(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានផ្ញើសារអបអរ និងជូនពរខួបកំណើតដល់ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ដែលឈានចូលវ័យ ៧៣ឆ្នាំ នៅក្នុងថ្ងៃទី២៨ ខែមីនា នេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Asia Correspondent នៅព្រឹកថ្ងៃពុធ ទី២៨ ខែមីនា ឆ្នាំ២០១៨។
នៅក្នុងលិខិតមួយ ចេញផ្សាយដោយស្ថានទូតចិនក្នុងទីក្រុងម៉ានីល លោកស៊ី បានសម្ដែងការអបអរយ៉ាងស្មោះស័្មគ្រ និងជូនពរ ថ្ងៃខួបកំណើតដល់លោក ឌូតឺតេ។ បន្ថែមពីលើនេះ លោកប្រធានាធិបតីចិន ក៏បានបញ្ជាក់ផងដែរពីភាពរីកចំរើន នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
«ទំនាក់ទំនងទ្វេភាគីរបស់យើង បាននិងកំពុងរីកចំរើនទៅមុខ ព្រមទាំងលេចចេញជាផ្លែផ្កា ក៏ដូចជាចូលរួមលើកកម្ពស់សន្តិភាព ស្ថេរភាពនៃតំបន់ទាំងមូល»។ នេះបើតាមអ្វីដែលមានបញ្ជាក់ក្នុងលិខិតរបស់ លោក ស៊ី ជិនពីង។
គួរបញ្ជាក់ថា ចាប់តាំងពីលោក ឌូតឺតេ ឡើងកាន់តំណែងជាប្រធានាធិបតីហ្វីលីពីន កាលពីពាក់កណ្តាលឆ្នាំ២០១៦ ទំនាក់ទំនងចិន និងហ្វីលីពីន ហាក់ដូចជាធូរស្រាលខ្លាំង បើទោះជាប្រទេសទាំងពីរកំពុងមានជម្លោះដែនទឹកនឹងគ្នា នៅឯតំបន់សមុទ្រចិនខាងត្បូងក៏ដោយ។ អាចនិយាយបានថា លោក ឌូតឺតេ មាននយោបាយទេទៅរកចិន និងរុស្ស៊ី ហើយព្យាយាមរេចង្កូតកាន់តែឆ្ងាយ ពីសហរដ្ឋអាមេរិក៕