(សៀមរាប)៖ តាមរបាយការណ៍ របស់លេខាធិការដ្ឋានក្រុមការងារសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងពីការចុះពិនិត្យសំណង់នាឆ្នាំ២០១៧នេះថា ខ្លួនបានអនុញ្ញាតឱ្យសាងសង់ និងជួសជុលគេហដ្ឋាន និងសំណង់ខ្នាតតូចបានចំនួន៤៧៥ករណី លើគោលដៅចំនួន៥ គឺស្រុកប្រាសាទបាគង ៦៨ករណី ស្រុកអង្គរធំ ៧ករណី ស្រុកពួក១០១ករណី ក្រុងសៀមរាប២២០ករណី និងស្រុកបន្ទាយស្រី៧៩ករណី។
របាយការណ៍នេះ ត្រូវបានបង្ហាញឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ នៃក្រុមការងារសហគមន៍ អាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ ក្រោមវត្តមានលោក ស៉ំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា។
លោក ស៊ុំ ម៉ាប់ បានឱ្យដឹងថា ភារកិច្ចសំខាន់របស់ក្រុមការងារសហគមន៍ ត្រូវផ្តោតសំខាន់លើការយកចិត្តទុកខ្ពស់ ចំពោះសហគមន៍ប្រជាពលរដ្ឋក្នុងតំបន់អង្គរ តាមរយៈការចុះសួរសុខទុក្ខ ការផ្សព្វផ្សាយអំពីគុណតម្លៃអង្គរ សិទ្ធិអាទិភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់ សកម្មភាពមនុស្សធម៌ ការលើកស្ទួយជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងការអប់រំចំណេះដឹងទូទៅ អនាម័យ បរិស្ថានជាដើម ពិសេសដោះស្រាយសំណើផ្សេងៗទាក់ទងនឹងការសុំសាងសង់ ឬជួសជុលតូចធំ ដែលកំពុងប្រឈមខ្លាំងក្នុងតំបន់អង្គរ។
លោកក៏បានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារទាំងអស់ ដើម្បីតម្លៃនៃអង្គរ និងជំរុញឲ្យក្រុមការងារបន្តយកចិត្តទុកដាក់ និងអនុវត្តការងារឱ្យមានប្រសិទ្ធភាពខ្ពស់ ធ្វើយ៉ាងណាបំពេញបាននូវតម្រូវការរបស់ប្រជាពលរដ្ឋ ពិសេសក្រុមការងារត្រូវពន្លឿនការចុះពិនិត្យសំណើរបស់ប្រជាពលរដ្ឋដល់មូលដ្ឋាន និងត្រូវអនុញ្ញាតនៅនឹងកន្លែងក្នុងករណីចាំបាច់។
របាយការណ៍របស់សេនាធិការ នៃអាជ្ញាធរជាតិអប្សរាខាងលើ បានឱ្យដឹងបន្ថែមថា បើគិតពីស្ថិតិការអនុញ្ញាត និងសាងសង់តូចតាចរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៣-២០១៧ គឺក្រុមការងារសហគមន៍បានអនុញ្ញាតដល់ប្រជាពលរដ្ឋបាន ១,២០៤ករណីហើយ៕