(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ បានបង្ហាញការងឿយឆ្ងល់ថា អ្នកដែលបានរត់ទៅសម្ងំយកសុខរៀងខ្លួន ពេលកម្ពុជាជួបកលិយុគ្គ ពេលនេះបែរជាមកតាំងខ្លួនជាអ្នកស្នេហាជាតិ និងចង់សង្រ្គោះជាតិ នៅពេលប្រទេសមានសន្តិភាពទៅវិញ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងនៅលើទំព័រ Facebook របស់សម្តេច កាលពីម្សិលមិញយ៉ាងដូច្នេះថា៖ «ក្នុងគ្រាសង្គ្រាម មនុស្សមួយចំនួនដែលតាំងខ្លួនជាអ្នកស្នេហាជាតិ បានរត់ចាកចោលប្រទេស ទៅពួនសម្ងំយកសុខតែរៀងខ្លួន ទុកឲ្យប្រជាពលរដ្ឋខ្មែររាប់លាននាក់ រួមទាំងវីរជនរបស់យើង ធ្វើការតស៊ូរើបម្រះ រហូតទទួលបានសុខសន្តិភាព និងរស់នៅដោយភាពសប្បាយរុងរឿងមកដល់បច្ចុប្បន្ន។ រឿងដែលខ្ញុំគិតមិនយល់នោះគឺ អ្នកដែលបានរត់ទៅសម្ងំសុខតែរៀងខ្លួននាពេលកលិយុគ បែរជាមកតាំងខ្លួនជាអ្នកស្នេហាជាតិ និងចង់សង្គ្រោះជាតិ ក្នុងគ្រាសន្តិភាពទៅវិញ»។

ការលើកឡើងរបស់សម្តេច ទៀ បាញ់ ទំនងជាចង់សម្តៅទៅ លោក សម រង្ស៊ី អតីតដឹកនាំគណបក្សប្រឆាំង ដែលបានដាក់ចេញនូវចលនាមួយឈ្មោះសង្រ្គោះជាតិ ដើម្បីធ្វើសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាល ស្របពេលដែលកម្ពុជា កំពុងមានសន្តិភាព ហើយបន្តអភិវឌ្ឍទៅមុខជាបន្តបន្ទាប់។ កាលពីអំឡុងកម្ពុជាមានសង្គ្រាមដ៏រ៉ាំរ៉ៃ លោក សម រង្ស៊ី បានទៅរស់នៅ និងធ្វើការងារនៅប្រទេសបារាំង និងបានត្រឡប់មកកម្ពុជាវិញ ដើម្បីធ្វើនយោបាយជាមួយគណបក្សហ៊្វុនស៊ិនប៉ិច នៅឆ្នាំ១៩៩២ បន្ទាប់ពីបញ្ចប់សង្រ្គាមស៊ីវិល។

ប្រទេសកម្ពុជា ធ្លាប់បានឆ្លងកាត់សង្រ្គាមរ៉ាំរ៉ៃជាច្រើនទសវត្ស និងមានការផ្លាស់ប្តូរច្រើនរបប ចាប់ពីមានរដ្ឋប្រហារទម្លាក់ សម្តេចនរោត្តម សីហនុ ដោយលោកសេនាប្រមុខ លន់ នល់ គាំទ្រដោយសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ បន្ទាប់ពីរស់នៅក្រោមរបបសាធារណរដ្ឋលន់ នល់ បាន៥ឆ្នាំ រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ប៉ុល ពត បានផ្តួលរំលំរបបសាធារណរដ្ឋ ហើយនាំកម្ពុជាទៅកាន់របបថ្មីមួយទៀត ដែលហៅថារបបប្រល័យពូជសាសន៍មួយ ដែលកាប់សម្លាប់សាច់ឯងយ៉ាងរង្គាល់ មិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តខ្មែរ។

ក្រោយមក ក្រោមកិច្ចសហការជាមួយកងទ័ពស្ម័គចិត្តវៀតណាម, សម្តេចតេជោ ហ៊ុន សែន រួមទាំងឥស្សរជនជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាដទៃទៀត បានតស៊ូប្រយុទ្ធរហូតទទួលបានជោគជ័យទាំងស្រុងលើកម្លាំងខ្មែរក្រហម ដោយរំដោះប្រជាពលរដ្ឋរាប់លាននាក់ឱ្យរស់រានមានជីវិតឡើងវិញ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ហើយគណបក្សនេះ ក៏បានបន្តដឹកនាំប្រទេសកម្ពុជារហូតដល់សព្វថ្ងៃ៕