(សៀមរាប)៖ លោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨នេះ បានដាស់តឿន ដល់សមាគមអ្នកកាន់សាសនាផ្សេងៗគ្នា នៅក្នុងខេត្តសៀមរាប ឲ្យចេះសាមគ្គីភាព ស្រឡាញ់រាប់អានគ្នា ចេះយោគយល់អធ្យាស្រ័យគ្នា គោរពគ្នាទៅវិញទៅមក ក្នុងចំណោមសមាគមសាសនាទាំងអស់ ដែលកំពុងគោរព និងប្រតិបត្តិនូវជំនឿសាសនារបស់ខ្លួន។
ការដាស់តឿនរបស់លោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម បានធ្វើឡើងក្នុងឱកាសលោក រួមជាមួយលោកស្រី សួស ណារ៉ា បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ថ្នាក់ដឹកនាំ មន្រ្តីរាជការ អាចារ្យ សមាគមគ្រីស្ទសាសនិក ឥស្លាមសាសនិក នៅទូទាំងខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីជាថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរដែនដី ប្រមាណជាង ៤៥០អង្គ/នាក់ នៅវត្តព្រះព្រហ្មរត័្ន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
ក្នុងឱកាសនោះផងដែរ លោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម ក៏បានផ្តល់នូវអនុសាសន៍មួយចំនួន ដល់ក្រុមសមាគមសាសនាដូចជា៖ ដោយឈរលើគោលការណ៍ នៃការអនុវត្តសិទ្ធិសេរីភាពខាងជំនឿ សាសនា ដែលយើចាត់ទុកថាជាគន្លឹះដ៏សំខាន់នាំទៅរកសេចក្តីសុខ ស្ថិរភាព និងវិបុលភាពក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច ក៏ដូចជាការពង្រឹងនូវគោលការណ៍វប្បធម៌សន្តិភាព និងសុខដុមរមនាក្នុងសង្គមកម្ពុជា។
* ត្រូវមានសាមគ្គីភាពផ្ទៃក្នុង នៅក្នុងមន្ទីរទាំងមូលបំពេញការងាដោយគោរពតាមឋានានុក្រម
* ត្រូវបន្តធ្វើការបណ្តុះបណ្តាល កសាងសមត្ថភាពធនធានមនុស្ស និងការអភិវឌ្ឍអង្គភាពរបស់ខ្លួន ថ្នាក់ខេត្ត ក្រុង ស្រុក ខ័ណ្ឌ ដើម្បីពង្រឹងរបៀបរបបការងារឲ្យកាន់តែមានប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់
* រៀបចំកែលម្អប្រព័ន្ធរដ្ឋបាល និងហិរញ្ញវត្ថុរបស់មន្ទីរឲ្យបានសមស្រប និងមានប្រសិទ្ធភាព
* រៀបចំឲ្យមានផែនការយុទ្ធសាស្រ្ត សម្រាប់ជាផែនការអភិវឌ្ឍរបស់មន្ទីរ ក្នុងរយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង
* ត្រូវមានទំនាក់ទំនង និងសហការល្អជាមួយព្រះមេគណទាំងពីរគណៈ មេដឹកនាំសាសនាផ្សេងៗគ្រប់ឋានានុក្រម និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសអាជ្ញាធរមូលដ្ឋានថ្នាក់ក្រោមជាតិ ដែលមានឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត ជាប្រមុខ។
ទន្ទឹមនឹងនេះលោកទេសរដ្ឋមន្រ្តី ក៏បានបញ្ជាក់ជូន អំពីគោលនយោបាយឈ្នះៗ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បាននាំមក ឲ្យប្រទេស និងប្រជាជនកម្ពុជា នូវសន្តិភាព ការអភិវឌ្ឍន៍គ្រប់វិស័យ និងសូមចងចាំថារាជរដ្ឋាភិបាលគោរពសិទ្ធិសេរីភាពខាងជំនឿ និងសាសនា លើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងបង្កលក្ខណៈសម្បត្តិល្អដល់សកម្មភាពនៃសាសនាផ្សេងៗ ទៀតដោយផ្អែក លើមូលដ្ឋានថែរក្សាសាមគ្គីរវាងប្រជាជន ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម ដោយរារាំងការរើសអើង និងការបែងចែកក្នុងសង្គម ដែលបណ្តាលមកពីភាពខុសគ្នាខាងជំនឿ និងសាសនា៕