(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានព្យាករណ៍ថា ទោះជាមានឥរិយាបទប្រុងប្រយ័ត្ន ពីសំណាក់វិនិយោគិនមួយចំនួន ក្នុងឆ្នាំ២០១៨ ដែលជាឆ្នាំបោះឆ្នោតក៏ដោយ ក៏វិស័យឧស្សាហកម្មនឹង មានសន្ទុះខ្លាំងជាងគេ ដោយរក្សាកំណើនរឹងមាំ ក្នុងអត្រាប្រចាំឆ្នាំរង្វង់១០% ក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ ដែលគាំទ្រដោយភាពរឹងមាំនៃវិស័យសំណង់ និងការបន្តកំណើន នៃវិស័យកាត់ដេរ ស្របនឹងសន្ទុះកំណើនខ្ពស់ នៃវិស័យកម្មន្តសាល មិនមែនកាត់ដេរសម្រាប់នាំចេញ និងបម្រើទីផ្សារក្នុងស្រុក ដើម្បីរក្សាកំណើនសេដ្ឋកិច្ចខ្ពស់របស់កម្ពុជា ក្នុងរង្វង់៧%ក្នុងមួយ នៅឆ្នាំ២០១៨ និងឆ្នាំ២០១៩។
នេះបើតាមរបាយការណ៍របស់ក្រសួង ដែលត្រូវបានបង្ហាញនៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨នេះ ក្នុងកម្មវិធី «សេដ្ឋកិច្ចកម្ពុជា៖ សមិទ្ធកម្ម និងទស្សនវិស័យ» ក្រោមអធិបតីភាពរបស់លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅទីស្តីការក្រសួង។
របាយកាណ៍បានឲ្យដឹងបន្តថា ការរីកចម្រើននៃវិស័យសំណង់ ជាមួយនឹងអត្រាកំណើនប្រមាណ ១៦.៧% ក្នុងឆ្នាំ២០១៨ និង១៦.៩% ក្នុងឆ្នាំ២០១៩ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈការបន្តងាកទៅរកប្រភេទគម្រោងសំណង់ថ្លៃទាប និងមធ្យម ដែលជួយប៉ះប៉ូវដល់កំណើនយឺតនៃប្រភេទសំណង់ថ្លៃខ្ពស់។ ភាពរឹងមាំនៃវិស័យនេះ ត្រូវបានបន្តគាំទ្រដោយការអនុវត្តគម្រោងអភិវឌ្ឍន៍សំនៅដ្ឋានសមរម្យ ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងភាពជឿជាក់ចំពោះការវិនិយោគ ដោយសារភាពរឹងមាំនៃកំណើនសេដ្ឋកិច្ចកម្ពុជា ទោះជាមានឥរិយាបទប្រុងប្រយ័ត្ន ពីសំណាក់វិនិយោគិនមួយចំនួនក្នុងឆ្នាំ២០១៨ ដែលជាឆ្នាំបោះឆ្នោតក៏ដោយ។
របាយការណ៍ដដែលបានឲ្យដឹងទៀតថា វិស័យកាត់ដេរនៅរក្សាកំណើនក្នុងរង្វង់៥% ក្នុងឆ្នាំ២០១៨ និង២០១៩ ដោយសារស្ថានភាពសេដ្ឋកិច្ចពិភពលោក ជាពិសេសសេដ្ឋកិច្ច នៃបណ្តាប្រទេសជាដៃគូពាណិជ្ជកម្មរបស់កម្ពុជា មានភាពប្រសើរជាងការរំពឹងទុក។ ទោះបីជាយ៉ាងនេះក្តី វិស័យនៃអាចប្រឈមនឹងសម្ពាធថ្លៃដើមផលិតកម្ម ដែលប៉ះពាល់ដល់ភាពក្រកួតប្រជែង កំណើនបៀវត្សលឿនជាងផលិតភាព ភាពមិនច្បាស់លាស់នៃការបញ្ជាទិញ និងការប្រកួតប្រជែងកាន់តែខ្លាំងជាងមុន ពីបណ្តាប្រទេសផ្សេងទៀត ដែលនាំចេញផលិតផលកាត់ដេរដូចកម្ពុជា។
របាយការណ៍នេះបានបន្ថែមថា វិស័យឧស្សាហកម្មផ្សេងទៀត ត្រូវបានរំពឹងថា នៅរក្សាបាននូវកំណើនល្អដដែលក្នុងរង្វង់១១.៩% ក្នុងឆ្នាំ២០១៨ និង១២.២% ក្នុងឆ្នាំ២០១៩ ដោយសារការពង្រីការវិនិយោគ ដែលមានស្រាប់ និងការវិនិយោគថ្មី ក្នុងអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ ដែលជាជន្ទល់កំណើនមួយដ៏រឹងមាំ រួមមាន៖ ការផលិតម្ហូបអាហារ និងភេសជ្ជៈ គ្រឿងបង្គុំអេឡិចត្រូនិច គ្រឿងបន្លាស់ គ្រឿងសង្ហារឹម កង់ និងស៊ីម៉ង់ត៍ជាដើម៕