(ភ្នំពេញ)៖ ក្រសួងការបរទេសកម្ពុជា បានជួយអន្តរាគមន៍សម្របសម្រួលដល់ពលរដ្ឋខ្មែរ ១៦នាក់ ឲ្យបានត្រឡប់មកស្រុកកំណើតវិញ បន្ទាប់ពីពួកគេបានចាញ់បោកមេខ្យល់ទៅធ្វើការងារ និងរៀបការដោយខុសច្បាប់។
អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី បានឲ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨នេះថា ពលរដ្ឋខ្មែរទាំង ១៦នាក់ដែលជួយអន្តរាគមន៍ឲ្យមកស្រុកកំណើតវិញនេះ រួមមាន៖ ពលរដ្ឋ ១០នាក់ (ប្រុស៧នាក់ នារី ៣នាក់) ចាញ់បោកមេខ្យល់ទៅធ្វើការងារដោយខុសច្បាប់នៅប្រទេសម៉ាឡេស៊ី។ ពួកត្រូវបានជួយឲ្យត្រឡប់មកដល់ប្រទេសកម្ពុជាវិញកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ។
ពលរដ្ឋ ៥នាក់ទៀត ជាស្រ្តីខ្មែររស់នៅក្នុងខេត្តកំពង់ចាម ត្បូងឃ្មុំ និងខេត្តកណ្តាល ត្រូវបានរៀបការ និងស្នាក់នៅដោយខុសច្បាប់នៅប្រទេសចិន។ ពួកគេនឹងត្រូវវិលត្រឡប់មកដល់ប្រទេសវិញនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨។
ដោយឡែកពលរដ្ឋម្នាក់ទៀត ជាស្រ្តីផងដែរ ហើយបានចេញទៅធ្វើការងារផ្ទះនៅប្រទេសអារ៉ាប៊ីសាអូឌីត ហើយចង់ត្រឡប់មកផ្ទះវិញព្រោះមានធុរៈក្នុងគ្រួសារ។ ស្រ្តីដែលមានវ័យ ២៨ឆ្នាំរូបនេះ នឹងធ្វើដំណើរមកដល់កម្ពុជាវិញនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨៕