(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាជាមួយលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានកោតសរសើរដល់ ស.ស.យ.ក ដែលបានរៀបចំកម្មវិធីអង្គរសង្ក្រាន្តឆ្នាំនេះ កាន់តែសម្បូរបែបប្រកបដោយភាពទាក់ទាញ ហើយលោកបានណែនាំថា ត្រូវយកព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះ កែលម្អក្រុងសៀមរាប-អង្គរឲ្យកាន់ស្អាត មានអនាម័យ សណ្តាប់ធ្នាប់ និងសោភ័ណភាពល្អជាងមុន។
កិច្ចពិភាក្សាខាងលើនេះ ធ្វើឡើងនាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងទេសចរណ៍ ដោយក្នុងនោះ ស.ស.យ.ក បានធ្វើបទបង្ហាញពីកម្មវិធី និងទីតាំងរៀបចំកម្មវិធីនានា នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ជម្រាបជូនលោករដ្ឋមន្ត្រី ថោង ខុន និងថ្នាក់ដឹកនាំនៃក្រសួងទេសចរណ៍ផងដែរ ដើម្បីស្នើសុំអនុសាសន៍ណែនាំបន្ថែមពីក្រសួងទេសចរណ៍។
ជាមួយគ្នានោះលោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា រាល់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តម្ដងៗ តែងតែជួបនឹងបញ្ហាកកស្ទះចរាចរណ៍ ដែលប៉ះពាល់ដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ ដូច្នេះលោកបានសំណូមពរសូមឲ្យមានការរៀបចំសណ្ដាប់ធ្នាប់ និងចរាចរណ៍ធ្វើដំណើររបស់ភ្ញៀវ ដែលទៅទស្សនាកម្មវិធីអង្គរសង្ក្រាន្តនេះ។
លោករដ្ឋមន្ត្រីបន្តថា ត្រូវធានាការពង្រឹងសេវា និងគុណភាពផលិតផល ម្ហូបអាហារឲ្យបានគ្រប់គ្រាន់ ព្រោះភ្ញៀវដែលទៅទស្សនាកម្មវិធីអង្គរសង្ក្រាន្តនោះ មួយថ្ងៃយ៉ាងហោចណាស់ក៏ មិនតិចជាង៥០ម៉ឺននាក់ដែរ ពោលច្រើនជាងឆ្នាំមុន ២៥% ដោយជីវភាពប្រជាជនកាន់តែធូរធារសំបូរសប្បាយ ហើយជាព្រឹត្ត្តិការណ៍ធំជាងគេប្រចាំឆ្នាំ។ ត្រូវរៀបចំកន្លែងស្នាក់នៅជូនភ្ញៀវឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ខណៈសណ្ឋាគារនៅក្នុងខេត្តសៀមរាបមានជាង ១៥,០០០បន្ទប់ ផ្ទះសំណាក់មានជាង ៥ពាន់បន្ទប់ ដូច្នេះមិនអាចបំពេញតម្រូវការជូនភ្ញៀវទេសចរបានគ្រប់គ្រាន់ទេ ចាំបាច់ត្រូវរៀបចំកន្លែងស្នាក់នៅដទៃទៀត ដូចជាផ្ទះប្រជាពលរដ្ឋ វត្តអារាមជាដើម។
លោករដ្ឋមន្ត្រីបានណែនាំនូវអនុសាសន៍មួយចំនួនទៀតផងដែរ ត្រូវធ្វើការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍អង្គរសង្រ្កាន្តនេះឲ្យបានទូលំទូលាយ តាមរយៈការចាក់ផ្សាយលើទូរទស្សន៍អន្តរជាតិ CNN ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក គ្រប់មជ្ឈមណ្ឌលពត៏មានទេសចរណ៍ តាមផ្ទះសំណាក់ សណ្ឋាគារ ឬទីតាំងដែលមានភ្ញៀវទេសចរទៅទស្សនាជាដើម ពិសេសត្រូវពន្យល់ប្រាប់ភ្ញៀវទេសចរចរទេសថា ការចូលទស្សនាព្រឹត្តិការណ៍អង្គរសង្ក្រាន្ត គ្មានការបង់ថ្លៃដូចការចូលទស្សនាប្រាសាទអង្គរវត្តនោះឡើយ។
លោករដ្ឋមន្ត្រីបានណែនាំបន្តថា ត្រូវផ្សព្វផ្សាយទៅដល់ផ្នែកឯកជន ដើម្បីរៀបចំកញ្ចប់ទស្សនកិច្ចជូនទេសចរដែលជាអតិថិជនរបស់ខ្លួន ទៅចូលរួមទស្សនាព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅខេត្តសៀមរាប ឬអាចបន្តទៅកាន់គោលដៅទេសចរណ៍ជុំវិញនិងទៅប្រាសាទព្រះវិហារ ប្រាសាទសំបូរព្រៃគុកជាដើម។
លោក ហ៊ុន ម៉ានី បានឲ្យដឹងថា អ្វីដែលមិនមានភាពទាក់ទាញខ្ពស់នៅឆ្នាំមុន ក្រុមយុវជន ស.ស.យ.ក បាននិងកំពុងខំធ្វើឲ្យមានការទាក់ទាញកាន់តែខ្លាំងនៅឆ្នាំនេះ ក្រៅពីយុទ្ធនាការបំបែកឯកទគ្គកម្មក្រមាវែងជាងគេនៅលើពិភពលោក កម្មវិធីអង្គរសង្ក្រាន្តក៏មានរៀបចំកន្លែងងូតទឹកត្រជាក់ៗ ដែលមានឈ្មោះថា តោះៗលេងទឹក វ៉ៃបុកធ្លាក់ទឹក បវរកញ្ញាធ្លាក់ទឹក មុខហនុមានដ៏ធំជាងគេ ក្នុងគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សិល្បៈល្ខោនខោល។
លោកបានបន្តថា សហភាពសហព័ន្ធយុវជនកម្ពុជា បានចាត់តាំង និងពង្រាយយុវជន-យុវនារីកម្ពុជាជាង៤ពាន់នាក់ ដែលចំនួននេះមានការកើនឡើងច្រើនជាងឆ្នាំមុន ហើយនេះក៏ជាឱកាសដែលយុវជនកម្ពុជាអាចបង្ហាញស្នាដៃ ការលះបង់ និងរួបរួមសាមគ្គីគ្នាក្នុងសហការសម្រេចកិច្ចការ និងដោះស្រាយបញ្ហាប្រឈមរួមគ្នាផងដែរ។
សូមជម្រាបថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៨នេះ នឹងធ្វើឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ជាមួយនឹងការរំពឹងទុកថានឹងមានទេសចរទស្សនាច្រើនជាងឆ្នាំ២០១៧ ដែលមានចំនួន១លាន៦សែននាក់៕