(ភ្នំពេញ)៖ លោក ពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានស្នើដល់និស្សិតកម្ពុជា ដែលទទួលបានជ័យលាភីអាហារូបរណ៍ ទៅសិក្សានៅប្រទេសជប៉ុន ចំនួន២២នាក់ ត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីឲ្យក្លាយជាធនធានមនុស្ស ដើម្បីប្រែក្លាយកម្ពុជានៅឆ្នាំ២០៣០ ឲ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ លើសពីនេះទៀតនោះ ត្រូវតែជួយបន្តបង្កើតចំណងមិត្តភាព កម្ពុជា-ជប៉ុន ឲ្យបានកាន់តែរឹងមាំថែមទៀម។
លោក ពិត ចំណាន បានថ្លែងបែបនេះ នៅក្នុងពិធីជប់លៀងជូនដំណើរ និស្សិតខ្មែរ ដែលបានជាប់អាហាររូបករណ៍របស់រដ្ឋាភិបាលជប៉ុន នៅស្ថានទូតជប៉ុន នាល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១៨ម្សិលមិញ ដោយមានវត្តមានលោក Hidehisa Horinouchi ឯកអគ្គរាជទូតជប៉ុនប្រចាំ នៅកម្ពុជា, លោកបណ្ឌិត ហោ ប៉េង សកលវិទ្យាធិការសាកលវិទ្យាល័យជាតិគ្រប់គ្រង, លោក ជេត ជីលី សកលវិទ្យាធិការសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រួមជាមួយអតីតសិស្ស និស្សិតដែលធ្លាក់សិក្សានៅប្រទេសជប៉ុន យ៉ាងច្រើនកុះករផងដែរ។
ថ្លែងក្នុងពិធីនោះលោក ពិត ចំណាន បានលើកឡើងថា ប្រទេសជប៉ុន ជាប្រទេសដំបូងគេ ដែលផ្តល់អាហារូបករណ៍ដល់ប្រទេសកម្ពុជា ហើយសព្វថ្ងៃនេះនិស្សិតដែលបានបញ្ចប់ការសិក្សានៅប្រទេសជប៉ុន ដែលទទួលបានអាហារូបករណ៍នេះ មានប្រហែល១២០០នាក់ ហើយអាហារូបករណ៍នេះ គឺពិតជាមានសារសំខាន់ណាស់សម្រាប់ការ កសាងធនធានមនុស្សនៅកម្ពុជា របស់ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ជំនាញដែលនិស្សិតទៅរៀននៅប្រទេសជប៉ុនមានដូចជា៖ វិស្វរក វិស័យអប់រំ បរិស្ថាន វិស្វរកម្ម និងជំនាញផ្សេងៗ ទាក់ទងនឹងបច្ចេកទេស។
លោក ពិត ចំណាន ក៏បានដាស់តឿន ដល់និស្សិតដែលទៅរៀននៅប្រទេសជប៉ុនទាំងអស់ ត្រូវតែខិតខំក្រេបជញ្ជក់ នូវចំណោះដឹងថ្មីៗ និងចំនេះជំនាញរបស់គេ ឲ្យបានកាន់តែច្រើនន្ថែមទៀត ដើម្បីយកមកអនុវត្ត និងជួយបង្រៀនដល់យុវជនជំនាន់ក្រោយដើម្បីបានស្វែងយល់ ពីចំណោះដឹងថ្មីៗ ក្នុងការជួយអភិវឌ្ឍ ប្រទេសកម្ពុជាឲ្យមានភាពរីកចម្រើនជឿនលឿនទៅមុខ។ និស្សិតអាហារូបករណ៍ ទាំងអស់ ក៏ជានាំសារដ៏ល្អមួយ ដើម្បីបង្កើតជាទំនាក់ទំនងជិតស្និទ្ធរវាងប្រជាជន និងប្រជាជនតាមរយៈការប្រាស្រ័យទាក់ទង និងការបង្ហាញពីវប្បធម៌របស់ខ្មែរ ទៅដល់និស្សិតរបស់ជប៉ុនផងដែរ។
លោកបានបញ្ជាក់ថា ដោយឈរលើគោលការដ៏វែងឆ្ងាយរបស់សម្តេចតេជោ ដែលមានទស្សនៈសំខាន់ៗ៤យ៉ាងសម្រាប់កម្ពុជាមានដូចជា៖ ផ្លូវ ទឹក ភ្លើង និងមនុស្សនោះ នៅពេលបច្ចុប្បន្ននេះមនុស្ស គឺជាអត្តិភាពទី១ សំខាន់ជាងគេវិញ មានន័យថា ការកសាងធនធានមនុស្ស គឺជាអត្ថិភាពសំខាន់ណាស់សម្រាប់អនាគត់ ពិសេសគោលដៅរាជរដ្ឋាភិបាលដែលប្រែក្លាយកម្ពុជា នៅឆ្នាំ២០៣០ ឲ្យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់។ ចំណុចនេះហើយបានជាធនធានមនុស្ស គឺមានសារៈសំខាន់ណាស់ ដូចនេះហើយការផ្តល់អាហារូបករណ៍ របស់ជប៉ុននេះ ក៏ជាចំណែកមួយនៃការផ្តល់នូវធនធានមនុស្សដើម្បីសម្រេចនូវដៅរបស់កម្ពុជា នៅឆ្នាំ២០៣០ផងដែរ ដោយសារនិស្សិតទាំងអស់ បានទៅទទួលចំណោះដឹងថ្មីៗ ពីប្រទេសមហាអំណាចខាងសេដ្ឋកិច្ចផងដែរ ដូចនេះអាហារូបករណ៍នេះ គឺពិតជាមានសារសំខាន់ណាស់។
សូមបញ្ជាក់ថា សិស្ស និស្សិតដែលទទួលបានជ័យលាភីអាហារូបករណ៍ទាំង២២រូប ត្រូវបានឆ្លងកាត់ការប្រកួតប្រជែងយ៉ាងលំបាកក្នុងចំណោមបេក្ខជន ចំនួន១៣០០នាក់ នឹងចាកចេញទៅប្រទេសជប៉ុន នាដើមខែមេសាខាងមុខនេះ៕