(ភ្នំពេញ)៖ សំឡេងសន្ទនាសម្ងាត់រវាង ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរីជាភាសាខ្មែរ និងឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ដែលបានបែកធ្លាយកំពុងតែបង្កើតឱ្យមានចម្ងល់របស់មហាជនជុំវិញខ្លឹមសារដែល ជុន ច័ន្ទបុត្រ លើកឡើងអំពីគណបក្សសង្គ្រោះជាតិ និងសម រង្ស៊ី។ ជុន ច័ន្ទបុត្រ បានប្រាប់ឧត្តមសេនីយ៍ ម៉ៅ សុផាន់ ថា ខ្លួន និងបណ្ឌិតកែម ឡី បាននិយាយគ្នាថា «យើងសំណាងហើយ ដែលបក្សប្រឆាំងមិនឈ្នះ [ការបោះឆ្នោត]។ ប្រសិន បើគណបក្សប្រឆាំងឈ្នះឆ្នោតវិញ មិនដឹងថា ប្រទេសកម្ពុជាធ្លាក់ដល់កម្រិតណានោះទេព្រោះ សម រង្ស៊ី គឺជាជនផ្តាច់ការ»។
ក្រៅពីបញ្ជាក់ថា ជុន ច័ន្ទបុត្រ ពិតជាបានរំលោភលើ ក្រមសីលធម៌វិជ្ជាជីវៈ និងបទបញ្ជាផ្ទៃក្នុងរបស់វិទ្យុអាស៊ីសេរី ក្នុងការទាក់ទងសម្ងាត់ជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីសុំជំនួយការពារកុំឱ្យមានការតាមសម្លាប់ដូច បណ្ឌិត កែម ឡី តាមរយៈសម្តីនេះបង្ហាញឱ្យឃើញថា៖
ទី១៖ កែម ឡី និងជុន ច័ន្ទបុត្រ ក៏បានទទួលស្គាល់ថា គណបក្សសង្គ្រោះជាតិជាគ្រោះរបស់ជាតិ និងប្រជាជនកម្ពុជា ព្រោះទាំង ជុន ច័ន្ទបុត្រ និងបណ្ឌិត កែម ឡី បានបង្ហាញនូវ ក្តីព្រួយបារម្ភមិនដឹង ជាកម្ពុជា រងទុក្ខវេទនាយ៉ាងណា បើបក្សនេះបានជាប់ឆ្នោតឡើងដឹកនាំប្រទេស។ ការណ៍នេះអាចថាបណ្ឌិត កែម ឡី និងជុន ច័ន្ទបុត្រ បានដឹងពីសារជាតិពិត នៃគណបក្សសង្គ្រោះជាតិ និងមន្ត្រីនៃថ្នាក់ដឹកនាំបក្សនេះ ដែលបានឃុបឃិតជាមួយបរទេស នាំយកបដិវត្តន៍ពណ៌បំផ្លាញប្រជាជន និងធ្វើតែនយោបាយប្រជាភិថុតិនៅក្នុងចំណោមប្រជាជន បំភ្លៃ បំផ្លើស បំប៉ោង និងបំភ័ន្តមតិសាធារណៈ។
ទី២៖ សម្រាប់ កែម ឡី, សម រង្ស៊ី គឺជាអ្នកនយោបាយអង្ករកំប៉ុងគ្មានយុទ្ធសាស្រ្តត្រឹមត្រូវ ហើយក៏ជាជនផ្តាច់ការផងដែរ។ គេដឹងថា នៅពេលបណ្ឌិត កែម ឡី នៅរស់ ធ្លាប់បានស្នើសុំជួប សម រង្ស៊ី និងបានបង្ហាញពីគោលនយោបាយមួយចំនួន ព្រមទាំងប្រគល់ ឯកសារថា តើរដ្ឋាភិបាលទៅថ្ងៃអនាគតត្រូវធ្វើដូចម្តេច? ប៉ុន្តែសាក្សីបានឱ្យដឹងថាភរិយា របស់ សម រង្ស៊ី គឺ ជូឡុង សូមួរ៉ា ដែលជាអ្នកមានអំណាចធំនៅពីក្រោយខ្នង សម រង្ស៊ី បានយកឯកសារនោះហែកចោលដាក់ក្នុងធុងសំរាម និងបានប្រាប់ទៅបណ្ឌិត កែម ឡី ថា សូមឱ្យទៅបង្កើតបក្សនយោបាយ និងចូលរួមប្រកួតប្រជែងបោះឆ្នោតទៅ។ បណ្ឌិត កែម ឡី នៅពេលនោះ ពិតជាឆ្អែតចិត្តបំផុត និងធ្វើឱ្យគាត់មានមូលដ្ឋានរឹងមាំដើម្បីវាយតម្លៃ។
ទី៣៖ កាលដែល ជុន ច័ន្ទបុត្រ បង្កើតកិច្ចពិភាក្សាជាមួយបណ្ឌិត កែម ឡី ដោយវាយប្រហារទៅលើគណបក្សសង្គ្រោះជាតិ និងបុគ្គល សម រង្ស៊ី គឺបង្ហាញថាអ្នកទាំងពីរ នេះមិនស្ថិតនៅក្នុងក្រុម សម រង្ស៊ី ទេ ប៉ុន្តែអាចស្ថិតនៅក្នុងក្រុមណាមួយផ្សេងទៀត និងធ្វើសកម្មភាពរិះគន់វាយប្រហាររដ្ឋាភិបាល ដើម្បីប្រមូលប្រជាប្រិយភាព។ ចុងក្រោយគេបានឃើញច្បាស់ថា បណ្ឌិត កែម ឡី គឺជាអ្នកផ្តួចផ្តើមបង្កើតគណបក្សប្រជាធិបតេយ្យ មូលដ្ឋានហើយរហូតដល់សម រង្ស៊ី និងកឹម សុខា បានចោទបណ្ឌិត កែម ឡី ថា ជាអាយ៉ងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយហៅបក្សប្រជាធិបតេយ្យមូលដ្ឋានថាជា គណបក្សអាបមានតែក្បាល ប៉ុន្តែគ្មានអ្នកគាំទ្រ។
ទី៤៖ គាប់ជួបដំណឹង នៃការគ្រោងជួបរវាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងបណ្ឌិត កែម ឡី បានបែកធ្លាយ។ គម្រោងជំនួបសម្ងាត់នេះមិនបានធ្វើឱ្យគណបក្សសង្គ្រោះជាតិ និងសម រង្ស៊ី សប្បាយចិត្តប៉ុន្មានឡើយ ព្រោះជាការបង្កើតមុំចង្រ្កានផ្សេង ទៀតនិងអាចបំធ្វើឱ្យគណបក្សសង្គ្រោះជាតិ ចុះខ្សោយព្រោះបក្សនេះកើនសំឡេងដោយ សារតែការនិយាយរបស់បណ្ឌិត កែម ឡី ហើយពលរដ្ឋខ្លះជឿថា កែម ឡី ស្ថិតនៅក្នុងបក្សប្រឆាំង បម្រើបក្សប្រឆាំង។ ប៉ុន្តែអនិច្ចា ខ្មាន់កំាំងបានបាញ់ប្រហារសម្លាប់ កែម ឡី មុនពេលជំនួបជាមួយសម្តេតេជោ។
ទី៥៖ សម្រាប់ កែម ឡី គណបក្សសង្គ្រោះជាតិ និងសម រង្ស៊ី គឺជាគ្រោះសម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ប៉ុន្តែនៅក្នុងក្រសែភ្នែកគណបក្សសង្គ្រោះជាតិ និងសម រង្ស៊ី កែម ឡី ជាមនុស្សគ្រោះថ្នាក់សម្រាប់បក្ស និងក្រុមខ្លួន ដែរដោយសារតែលោកមានកេរ្តិ៍ឈ្មោះ តាមរយៈវោហារសាស្ត្ររបស់ គាត់នៅតាមរលកធាតុអាកាសវិទ្យុអាស៊ីសេរី វីអូឌី វីអូអេ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន មាននិន្នាការទៅរកបក្សប្រឆាំងមួយចំនួនទៀត។ ចំណុចនេះ អាចគេចោទសួរសំណួរថា តើរវាងបណ្ឌិត កែម ឡី និងគណបក្សសង្គ្រោះជាតិ នរណានឹងទទួលបានផលប្រយោជន៍ច្រើនជាង ប្រសិនបើបាត់នរណាម្នាក់? តើ កែម ឡី មានផលប្រយោជន៍សម្រាប់បក្សប្រឆាំងទេ?
ដូច្នេះការលេចធ្លាយខ្សែអាត់នេះមក កាន់តែបង្ហាញឱ្យប្រជាពលរដ្ឋខ្មែរបានឃើញ ច្បាស់អំពីរឿងរ៉ាវនៅពីក្រោយវាំងននទាំងអម្បាលមាណ ក្នុងទំនាក់ទំនងរវាង ជុន ច័ន្ទ បុត្រ និងកែម ឡី និងគណបក្សប្រឆាំង។ ម្យ៉ាងទៀតសំឡេងនេះ កាន់តែបញ្ជាក់ច្បាស់ថា កាលដែលរាជរដ្ឋាភិបាលចាត់វិធានការច្បាប់ប្រឆាំង នឹងអង្គការចាត់តាំងផ្នែកនយោបាយ នៃបក្សសង្គ្រោះជាតិដោយរំលាយបក្សនេះ នឹងដកហូតសិទ្ធិមិនឱ្យសមាជិក សមាជិកាជាន់ខ្ពស់១១៨នាក់ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវដើម្បីរក្សានូវសុខសន្តិភាព និងការអភិវឌ្ឍដែលមាន។
ដោយ៖ ចៅ ចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០១៨