Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ប្រាប់អ្នកសិល្បៈ៥រូប កុំឱ្យចូលរួមក្នុងការប្រគំតន្រ្តីមួយរបស់លោក ហុង លីម នៅប្រទេសអូស្រ្តាលី

28-03-2018 13:58

(ភ្នំពេញ)៖ សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមរបស់ លោក ហេង ឡុង នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨នេះ បានចេញសេចក្តីជូនដំណឹងមួយទៀតប្រាប់ដល់សិល្បករ សិល្បការិនី៥រូប ដែលគ្រោងនឹងទៅចូលរួមការប្រគំតន្រ្តីនៅប្រទេសអូស្រ្តាលីខាងមុខ ឱ្យមានការប្រុងប្រយ័ត្ន ដោយសារតែការប្រគំតន្រ្តីនោះ គឺមានចេតនាទាក់ទាញអ្នកសិល្បៈខ្មែរ ឱ្យចូលរួមនយោបាយ ប្រឆាំងនឹងរដ្ឋាភិបាល។

សេចក្តីជូនដំណឹងថ្មីនេះ បានធ្វើឡើងតែ ៣ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសមាគមរបស់ លោក ហេង ឡុង ចេញសេចក្តីថ្លែងការណ៍បកអាក្រាត អំពើការឆបោក អ្នកសិល្បខ្មែរក្នុងប្រទេស ទៅសម្ដែងនៅប្រទេសអូស្ដ្រាលី ដើម្បីទាញឱ្យចូលរួមនយោបាយជាមួយក្រុមប្រឆាំង រាជរដ្ឋាភិបាលកម្ពុជានៅទីនោះ ដោយសារមានសកម្មភាពជាប្រព័ន្ធជាមួយ លោក ហុង លឹម ប្រធានសហព័ន្ធខ្មែរអូស្រ្ដាលីសាជីវកម្ម, លោក ជា យូហន ប្រធានសមាគខ្មែររដ្ឋវិចតូរីយ៉ា និងកញ្ញា ដារា នីតា តាមរយៈ អង្គការ IKARE។

នៅក្នុងសេចក្តីជូនដំណឹងថ្មីនេះ សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានលើកឡើងថា សិល្បករ សិល្បការិនីទាំង៥រូប ដែលមាន ១៖ លោក ឈឿន ឧត្តម, ២៖ លោក នួន បូរ៉ា, ៣៖ កញ្ញា សុខ ស៊ីដូនី, ៤៖ កញ្ញា សុខ កែវនរាហ៍ និង ៥៖ កញ្ញា កាត់ទ្រីណា អូទុំ ត្រូវបានអញ្ជើញឱ្យទៅចូលរួមច្រៀង និងសម្តែងក្នុងកម្មវិធី ជប់លៀងសន្និសីទខ្មែរពិភពលោកដំណើរអភិវឌ្ឍន៍កម្ពុជាក្រោមការបោះឆ្នោត ២០១៨ ជាមួយលោក ជា យូហន និងលោក ហុង លីម នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ នៅរដ្ឋMELWAY និងកម្មវិធីថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ ដែលរៀបចំឡើងដោយ សមាគមខ្មែររដ្ឋវិចតូរីយ៉ា និងកញ្ញា តារា នីតា ជាអ្នកសម្របសម្រួលសិល្បករតំណាងនៅកម្ពុជា ដែលជាក្រុមដឹកនាំចលនាប្រឆាំងជាមួយរាជរដ្ឋាភិបាលកម្ពុជា។

សមាគមន៍នេះ បានរកឃើញថា ការប្រគំតន្រ្តីខាងលើនេះ គឺជាអំពើឆបោក បញ្ចុះបញ្ចូលសិល្បករ សិល្បការិនី ឲ្យទៅច្រៀង និងសម្តែងនៅប្រទេសអូស្តា្រលី ដែលជ្រកក្រោមស្លាកការប្រគំតន្ត្រីមនុស្សធម៌ ប៉ុន្តែបែរជាឆ្លៀតឱកាសបំផុសចលនាប្រឆាំងរាជរដ្ឋាភិបាល និងយកប្រជាប្រិយភាពសិល្បករ សិល្បការិនី ដើម្បីទាក់ទាញមហាជនឲ្យចូលរួមគាំទ្រសកម្មភាពខុសច្បាប់។

ទន្ទឹមនឹងនេះ សមាគមសិល្បៈស្ម័គ្រចិត្តជួយសង្គម ក៏បានប្រកាសសិក្សាលើនីតិវិធីច្បាប់លើករណីខាងលើនេះ និងមិនគាំទ្រសិល្បករ សិល្បការិនី ណាដែលចូលរួមជាមួយនឹងសកម្មភាពល្មើសច្បាប់ណាមួយ ប្រឆាំងចំពោះរាជរដ្ឋាភិបាលស្របច្បាប់ឡើយ៕