(កូរ៉េ)៖ ស្ថានឯកអគ្គរាជទូតខ្មែរប្រចាំនៅកូរ៉េខាងត្បូង បានជូនដំណឹងថា ខ្លួនសហការជាមួយមជ្ឈមណ្ឌលវប្បធម៌ខ្មែរ និងសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ និងដោយមានការជួយឧបត្ថម្ភ របស់សប្បុរសជនកូរ៉េ បានរៀបចំដំណើរការវត្តមហាយ៉ាណា(វត្តខ្មែរ) ហើយមជ្ឈមណ្ឌលវប្បធម៌ខ្មែរ គ្រោងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃអាទិត្យ១រោច ខែចែត្រ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១០៖ ៣០នាទីព្រឹក នាទីក្រុងអានសាន ខេត្តខ្យងគី។​ នេះបើតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតខ្មែរនៅកូរ៉េខាងត្បូង នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨នេះ។

តាមរយៈសេចក្តីជូនដំណឹងខាងលើនេះ កម្មវិធីព្រះពុទ្ធសាសនានេះ នឹងប្រព្រឹត្តធ្វើឡើងក្រោម ព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។

ស្ថានទូតបានបញ្ជាក់ថា «កម្មវិធីនេះ មានគោលបំណងចូលរួមលើកកម្ពស់ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ក៏ដូចជា ការផ្សព្វផ្សាយព្រះធម្មវិន័យអប់រំ និងឆ្លើយតបសំណូមពររបស់ប្រជាពលរដ្ឋខ្មែរផងដែរ»