(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨នេះ បន្ទាប់ពីបានសំណេះសំណាល និងប្រគល់ថវិកាឧបត្ថម្ភ ដល់កម្មការិនីមានផ្ទៃពោះរួចហើយនោះ ក៏បានចូលរួមរាំលេងកម្សាន្តជាមួយបងប្អូនកម្មករ កម្មការិនីយ៉ាងសប្បាយរីករាយ និងប្រកបដោយភាពស្និទ្ធស្នាល នៅតំបន់ព្រៃទា ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មិនត្រឹមតែសម្តេចនោះទេ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលមួយចំនួនទៀត ក៏បានចូលរួមរាំលេងកម្សាន្តជាមួយបងប្អូនកម្មករ កម្មការិនីផងដែរ។ បើទោះបីសម្តេចតេជោផ្តល់កិត្តិយសរាំត្រឹមតែមួយបទក្តី តែគេសង្កេតឃើញកម្មករ កម្មការិនីបង្ហាញក្តីរំភើបរីករាយជាពន់ពេក នៅពេលបានរាំលេងកម្សាន្តជាមួយសម្តេចតេជោ ហ៊ុន សែន រួមនិងមន្ត្រីជាថ្នាក់ដឹកនាំដទៃទៀត ដែលជារឿងដ៏កម្រមួយសម្រាប់ពួកគេ។
តាមរយៈសកម្មភាពនេះ គឺឆ្លុះបង្ហាញឲ្យឃើញពីភាពសាមញ្ញរបស់នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយក៏ជាការបង្ហាញឲ្យឃើញពីភាពស្និទ្ធស្នាល រវាងប្រមុខរាជរដ្ឋាភិបាលជាមួយនឹងប្រជាពលរដ្ឋផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះនឹងយកបទសារ៉ាវ៉ាន់ ធ្វើជាគោលសម្រាប់រាំកម្សាន្ត ហើយក៏បានត្រៀមរំាលេងកម្សាន្តពេលទៅបើកកម្មវិធីអង្គរសង្ក្រាន្តនៅខេត្តសៀមរាបឲ្យអស់ដៃផងដែរ៕