(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨នេះ បានថ្លែងបញ្ជាក់ថា នៅឆ្នាំ២០២៣ខាងមុខ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ កម្មការិនីនៅកម្ពុជា នឹងកើតឡើងមិនតិចជាង២៥០ដុល្លារក្នុងមួយខែឡើយ។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានញ្ជាក់ថា ការកើនឡើងនេះដោយសារសេដ្ឋកិច្ចរបស់កម្ពុជា នៅតែបន្តកើនឡើងខ្លាំង ជាមួយនឹងប្រទេសជាតិមានសុខសន្តិភាព និងស្ថិរភាពយោបាយល្អ។
សម្តេចតេជោបានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសដែលសម្តេចអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីប្រមាណ១៤,៦៩៤នាក់ មកពីរោងចក្រសហគ្រាស ចំនួន២៣ នៅតំបន់ព្រៃទា ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ដើម្បីអនុវត្តន៍នៅឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ក៏បានលើកអំពីចំណុច ចេញជាតួលេខតែម្តង សម្រាប់ប្រាក់ឈ្នួល កម្មករអប្បបរមា ប៉ុន្តែខ្ញុំបានស្នើត្រឡប់ទៅវិញ ឲ្យដកនូវតួលេខជាក់ស្តែងតែម្តង ដើម្បីទុកលទ្ធភាពយើងអនុវត្តន៍ការចរចាប្រចាំឆ្នាំ។ បើយោងទៅលើការប៉ាន់ស្មាន របស់អ្នកសេដ្ឋកិច្ច នៅក្នុងឆ្នាំ២០២៣ ប្រាក់បៀវត្សរបស់កម្មករ កម្មការិនីរបស់យើងមិនតិចជាង២៥០ដុល្លារទេ អីចឹងត្រូវមានកម្មវិធីឡើងតាមដំណាក់កាលៗ»។
ក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា ស្ថានភាពការងារលើវិស័យវាយភណ្ឌ បានរីកចម្រើនយ៉ាងច្រើន ដែលក្នុងនោះកាលពីឆ្នាំ១៩៩៧ មានរោងចក្រតិចតួចបំផុត ត្រឹមតែជាង៦០រោងចក្រប៉ុណ្ណោះ ជាមួយនឹងកម្មករ៨ម៉ឺននាក់ ជាមួយនឹងប្រាក់ខែអប្បបរមាត្រឹមតែ៤០ដុល្លារអាមេរិកប៉ុណ្ណោះ តែបច្ចុប្បន្នរោងចក្រក្នុងវិស័យកាត់ដេរមានចំនួន១,១០០រោងចក្រ ប្រាក់ឈ្នួលក៏បានកើនឡើងខ្ពស់ផងដែរ កាលពីឆ្នាំ២០១៧ ត្រឹមតែ១៥៣ដុល្លារ ប៉ុន្តែបច្ចុប្បន្នប្រាក់ឈ្នួលអប្បបរមាមានរហូតដល់ ១៧០ដុល្លារ ដែលជាអត្រាប្រាក់ឈ្នួលខ្ពស់ជាង បណ្តាប្រទេសជាច្រើននៅក្នុងតំបន់។
សម្តេចតេជោ ក៏បានថ្លែងទៀតថា ការដំឡើងប្រាក់ឈ្នួលសម្រាប់កម្មករ កម្មការិនីនឹងធ្វើឡើងជារៀងរាល់ឆ្នាំ ដែលកំណើននេះ បានមកពីកំណើនសេដ្ឋកិច្ចជាតិ នឹងនាំទៅដល់ការកើនឡើងនូវប្រាក់ចំណូលរបស់កម្មករ កម្មការិនី និងប្រជាកសិករផងដែរ។
សូមជម្រាបថា ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ៣ បានអះអាងថា សេដ្ឋកិច្ចរបស់កម្ពុជា នៅឆ្នាំ២០១៧ និង ២០១៨នៅតែរឹងមាំ និងរីកលូតលាស់ខ្លាំង។ ធនាគារពិភពលោកបានបញ្ជាក់ថា នៅឆ្នាំ២០១៧ សេដ្ឋកិច្ចកម្ពុជាមានកំណើនក្នុងអត្រា៦.៨ភាគរយ និងឆ្នាំ២០១៨ មានកំណើន ៦.៩ភាគរយ។ ចំណែកឯធនាគារអភិវឌ្ឍន៍អាស៊ីវិញ បញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា នឹងកើនឡើងក្នុងអត្រា៧ភាគរយ ខណៈមូលនិធិរូបិយប័ណ្ណអន្តរជាតិ (IMF) បានព្យាករណ៍ថា សេដ្ឋកិច្ចប្រទេសកម្ពុជាថា នឹងសម្រេចបានកំណើនសេដ្ឋកិច្ច ក្នុងរង្វង់៧ភាគរយនៅឆ្នាំ២០១៨។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក អូន ព័ន្ធមុនីរ័ត្ន ក្នុងឱកាសជួបពិភាក្សាការងារជាមួយ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត បានបញ្ជាក់ថា ចំណូលពលរដ្ឋខ្មែរម្នាក់ៗ នឹងបន្តឡើងដល់ប្រមាណ ១,៥៦៨ ដុល្លារអាមេរិកនៅឆ្នាំ២០១៨៕