(ភ្នំពេញ)៖ ជាកាដូពិសេសមួយទៀតសម្រាប់ពលរដ្ឋទូទៅ នៅថ្ងៃពុធនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសអនុញ្ញាតឱ្យ ប្រជាពលរដ្ឋខ្មែរទាំងអស់ ជិះរថយន្តក្រុងសាធារណៈ (រថយន្តក្រុងរបស់រដ្ឋ) ក្នុងរាជធានីភ្នំពេញ ដោយឥតគិតថ្លៃ រយៈពេល៣ថ្ងៃ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នៅពាក់កណ្តាលខែមេសាខាងមុខនេះ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករជាង១ម៉ឺននាក់ នៅតំបន់ព្រៃទា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨នេះ យ៉ាងដូច្នេះថា៖ «ចំពោះរថយន្តក្រុងដែលកម្មករ កម្មការិនីជិះទាំងប៉ុន្មានកុំឲ្យឈប់គឺ Free ជូនប្រជាជនចំនួន៣ថ្ងៃទៀត និងមិនមែនតែកម្មករ កម្មការិនីទេប្រជាជនអាចជិះមើលទីក្រុង ដែលពួកគាត់មិនទៅណាឆ្ងាយទេ គឺពួកគាត់មកមើលទីក្រុង អញ្ចឹងទេគាត់ឡើង ឡានក្រុងយើងចេះតែបើកទៅដល់ចំណតមួយគាត់ចុះទៅហើយគាត់ឡើងទៅណាទៀតទៅអញ្ចឹងយើង Free ចំនួន៣ថ្ងៃសម្រាប់ការជិះ»។
សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថាបន្ថែមថា នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីនេះ សម្រាប់កម្មករ កម្មការិនី ដែលជិះរថយន្តក្រុងវិញ មិនចាំបាច់តែជិះមកធ្វើការទេ គឺអាចជិះដើរលេងទៅសួរសុខទុក្ខម្តាយក្មេង ឪពុកក្មេង ក៏អាចជិះបានឲ្យតែត្រូវផ្លូវធ្វើដំណើរ មានន័យថា មិនមែន Free ជូនតែប្រជាពលរដ្ឋធ្វើដំណើរក្នុងទីក្រុងភ្នំពេញនោះទេ គឺក្មួយៗកម្មករ កម្មការិនី ក៏អាចជិះបានផងដែរ។
លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា សាលារាជធានីភ្នំពេញ នឹងចាត់ចែងតាមអនុសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តីឱ្យបានល្អ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។
បើតាមអ្នកនាំពាក្យសាលារាជធានីភ្នំពេញ, រហូតដល់ពេលនេះ រាជធានីភ្នំពេញ មានរថយន្តក្រុងរបស់រដ្ឋចំនួន១៥៧គ្រឿង និងកំពុងធ្វើដំណើរតាមផ្លូវចំនួន៨ខ្សែ ខណៈដែលចំនួនប្រជាពលរដ្ឋ ធ្វើដំណើរតាមរថយន្តក្រុងនេះ ក្នុងមួយថ្ងៃៗកើនដល់ជាង១ម៉ឺននាក់៕