(ភ្នំពេញ)៖ សកលវិទ្យាល័យ «ន័រតុន» ដែលត្រូវបានគេដឹងថាជា សកលវិទ្យាល័យឯកជនមួយ ដែលមានប្រជាប្រិយភាពមួយនៅកម្ពុជា បានប្រារព្ធពិធីចែកមេដាយ និងលិខិតសរសើរជូននិស្សិតឆ្នើម ដែលជាប់ចំណាត់ថ្នាក់ល្អ​ប្រចាំសាលា ផ្នែកស្ថាបត្យកម្ម និងនគរូបនីយវិទ្យាចំនួន១៤៦នាក់ ដោយក្នុងនោះមានមេដាយមាស៤៩គ្រឿង ប្រាក់៤០គ្រឿង និងសំរិទ្ធ៥៧គ្រឿង។

នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ សកលវិទ្យាល័យ «ន័រតុន» បានរៀបចំពិធី «ចែកមេដាយជ័យលាភី ក្នុងការប្រកួតស្នាដៃស្ថាបត្យកម្មរបស់និស្សិត ផ្នែកសាបត្យកម្ម និងនគររូបវិទ្យា»នេះឡើង ក៏មានការចូលរួមពីលោក ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការក្រសួងរៀបចំដែន នគររូបនីយកម្ម និងសំណង់ លោក ជា សែ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក ចាន់ សុខឃាង សកវិទ្យាធិការសកលវិទ្យាល័យន័រតុន រួមនឹងថ្នាក់ដឹកនាំនៃសកលវិទ្យាល័យជាច្រើននាក់ទៀត។

ក្នុងឱកាសនោះ លោក ភឿង សុភ័ណ្ឌ មានសេចក្តីសាទរជាខ្លាំងចំពោះការបោះជំហានទៅមុខរបស់និស្សិតកម្ពុជា ដែលមានការអភិវឌ្ឍន៍ពីមួយថ្ងៃទីមួយថ្ងៃ និងម្យ៉ាងវិញទៀតឯកទេសនេះ គឺពិតជាសារៈសំខាន់ខ្លាំងណាស់ ចំពោះវិស័យសំណង់នៅកម្ពុជា ហើយក៏ទាក់ទងនឹងវិស័យទេសចរណ៍ នៅកម្ពុជាផងដែរ។

ការលើកឡើងរបស់លោករដ្ឋលេខាធិការ គឺចង់សំដៅទៅលើភាពមិនអាចខ្វះគ្នាបាន រវាងវិស័យសំណង់ និងវិស័យទេសចរណ៍ បើយើងធ្វើការប្រៀបធៀបទៅលើ អ្នកមកទេសចរណ៍នៅកម្ពុជា គឺភាគច្រើនសំដៅទៅតំបន់អង្គរមុនគេ ក៏ព្រោះថាទីនោះ គឺជាទីដែលបង្ហាញពីល្អអស្ចារ្យរបស់ស្ថាបត្យកម្មកម្ពុជា ដែលមានដូចសព្វថ្ងៃ ទាំងអស់នោះហើយទើបយើង អាចប្រមូលថវិកាពីវិស័យសំណង់។

លើសពីនេះទៅទៀត លោករដ្ឋលេខាធិការ ក៏ចង់ឃើញនិស្សិតកម្ពុជាជាច្រើននាក់ ទៅប្រកួតប្រជែង ផ្នែកស្ថាបត្យកម្ម នៅក្រៅប្រទេសឲ្យបានច្រើន ពេលនោះហើយអន្តរជាតិ គឺរិតតែទទួលស្គាល់ពីស្នាដៃកូនខ្មែរ មានមុខមាត់លើឆាកអន្តរជាតិទៀតផង។

ចំណែក លោក ចាន់​ សុខឃាង សាកលវិទ្យាធិការនៃសកលវិទ្យាល័យ «ន័រតុន» ក៏បានទទួលស្គាល់ពីភាពជោគជ័យ និងរីកលូតលាស់របស់និស្សិតកម្ពុជា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះផងដែរ ដោយពួកគាត់មានការខិតខំ​ប្រឹងបែងជាខ្លាំង ក្នុងការសម្រេចគោលបំណងរបស់គាត់។

បន្ថែមពីនេះ លោកសាកលវិទ្យាធិការ ក៏បានលើកឡើងទៀតដែរថា គាត់ចង់ឃើញនិស្សិតកម្ពុជា ក៏ដូចជាអ្នកអាជីពផ្នែកស្ថាបត្យកម្មនេះ មានការរីកលូតលាស់ឲ្យដូចប្រទេសគេ ដែលមានការជឿនលឿនពីមួយថ្ងៃទៅមួយថ្ងៃ ដែលកត្តាទាំងនេះ គឺតម្រូវឲ្យនិស្សិតកម្ពុជា មានការខិតខំប្រឹងប្រែង​បន្ថែមទៀត ធ្វើយ៉ាងណាឲ្យទទួលបានលទ្ធផលល្អជាងនេះទៅទៀត។

សូមជម្រាបជូបផងដែរថា និស្សតិដែលទទួលបានមេដាយ និងលិខិតសរសើរពីសាកលវិទ្យាល័យ គឺមានចាប់ពីឆ្នាំទី១ ទី២ ទី៣ និងទី៤ ផ្នែកស្ថាបត្យកម្ម និងនគររូបនីយវិទ្យា ក៏ដូ​ចជាជ័យលាភីក្នុងការចូលរួមប្រកួតលក្ខណៈសកល នៅក្នុង និងក្រៅប្រទេសផងដែរ។

សម្រាប់ លោក ជា សែ ក៏បានលើកឡើងដែរថា លោកសូមធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់គណៈគ្រប់គ្រងនៃសាកលវិទ្យាល័យន័រតុន និងភាគីពាក់ព័ន្ធ ដែលបានរៀបចំឲ្យមានការប្រកួតប្រជែង នៃផ្នែកស្ថាបត្យកម្មនេះឡើង ហើយការបង្កើតកម្មវិធីបែបនេះអាចធ្វើឲ្យនិស្សិតទាំងអស់ មានការរីកចម្រើនទាំងចំនេះដឹង និងចំនេះធ្វើផងដែរ៕