកម្ពុជា សម្រាប់ការរៀបចំផែនការអាជីព និងការត្រៀមខ្លួនចូលក្នុងទីផ្សារការងារ។

លើសពីនេះសិក្ខាសាលានេះ ក៏នឹងផ្តល់ឱកាសដល់សិស្ស និស្សិត ជួបជាមួយនិយោជកផ្ទាល់ ដើម្បីទទួលបានព័ត៌មានអំពីតម្រូវការការងារ និងទទួលបានឱកាសធ្វើទស្សនកិច្ចសិក្សា នៅក្រុមហ៊ុនដែលជាសមាជិករបស់ Amcham ផងដែរ។ ជាមួយគ្នានេះដែរ សម្រាប់សិស្ស និស្សិត ដែលចូលរួមស្តាប់ការណែនាំ និងប្រឹក្សាយោបល់ដោយអ្នកជំនាញ នឹងទទួលបានព័ត៌មានអំពី ឱកាសការងារ ព័ត៌មានទីផ្សារការងារ និងការរៀបចំខ្លួនដើម្បីចូលក្នុងទីផ្សារការងារ នៅតាម Boot Camp នីមួយៗ។

ក្នុងសិក្ខាសាលា រយៈពេលមួយថ្ងៃពេញនេះ នឹងមានការតាំងបង្ហាញបញ្ជរពីបណ្តាក្រុមហ៊ុន និងគ្រឹះស្ថានអប់រំឯកជនចំនួន ៩បញ្ជរ ព្រមជាមួយបញ្ជររបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាផងដែរ៕