(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងជាថ្មីម្តងទៀតថា កម្ពុជានាពេលបច្ចុប្បន្នមិនមានភ្លើងសង្គ្រាម ហើយក៏គ្មានវិបត្តិនយោបាយដូចការលើកឡើងរបស់ជនមួយចំនួននោះឡើយ ប្រជាពលរដ្ឋនៅតែបន្តប្រកបការងារជាប្រក្រតី។
នៅចំពោះមុខថៅកែរោងចក្រ អ្នកវិនិយោគ កម្មករ កម្មការិនីប្រមាណ ១៤,៦៩៤នាក់មកពីរោងចក្រ សហគ្រាសចំនួន២៣ នៅតំបន់ព្រៃទា ខណ្ឌពោធិ៍សែនជ័យនាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានប្រជាពលរដ្ឋកម្ពុជាចាត់ទុកជារដ្ឋបុរសដ៏អស្ចារ្យរបស់កម្ពុជា បានថ្លែងថា កម្ពុជាមិនសង្គ្រាមទៀតនោះទេ ហើយសុខសន្តិភាពរកបានមកដោយលំបាក និងមានការលះ បង់ដ៏ធំធេងរបស់ឥស្សរជន និងប្រជាពលរដ្ឋខ្មែរទាំងមូលនោះ បាននិងកំពុងផ្តល់ជាប្រយោជន៍ដ៏ធំធេងសម្រាប់ជាតិកម្ពុជា និងប្រជា ពលរដ្ឋ រួមទាំងកម្មករ កម្មការិនីផងដែរ។
សម្តេចតេជោ ហ៊ុន សែន ដែលបានកាន់តំណែងជានាយករដ្ឋមន្ត្រីនៃកម្ពុជាអស់រយៈពេលជាង ៣ទស្សវត្សរ៍រូបនេះ បានអះអាងថា បើគ្មាន សុខសន្តិភាព នឹងគ្មានការវិនិយោគនោះឡើយ។
សម្តេចតេជោ បានគូសបញ្ជាក់យ៉ាងដូច្នេះ «ក្មួយមានការងារធ្វើ ក្មួយមានប្រាក់ចំណូលកាន់តែខ្ពស់ទៅៗ តើបានមកពីអ្វី? មិនមែនបានមកពីប្រទេសមានសង្គ្រាមនោះទេ ហើយក៏មិនមែនបានមកអំពីលើការនិយាយរបស់ក្រុមប្រឆាំងមួយក្រុមណានោះដែរ។ តែបានមកពីការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ដែលបានប្រឹងប្រែងយ៉ាងច្រើនក្នុងការផ្តួលរំលំរបបប៉ុលពត ទប់ស្កាត់ការវិលត្រឡប់ នៃរបប ប៉ុល ពត និងបង្កើតឡើងនូវសន្តិភាពតាមរយៈនយោបាយឈ្នះឈ្នះធ្វើឲ្យកម្ពុជា ដែលជាប្រទេសមួយធ្លាប់តែមានតំបន់គ្រប់គ្រងច្រើន ទៅជាប្រទេសមួយមានតំបន់គ្រប់តែមួយ ព្រះមហាក្សត្រតែមួយ រដ្ឋធម្មនុញ្ញតែមួយ រាជរដ្ឋាភិបាលតែមួយ កម្លាំងប្រដាប់អាវុធតែមួយ។ នោះហើយជាឱកាសមាស ឱកាសពេជ្រដើម្បីដោះស្រាយការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់យើង»។
សម្តេចប្រមុខរាជរដ្ឋាភិបាល ដែលត្រូវបានពិភពលោកចាត់ទុកជាមេដឹកនាំទទួលបានការគោរពស្រឡាញ់ច្រើនពីប្រជាពលរដ្ឋរូបនេះ បានបញ្ជាក់ទៀតថា «បើរាជរដ្ឋាភិបាលមិនបានដោះស្រាយបញ្ហាសន្តិភាព ហើយសង្គ្រាមនៅតែបន្តតើនរណាមកវិនិយោគក្នុងប្រទេសរបស់យើង តើនរណាមកធ្វើទេសចរណ៍ក្នុងប្រទេសរបស់យើង»។
នៅកិច្ចសំណេះសំណាលលើកទី៣៦ ជាមួយកម្មករ កម្មការិនីនាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា ប្រទេសកម្ពុជា មិនត្រឹមតែមិនមានសង្គ្រាមដូចអតីតកាលនោះទេ តែក៏ជាប្រទេសមិនមានវិបត្តិនយោបាយដូចការលើកឡើងរបស់មនុស្សមួយចំនួន ដែលសម្តៅដល់ក្រុមបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ និងកាត់សិទ្ធិធ្វើនយោបាយនោះដែរ។
សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះ «ឥឡូវកម្ពុជា មិនមែនជាប្រទេសដែលមានសង្គ្រាមទៀតនោះទេ ហើយក៏មិនមែនជាប្រទេសដែលមានវិបត្តិនយោបាយដូចអ្នកខ្លះអះអាងនោះទេ។ កម្ពុជាគ្មានវិបត្តិនយោបាយនោះទេ អ្នកដែលត្រូវជាប់ឃុំឃាំង អ្នកដែលត្រូវទទួលទណ្ឌកម្មនេះ ទណ្ឌកម្មនោះ ប្រទេសណាក៏មានដែរនៅលើពិភពលោកនេះ ប្រទេសណាក៏មានដែរ។ គេធ្វើគុកមកសម្រាប់ដាក់ដែលធ្វើខុស ដូច្នេះប្រទេសនេះមិនមែនជាប្រទេស ដែលមានសង្គ្រាម ហើយក៏មិនមែនជាប្រទេស ដែលមានវិបត្តិនយោបាយនោះដែរ កម្មករនៅតែធ្វើការតាមរោងចក្រ កសិករនៅតែធ្វើកសិកម្ម ពាណិជ្ជករនៅតែមានការលក់ដូរ ទេសចរណ៍នៅតែមាន។ អ៊ីចឹងទេ អ្វីទៅដែលហៅថា វិបត្តិនយោបាយ»។
ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន បានអះអាងថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ នៅតែបន្តជាប្រក្រតី និងតាមការគ្រោងទុកនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះផងដែរ។
ដោយមើលឃើញពីតម្លៃនៃសុខសន្តិភាពប្រមុខដឹកនាំកម្ពុជារូបនេះ ក៏បានទទូចអំពាវនាវដល់កម្មករ កម្មការិនីត្រូវរួមគ្នាប្រឹងប្រែងថែរក្សានូវ សុខសន្តិភាព ហើយត្រូវប្រឹងប្រែងធ្វើការងារផងដែរ ដើម្បីជួយជំរុញសេដ្ឋកិច្ចជាតិ ក៏ដូចជាជួយឲ្យជីវភាពរបស់ខ្លួនកាន់តែប្រសើរ៕