(ភ្នំពេញ)៖ នៅសណ្ឋាគារ អង្គរសេនជូរី ខេត្តសៀមរាប មានការបើកកិច្ចប្រជុំពិភាក្សាមួយ ដែលរៀបចំដោយក្រសួងទេសចរណ៍ មជ្ឈមណ្ឌលឯកសារកម្ពុជា និងគណកម្មការអន្តរក្រសួងចំនួនបួនផ្សេងទៀត ដើម្បីផ្សព្វផ្សាយតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តអន្លង់វែង ដល់មគ្គុទេ្ទសក៍ទេសចរណ៍ និងការីទេសចរណ៍ក្នុងខេត្តសៀមរាប។
នៅក្នុងកិច្ចប្រជុំថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ មានការចូលរួមជាអធិបតីភាពពីសំណាក់ លោក តុប សុភ័ក អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍ លោកស្រី ធិននី មុនីរស្មី ប្រធានមន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ លោកបណ្ឌិត ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ លោក កែន សុភី អនុប្រធាន នាយកដ្ឋាន អភិវឌ្ឍន៍ផលិតផលទេសចរណ៍ លោកបណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសន្តិភាព អន្លង់វែង និងលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា។
បន្ទាប់ពីការធ្វើបទបង្ហាញអំពីប្រវត្តិសាស្រ្ត សក្ដានុពលទេសចរណ៍ និងការអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្តអន្លង់វែង អ្នកចូលរួមនៅក្នុងកិច្ចប្រជុំនេះទាំងមូល មានស្នើសុំ និងបញ្ចេញមតិយោបល់ ព្រមទាំងបានចូលរួមឆ្លើយនឹងសំណួររបស់បណ្ឌិត លី សុខឃាង ដែលបានសួរពាក់ព័ន្ធនឹងអ្នកទេសចរណ៍ថា គួរ ឬមិនគួរមកទស្សនា នៅតំបន់ប្រវត្តិសាស្រ្តអន្លង់វែង។
ផ្ដើមចេញពីការដឹងតិចតួច អំពីឈ្មោះស្រុកឬតំបន់អន្លង់វែង អ្នកមកចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះ បានឲ្យឃើញពីចំណាប់អារម្មណ៍ និងការយកចិត្តទុកដាក់ ដោយបានស្នើសុំឲ្យមានដំណើរទស្សនកិច្ចសិក្សាឲ្យចុះទៅដល់ទីតាំងផ្ទាល់ៗ និងចែករំលែកឲ្យដឹងថាទោះបីពីមុនមកមិនសូវមានអ្នកស្គាល់ ឬធ្លាប់ដឹងឮអំពីតំបន់នេះមានទីតាំងនៅកន្លែងណាក៏ដោយ ប៉ុន្តែ បច្ចុប្បន្ន តំបន់អន្លង់វែង គឺជាទីតាំងមួយដ៏សំខាន់ និងចាំបាច់សម្រាប់ការអប់រំ ផ្នែកប្រវត្តិសាស្រ្ត សហគម ក៏ដូចជាទេសចរណ៍ ដោយជាទីតាំងកាន់កាប់ចុងក្រោយរបស់ខ្មែរក្រហម និងស្ថិតនៅជាប់ព្រំដែនកម្ពុជាថៃ ក្នុងខេត្តឧត្តរមានជ័យ និងតាមជួរភ្នំដងរែក។
លោក ឆាំង យុ បានឆ្លើយតបទៅនឹងសំណួរដ៏គួរគត់សម្គាល់មួយចំនួនដែលលើកឡើងអំពីគម្រោងផ្លូវដើរភ្ជាប់ពីទីតាំងមួយទៅមួយទាំង១៤កន្លែង «ដូចជាសរសៃ អំបោះដែលចងដៃដើម្បីសេចក្តីសុខ និងការពារពីជម្លោះព្រំដែន ពីព្រោះតែកាលណាមានលំហូរទេសចរណ៍ ព្រំដែនក៏អាចការពារដែរ ដូចខ្សែអំបោះទាញពីអន្លង់វែង ទៅដល់តំបន់ក្បាលទន្សោង»។ លោក ឆាំង យុ បានបន្ថែមថា មគ្គុទេស និងការីទេសចរណ៍ ត្រូវយល់ដឹងពីចំណុចពិសេសៗ និងចេះស្វែងរកចំណុចវិជ្ជមានដើម្បី ណែនាំទៅកាន់ភ្ញៀវទេសចរណ៍ ជាជាងចំណុចអវិជ្ជមានច្រើន ដូចជាការឲ្យតម្លៃទៅលើធម្មជាតិ ទេសភាព មនុស្ស និងប្រជាជនក្នុងតំបន់ដែលជាប្រវត្តិសាស្រ្តរស់ ដែលមិនទាន់បានទៅដល់ ឬមិនធ្លាប់ប៉ះពាល។ ជាក់ស្ដែង នៅតំបន់អន្លង់វែងនេះ ទោះបីនៅរដូវក្ដៅ ឬរដូវវស្សា គឺមាន «ផ្ការីកគ្រប់រដូវ»។
មិនថាអាកាសធាតុក្ដៅយ៉ាងណា ប៉ុន្តែព្រៃប្រឹក្សា និងផ្កាផ្គរលាន់ នៅតែរីក មានភាពស្រស់ស្អាត និងមានខ្យល់បក់ជានិច្ច។ ផ្ទៃមេឃមានពណ៌ខៀវស្រឡះល្អជាងទីក្រុង ទិដ្ឋភាពពេលព្រះអាទិត្យលិច មានទំហំធំបំផុត និងអាចមើលឃើញច្បាស់ល្អ ដល់តំបន់ភ្នំគូលែន និងប្រសាទកោះកេរ្តិ៍ ខេត្តព្រះវិហារ៕