(ភ្នំពេញ)៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្តេជ្ញាចិត្តធ្វើឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ខាងមុខនេះ ដំណើរការកាន់តែល្អបន្ថែមទៀត។ នេះបើតាមការសេចក្តីប្រកាសរបស់ គ.ជ.ប ក្រោយពីបញ្ចប់កិច្ចពិភាក្សាការងាររវាងប្រធានគ.ជ.ប ជាមួយសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨នេះ។
ការធ្វើការប្តេជ្ញានេះ បានធ្វើឡើងបន្ទាប់ លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបានធ្វើរបាយការណ៍ជូន គ.ជ.ប ថា «សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលបានចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយយល់ឃើញថា ការបោះឆ្នោតកន្លង ទៅប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា ស្ងប់ស្អាត់ មានសណ្តាប់ធ្នាប់ល្អ និងស្ថិតនៅក្នុងបរិយាកាសនយោបាយប្រជាធិបតេយ្យ សេរី ពហុបក្ស»។
សូមបញ្ជាក់ថា សមាគមនេះ ក៏បានត្រៀមខ្លួនក្រុមការងារពី ២៥០នាក់ ទៅ៥០០នាក់ ដែលជាសាស្ត្រាចារ្យ បញ្ញវន្ត គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ដើម្បីចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលនឹងប្រព្រឹត្ត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះផងដែរ។
សម្រាប់ព័ត៌មានលម្អិតសូមអានខ្លឹមសារទាំងស្រុង នៃសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដូចខាងក្រោម៖