(ភ្នំពេញ)៖ បុរសខ្មែរឥស្លាមម្នាក់ឈ្មោះ អាប់ ឌុលឡោះ ត្រូវបានក្មេងស្ទាវនៅសង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវមួយហ្វូង ព្រួតគ្នាកាប់យ៉ាងសុសសាច់ បណ្តាលឲ្យរបួសខ្លាំងស្ទើរស្លាប់ ដែលករណីដ៏រន្ធត់នេះបានកើតឡើងកាលពីរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨។
បើតាមប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា បុរសខ្មែរឥស្លាមរងគ្រោះ ដើរចេញពីវិហារគីឡូ៩ បន្ទាប់ពីថ្វាយបង្គុំរួច ហើយក៏ដើរសំដៅទៅផ្ទះ ស្រាប់ក្មេងស្ទាវមួយហ្វូង ទំនងបែកថ្នាំញៀនផងនោះ បានព័ទ្ធកាប់លើបុរសម្នាក់នោះយ៉ាងកំរោល ហើយក៏បានរត់គេចខ្លួនយ៉ាងមានសុវត្ថិភាព។
ភ្លាមនោះ អ្នកភូមិក៏បានយកបុរសរងគ្រោះទៅមន្ទីរពេទ្យដើម្បីសង្រ្គោះបន្ទាន់ ខណៈរបួសដេរជិត១០០ថ្នេរឯណោះ។ នេះបើតាមការឲ្យដឹងពីពលរដ្ឋ។
ពេលកើតហេតុភ្លាមៗ គេឃើញនគរបាលខ្លះដែរ មកមើលហេតុការណ៍ តែបែរជាមកអើតមួយភ្លេត ក៏ទៅវិញបាត់ ដែលកាយវិការនេះ ទទួលការរិះគន់យ៉ាងចាស់ដៃពីពលរដ្ឋថា នគរបាលទាំងនោះ មិនមានវិធានការតាមច្បាប់ទាល់តែសោះ។
យ៉ាងនេះក្ដី ពលរដ្ឋខ្មែរឥស្លាម ក៏ស្នើរដល់អធិការនគរបាលខណ្ឌឬស្សីកែវ ជាពិសេសនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ត្រូវពិនិត្យមើលលើការងារកូនចៅឡើងវិញ ហើយស្នើរឲ្យចាប់ក្មេងស្ទាវបង្កហេតុឲ្យខានតែបាន ដើម្បីសេចក្ដីពលរដ្ឋ។
គួរជំរាបថា បញ្ហាបងធំបងតូច ក្មេងស្ទាវ អ្នកញៀនថ្នាំ ជាក្ដីកង្វល់ជាធំសំរាប់ពលរដ្ឋនៅសង្កាត់ច្រាំងចំរេះ ខណៈក្មេងស្ទាវទាំងនោះ តែងតែអុកឡុក បង្កភាពភ័យព្រួយដល់សន្តិសុខមូលដ្ឋាន ហើយពលរដ្ឋស្នើរឲ្យមានរឹតបន្តឹងបន្ថែមទៀត ដើម្បីគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពបានល្អប្រសើរ៕