(ភ្នំពេញ)៖ ផលិតកម្មល្បីឈ្មោះ២ ក្រោយពីត្រឡប់មកពីទស្សនកិច្ច នៅក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្ត នៅក្នុងទីក្រុងហុងកុង កាលពីថ្ងៃទី២០ មីនា ក្រុមផលិតករ២ក្រុមបានមកដល់ប្រទេសកម្ពុជាវិញភ្លាម ក៏បង្ហើបភ្លេតថា ចង់យកភាពយន្តទៅចូលក្នុងទីផ្សារ មហោស្រពភាពយន្ត ក្រោយពីទទួលបានបទពិសោធន៍ ក្នុងដំណើរទស្សនកិច្ចរបស់ខ្លួន នៅហុងកុង។
លោក អ៉ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស និយាយថាក្រោយពីបានចូលរួមក្នុងព្រឹត្តិការណ៍ Hong Film Mart Festival ដែលបានធ្វើឡើងនៅក្នុងប្រទេសចិន បានធ្វើឲ្យលោកយល់ដឹងកាន់តែច្រើនជាមួយនឹងទម្រង់ក្នុងការផលិតភាពយន្ត ដោយលោកបញ្ជាក់ថាក្រៅពីដឹងថាត្រូវធ្វើដូចម្ដេចដើម្បីឲ្យភាពយន្តអាចឈរជើងបាន ក៏បាននឹងយល់ច្រើនខុសពីមុនផងដែរ ពីការផលិតភាពយន្តដើម្បីឲ្យបានល្អ។
លោកថានៅក្នុងព្រឹត្តិការណ៍មហោស្រពនេះ លោកមើលឃើញជាងគេ ពីហេតុផលដែលភាពយន្តបរទេសមានការរីកចម្រើន ហើយលោកក៏មើលឃើញកាន់តែច្បាស់ពីញ្ហាពីបញ្ហាបច្ចេកទេសក្នុងការផលិតរឿង។ លោកថាភាពយន្តខ្មែរទោះជាខំពង្រឹងស្នាដៃកម្រិតណា ក៏មិនងាយហក់ចូលទីផ្សារអន្តរជាតិឲ្យត្រូវបានដែរ ដោយសារតែផលិតករខ្មែរកម្រមានដើមទុនដល់កន្លះលាន ទៅ១លានដើម្បីផលិតភាពយន្ត។
មិនខុសគ្នាដែរ អ្នកស្រី សរ កេសារ៉ា ម្ចាស់ផលិតកម្មសរកេសារ៉ាភាពយន្ត ដែលបានចូលរួមក្នុងព្រឹត្តិការណ៍មហោស្រពនេះជាលើកទី១បានអះអាងថា អ្នកស្រីបានជជែកពិភាក្សាជាមួយផលិតករបរទេសជាច្រើនលើការផលិតភាពយន្ត ហើយជាលទ្ធផលអ្នកស្រីទទួលបានចំណេះដឹងច្រើនឡើង ជាពិសេសលើការបង្កើតប្លង់ក្នុងផ្ទៃរឿង និងការរំលេចផ្ទៃរឿងឲ្យមានគុណភាពជាដើម។ អ្នកស្រីទទួលស្គាល់ថាក្រោយការពិក្សា ភាពយន្តកម្ពុជាមានកង្វះខាតច្រើនណាស់ ពោលគឺទាំងផ្ទៃរឿង ទាំងប្លង់ ទាំងសំឡេង និងជាពិសេសគឺគុណភាពតែម្ដង ទើបអ្នកស្រីយល់ថាបន្ទាប់ពីបានត្រឡប់មកពីមហោស្រពភាពយន្ត ជំហ៊ានដំបូងដែលអ្នកស្រីត្រូវធ្វើ គឺត្រូវសិក្សាបច្ចេកទេសឲ្យបានកាន់តែច្រើនថែមទៀត ដើម្បីធ្វើឲ្យភាពយន្តដែលអ្នកស្រីគ្រោងផលិតក្នុងពេលបន្តបន្ទាប់ អាចទទួលយកបាន។
អ្នកស្រីបញ្ជាក់ថាផលិតករដែលមិនបានទៅឃើញ និងស្វែងយល់ពីការផលិតភាពយន្តក្នុងពេលខាងមុខ។ យ៉ាងណាមិញ អ្នកស្រីបង្ហើបថាកត្តាដែលផលិតកម្មរបស់ខ្លួនមិនអាចផលិតបានភាពយន្តមួយឲ្យត្រូវកម្រិតនៅឡើយ គឺបញ្ហាដើមទុនមិនដល់គេ និងការប្រើប្រាស់បច្ចេកទេសសម្ភារ:មិនទំនើបដល់ក្រុមផលិតករបរទេសតែម្ដង តែអ្នកស្រីនឹងយកបទពិសោធន៍ដែលខ្លួនទើបទទួលបានយកមកអភិវឌ្ឍន៍ស្នាដៃឲ្យអស់ពីលទ្ធភាព៕