(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវយ៉ាងទទូចជាថ្មីទៀត ដល់ក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរទាំងអស់ កុំឱ្យដំឡើងថ្លៃធ្វើដំណើរពីប្រជាពលរដ្ឋអ្នកធ្វើដំណើរ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ព្រោះឲ្យតែដល់ពេលចូលឆ្នាំម្ដងៗ ម្ចាស់រថយន្តឈ្នួល ឬក្រុមហ៊ុនដឹកអ្នកដំណើរមួយចំនួន តែងតែដំឡើងថ្លៃឈ្នួលរបស់ខ្លួន ជាហេតុនាំឲ្យប៉ះពាល់ដល់ការចំណាយ របស់កម្មករ និងប្រជាពលរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន អំពាវនាវយ៉ាងដូច្នេះ ក្នុងឱកាសសម្ដេចបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី ជាង១ម៉ឺន៤ពាន់នាក់ មកពីរោងចក្រសហគ្រាសចំនួន២៣ នៅតំបន់ព្រៃទា ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធនេះ ១៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨។
សម្ដេចតេជោ បានថ្លែងយ៉ាងដូច្នេះថា៖ «ជិតដល់ពេលចូលឆ្នាំហើយ តាមធម្មតានៅពេលចូលឆ្នាំ តែងតែមានការឡើងថ្លៃនូវរថយន្តឈ្នួល ដែលខ្ញុំសូមយកឱកាសនេះ អំពាវនាវចំពោះម្ចាស់រថយន្ដឈ្នួលទាំងឡាយ សូមមេត្តាកុំដំឡើងថ្លៃ»។
កន្លងទៅ ឲ្យតែដល់ពេលចូលឆ្នាំខ្មែរ ឬបុណ្យភ្ជុំបិណ្ឌ ឬបុណ្យជាតិធំៗម្ដងៗ ម្ចាស់រថយន្តឈ្នួល ឬក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរមួយចំនួន តែងតែដំឡើងថ្លៃឈ្នួល របស់ខ្លួនកប់ពពក ជាហេតុនាំឲ្យប៉ះពាល់ដល់ការចំណាយ របស់ពលរដ្ឋអ្នកធ្វើដំណើរ ប៉ុន្តែទន្ទឹមនឹងនោះ ក៏មានក្រុមហ៊ុនរថយន្តមួយចំនួន ក៏មិនបានដំឡើងថ្លៃឈ្នួលរបស់ខ្លួនឡើយ ពិសេសមានទាំងក្រុមហ៊ុនចែកសំបុត្រជិះរថយន្តដោយឥតគិតថ្លៃទៀតផង តួយ៉ាងនៅតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ក្រុមហ៊ុនស្រាបៀ GANZBERG នឹងធ្វើការចែកសំបុត្ររថយន្តក្រុងដោយឥតគិតថ្លៃ នៅថ្ងៃទី០១ ខែមេសាខាងមុខរហូតដល់អស់សំបុត្រ ដើម្បីសម្រួលដល់ការចំណាយសម្រាប់ប្រជាពលរដ្ឋអ្នកចង់ធ្វើដំណើរទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ៕