(ភ្នំពេញ)៖ ការិយាល័យទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង(AUF)ប្រចាំនៅប្រទេសកម្ពុជា សហការជាមួយគ្រឹះ ស្ថានឧត្តមសិក្សាជាសមាជិក បានរៀបចំការប្រកួតប្រជែងគម្រោងខ្នាតតូច (Concours Mini-projet) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
ការប្រកួតនេះរៀបចំឡើង ក្នុងទិវានៃការប្រើប្រាស់ភាសាបារាំង ក្នុងគោលបំណងឆ្លុះបញ្ចាំងនូវចំណេះដឹងទូទៅ គំនិតច្នៃប្រឌិតក្នុងការកសាងគម្រោង និងភាពឆ្លាតវាងវៃ នៃនិស្សិតដែលសិក្សាជាភាសាបារាំង នៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សានានា ក្នុងបរិយាកាសសប្បាយរីករាយ។
តំណាងស្ថាប័ន ថ្នាក់ដឹកនាំក្រសួងអប់រំយុវជននិងកីឡា ស្ថានទូតបារាំងប្រចាំនៅកម្ពុជា ព្រឺទ្ធសភា គ្រឹះស្ថានឧត្តមសិក្សា សភាពាណិជ្ជកម្មអ៉ឺរ៉ុប និងបារាំង សាស្ត្រាចារ្យនិងនិស្សិត ប្រមាណ៣០0នាក់ បានចូលរួមទស្សនា និងគាំទ្រការប្រកួត Concours Mini-projet។ នេះជាលើកទី១ហើយ ដែលទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង(AUF)រៀបចំការប្រកួត គម្រោងខ្នាតតូចនេះ ក្នុងគោលដៅបំផុសឲ្យយុវជនមានគំនិតច្នៃប្រឌិត ចេះកសាងគម្រោង ឬបង្កើតរបរឆ្លើយតបទៅនឹងបរិបទថ្មីនៅលើពិភពលោក និងការរីកចំរើននៃសង្គម។
និស្សិតចំនួន៤ក្រុម មកពីសាកលវិទ្យាល័យខុសៗក្នុងរាជធានីភ្នំពេញរួមមាន៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យា- សាស្ត្រសេដ្ឋកិច្ច និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានចូលរួមប្រកួតដណ្តើមជ័យលាភីក្នុងឆ្នាំនេះ។
និស្សិតដែលមានសមាសភាពចំនួន៣នាក់ ក្នុងមួយក្រុមៗ ត្រូវឆ្លើយសំណួរទាក់ទងនឹងចំណេះដឹងទូទៅទាក់ទិននឹងកីឡា ភាសាបារាំង ព្រឹត្តិការណ៏នានានិងវប្បធម៌ ទាំងក្នុងនិងក្រៅប្រទេសមុននឹងឆ្លងចូល វគ្គការពារគម្រោង នៅចំពោះមុខគណៈកម្មការមេប្រយោគ ដែលមានសមាសភាពតំណាងស្ថានទូតបារាំងប្រចាំនៅកម្ពុជា សភាពាណិជ្ជកម្មអឺរ៉ុប និងក្រុមហ៊ុន។
នាឱកាសនោះផងដែរ ក៏មានសកម្មភាពសិល្បៈជាច្រើនដូចជា៖ ការច្រៀងជាបុគ្គល ជាក្រុម និងការលេងភ្លេងរបស់ប្អូនៗនិស្សិត ដែលសិក្សាជាភាសាបារាំងមកពីសាកលវិទ្យាល័យនានា នៅក្នុងរាជធានីភ្នំពេញ និងអង្គការភាពញញឹមនៃកុមារដើម្បីញ៉ាំងបរិយាកាស នៃការប្រកួតអោយកាន់តែឳឡារិកនិងសប្បាយរីករាយ។
និស្សិតដែលទទួលបានជ័យលាភី ក្នុងការប្រកួតនេះគឺក្រុមប្អូនៗនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (ជ័យលាភីលេខ១) និសិត្សសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច ជ័យលាភីលេខ២និងលេខ៣។ ក្រោយពីបញ្ចប់កម្មវិធីប្រកួត Concours Mini-projet ភ្ញៀវកិត្តិយស និស្សិតនិងសាស្ត្រាចារ្យទាំងអស់បានថតរូប ជួបជុំគ្នាអបអរសារទរដល់ការរៀបចំកម្មវិធីទាំងមូលយ៉ាងសប្បាយនិងចូលរួមក្នុងកម្មវិធីអាហារសម្រន់និងភេសជ្ជៈដែលគាំទ្រដោយក្រុមហ៊ុនកូកាកូឡា៕