(ព្រះសីហនុ)៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ នេះ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបើកសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០១៧ ផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០១៨ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងប្រកាសមុខតំណែង បំពាក់ឋានន្តរស័ក្តិជូនមន្រ្តីនគរបាលជាតិចំនួន៣៥នាក់។
របាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០១៧ របស់ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ បានកត់សំគាល់ឃើញថា៖ បទល្មើសព្រហ្មទណ្ឌ កើតឡើងចំនួន៧៤លើក/៨៦លើក (មានការថយចុះ១២លើក ស្មើនិង១៤%) ក្នុងនោះមាន៖
*បទល្មើសឧក្រិដ្ឋកើតឡើង១៥ លើក/១៩ លើក (មានការថយចុះ៤លើក)
*បទល្មើសមជ្ឈឹម កើតឡើង៥៨លើក/៦៧លើក(មានការថយចុះ៩លើក)
*បទល្មើសខាងលើបណ្ដាលឲ្យស្លាប់មនុស្ស៨នាក់ រងរបួសមនុស្ស២៧នាក់ បាត់ម៉ូតូចំនួន៤៧ គ្រឿង និងសម្ភារផ្សេងជាច្រើនទៀត
*លទ្ធផលនៃកិច្ចប្រតិបត្តិការ បង្ក្រាបបទល្មើសបានចំនួន៧០ករណី ឃាត់ខ្លួន ចំនួន១៤៧នាក់ ក្នុងនោះមានបទឧក្រិដ្ឋចំនួន១២ករណី ឃាត់ខ្លួនជនសង្ស័យចំនួន២០នាក់។ បទល្មើសមជ្ឈឹម ចំនួន៥៨ ករណីឃាត់ខ្លួនជនសង្ស័យចំនួន១២៧នាក់ និងបានកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូង
*គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ២១៣លើក/៣១១លើក បណ្តាលឲ្យស្លាប់មនុស្សចំនួន៧៦នាក់ ស្រី១៩នាក់(ជនបរទេសចំនួន៩នាក់) រងរបួសចំនួន៣៦៧នាក់
*គ្រោះថ្នាក់អគ្គីភ័យកើតឡើងចំនួន១៩លើក ឆេះផ្ទះ៧លើក, ឆេះបន្ទប់ផ្ទះសំណាក់៣លើក, ឆេះរថយន្តកំពុងបើកបរ៣លើក, ឆេះឡក្នុងរោងចក្រ២លើក, ឆេះរោងសិប្បកម្ម១លើក, ឆេះដំបូលបឹងកាឡូ២លើក និងឆេះបន្ទប់ខារ៉ាអូខេ១លើក។
គ្រោះថ្នាក់ខាងលើ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ និងរងរបួស៤នាក់។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានណែនាំឱ្យអស់លោកទាំងអស់ ខិតខំប្រឹងប្រែង បំពេញការងារឲ្យបានល្អ គោរពតាមផែនការ និងបទបញ្ជា របស់ថ្នាក់លើ តាមឋានានុក្រម មានស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ធ្វើការប្រកបដោយឆន្ទៈ និងការទទួលខុស។
នៅព្រឹកនេះផងដែរ អង្គសន្និបាតមានកិត្តិយស ដោយមានវត្តមាននាយឧត្តមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោក ស្រ៊ុន ស្រ័ន អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួម ជាគណៈអធិបតីផងដែរ។
លោក ស្រ៊ុន ស្រ័ន និងនាយឧត្តមសេនីយ៍ ថោង លីម បានថ្លែងអំណរគុណ និងកោតសរសើរ ដល់កងកម្លាំងនគរបាលខេត្តព្រះសីហនុ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋ អ្នកវិនិយោគទុន ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មានស្ថិរភាព បានល្អប្រសើរ ពិសេសបង្រ្កាបមុខសញ្ញាចាប់ជំរិតជនជាតិចិន ទទួលបានជោគជ័យកន្លងមក។
លោកឧត្តមសេនីយ៍ ក៏បានបញ្ជាក់ផងដែរថា «កងកម្លាំងនគរបាលជាតិ គឺជាកម្លាំងស្នូលក្នុងការការពារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតឡើងដោយការបោះឆ្នោត ប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងទាំងឡាយណា ដែលមានបំណងញុះញង់បំបែកបំបាក់បំផ្លាញ ដល់សន្តិសុខជាតិ»។
ក្នុងឱកាសនោះ ថ្នាក់ដឹកនាំក៏បានប្រកាសចូលកាន់មុខតំណែង ថ្នាក់ស្នងការរង១រូប និងបំពាក់ឋានន្តរស័ក្តិជូនមន្រ្តីនគរបាលជាតិ ចំនួន៣៥នាក់ មានថ្នាក់៖
*វរសេនីយ៍ឯក ចំនួន៣នាក់
*វរសេនីយ៍ទោ ចំនួន៣ នាក់
*វរសេនីយ៍ត្រី ចំនួន១១ នាក់
*អនុសេនីយ៍ឯក ១២ នាក់
*អនុសេនីយ៍ទោ២នាក់ និងថ្នាក់អនុសេនីយ៍ត្រី ៤នាក់ផងដែរ។
នាយឧត្តមសេនីយ៍ ថោង លីម បានប្រគល់ម៉ូតូធុនធំចំនួន១៦គ្រឿង រថយន្តចំនួន៥គ្រឿង( រថយន្តសង្រ្គោះ១គ្រឿង)និងឯកសណ្ឋាន ចំនួន៣៥០កំប្លេ សម្រាប់នគរបាលប៉ុស្តិ៍រដ្ធបាល ជាអំណោយរបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបម្រើការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមផងដែរ៕