(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ មីនា ឆ្នាំ២០១៨ លោក យឹម សុខុម អនុប្រធានអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មការទំនាក់ទំនងសាធារណៈ នៃសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត បានដឹកនាំកិច្ចប្រជុំលើកទី១ របស់គណៈកម្មការ។
កិច្ចប្រជុំលើកទី១ មានគោលបំណង៖
ទី១៖ ពិនិត្យផែនការយុទ្ធសាស្រ្តទំនាក់ទំនងរបស់សមាគមជាតិ
ទី២៖ កំណត់តម្រូវការបណ្តុះបណ្តាលដល់គណៈកម្មការ
ទី៣៖ រៀបចំផែនការសកម្មភាពនិងថវិកាឆ្នាំ២០១៨។
គណៈកម្មការទំនាក់ទំនងសាធារណៈដែលមានសមាសភាពចំនួន៦រូប ត្រូវបានបង្កើតកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧។ លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ ត្រូវបានជ្រើសតាំងជាប្រធាន និងលោក កៅ ចេស្តា សមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម ជាអនុប្រធាន។
រីឯសមាជិកគណៈកម្មការ ៤ រូបទៀតរួមមាន៖ លោក ឈឹម រចនា ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង, លោកស្រី អ៊ីវ តារា សមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបង, លោកស្រី សៀក គន្ធស៊ា សមាជិកក្រុមប្រឹក្សាខេត្តព្រៃវែង និងលោក ឈុន សុង សមាជិកក្រុមប្រឹក្សាខេត្តពោធិ៍សាត់។
សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត ត្រូវបានចុះបញ្ជីទទួលស្គាល់ដោយក្រសួងមហាផ្ទៃ តាមរយៈលិខិតលេខ៨៤២ សជណ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៣ បន្ទាប់ពីមហាសន្និបាតនាថ្ងៃទី២៧-២៨ ខែមីនា ឆ្នាំ២០១៣។
បច្ចុប្បន្ន សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត ដឹកនាំដោយលោក ម៉ប់ សារិន ដែលជាប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។ សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្តមានក្រុមប្រឹក្សារាជធានី ខេត្តទាំង២៥ ជាសមាជិក, ដែលសមាជិកសមាជិកា ក្រុមប្រឹក្សារាជធានី-ខេត្ត៣៩៣រូប។
សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត បង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ឋានៈ អភិវឌ្ឍសមត្ថភាពដល់ក្រុមប្រឹក្សារាជធានី ខេត្ត និងការពារផលប្រយោជន៍ស្របច្បាប់របស់សមាជិក៕