(ភ្នំពេញ)៖ លោក ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានបញ្ជាក់នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨នេះថា ក្នុងរយៈពេល៥ឆ្នាំ នៃការអនុវត្តមុខងារ និងបេសកកម្មរបស់ខ្លួន ក្រសួងមុខងារសាធារណៈ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានបង្កើនកិច្ចខិតខំប្រឹងប្រែងយ៉ាងអស់ពីលទ្ធភាព ដើម្បីជំរុញប្រសិទ្ធភាពការងារ ក្នុងវិស័យមុខងារសាធារណៈ ដើម្បីបង្កើនកម្រិតជីវភាពរស់នៅរបស់ប្រជាជន ក៏មានការកើនឡើងមួយកម្រិតខ្ពស់ ហើយប្រាក់បៀវត្សអប្បរមាប្រចាំខែរបស់មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ត្រូវបានដំឡើងជាបន្តបន្ទាប់រហូតដល់ច្រើនជាង១លានរៀលក្នុងឆ្នាំ២០១៨នេះ ។
ការបញ្ជាក់យ៉ាងដូច្នេះរបស់លោក ពេជ្រ ប៊ុនធិន ធ្វើឡើងក្នុងឱកាសដែលលោក បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផល ការងាររយៈពេលប្រាំឆ្នាំ (២០១៣-២០១៨) និងលើកទិសដៅការងារ របស់វិស័យមុខងារសាធារណៈ ជូនរាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៦នៃរដ្ឋសភា នៅសណ្ឋាគារសុខា ភ្នំពេញ។
ក្នុងឳកាសនេះដែរ លោករដ្ឋមន្ត្រីបានថ្លែងទាក់ទង ទៅនឹងប្រវត្តិនៃការងារកំណែទម្រង់រដ្ឋ ចាប់តាំងពីឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្ន របស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានខិតខំប្រឹងប្រែងប្រឈមមុខគ្រប់បែបយ៉ាងគ្រប់ សមរភូមិទាំងក្នុងទាំងក្រៅប្រទេស ដោយប្តេជ្ញាចិត្តឥតងាករេក្នុងការធ្វើកំណែទម្រង់ប្រទេសឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និង សេដ្ឋកិច្ចទីផ្សារ ដើម្បីដឹកនាំប្រទេសឈានទៅរកការកាត់បន្ថយភាពក្រីក្រ និង ការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃនេះ។
លោក ពេជ្រ ប៊ុនធិន បានបញ្ជាក់ថា ក្រសួងមុខងារសាធារណៈ បាននិងកំពុងឈានចូលដល់ដំណាក់កាលថ្មីមួយ ដែលតម្រូវឲ្យមានការប្រកួតប្រជែង ការវាយតម្លៃគុណភាពនិងសមត្ថភាព និង ការផ្តល់រង្វាន់លើកទឹកចិត្តសម្រាប់មន្រ្តីឆ្នើម ឬ អង្គភាពឆ្នើម ដើម្បីសម្រេចឲ្យបានសេវាសាធារណៈមួយប្រកបដោយគុណភាពខ្ពស់ ។ និយាយជារួម គឺយើងត្រូវដឹកនាំការងារកែទម្រង់រដ្ឋបាលសាធារណៈ ដោយតម្រង់ឆ្ពោះទៅរកការគ្រប់គ្រងផ្អែកលើគុណផល ដែលត្រូវដើរស្របគ្នាជាមួយនឹង ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ពោលគឺថវិកាផ្អែកលើសមិទ្ធកម្ម។
ជាមួយគ្នានេះ ក្រសួងមុខងារសាធារណៈបានប្តេជ្ញាចិត្តថា សម្រាប់នីតិកាលទី៦ របស់រាជរដ្ឋាភិបាលកម្ពុជា នាពេលខាងមុខនេះ គឺបន្តខិតខំការគ្រប់គ្រងមុខងារសាធារណៈឲ្យកាន់តែមានប្រសិទ្ធិភាព ដើម្បីការពារអត្តប្រយោជន៍ជូនមន្ត្រីរាជការ និងលើកកម្ពស់ជីវភាពកាន់តែប្រសើរសម្រាប់ការរស់នៅ៕