(ព្រះសីហនុ)៖ ឧកញ៉ា សុខ ប៊ុន ដែលធ្លាប់ប្រើអំពើហិង្សាលើកញ្ញា សាសា នាពេលកន្លងទៅ ពេលនេះត្រូវបានប្រជាពលរដ្ឋប្រមាណ៤២គ្រួសារ ដែលកំពុងរស់នៅលើកោះរ៉ុង ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុប្តឹងថា បានរំលោភយកដីរបស់ពួកគាត់ ដែលកំពុងរស់នៅអាស្រ័យផលសព្វថ្ងៃ ខណៈពេលដែលលោកឧកញ៉ា សុខ ប៊ុន រស់នៅឯភ្នំពេញឯណោះ។
យោងតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ដែលបានប្តឹងទៅលោក យន្ត មីន អភិបាលខេត្តព្រះសីហនុកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ បានរៀបរាប់ឲ្យដឹងថា ពួកគាត់បានរស់នៅតាំងពីសម័យសង្គមរាស្រ្តនិយមមកម្ល៉េះ ដោយប្រកបរបរធ្វើចម្ការ ដើម្បីចិញ្ចឹមជីវិត ក្រោយសម័យសង្រ្គាម ក៏បានចូលទៅកាន់កាប់ចម្ការចាស់ឡើងវិញដល់បច្ចុប្បន្ន ដោយមានលិខិតកាន់កាប់ លិខិតផ្ទេរសិទ្ធិ សាលាកបត្រព័ត៌មានកាន់កាប់ដី លិខិតបញ្ជាក់ទទួលស្គាល់ដោយអាជ្ញាធរ និងជាពិសេសស្ថាប័នជំនាញក្រុមការងារថ្នាក់ជាតិ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានចុះវាស់វែងធ្វើប័ណ្ណកម្មសិទ្ធិរួចរាល់ តាមនីតិវិធីសុរិយោដីចប់សព្វគ្រប់ តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា រួចអស់ទៅហើយ ដោយរង់ចាំតែថ្ងៃផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋតែប៉ុណ្ណោះ។
ប្រជាពលរដ្ឋបានដាក់ការសង្ស័យថា អាចមានអំពើឃុបឃិតគ្នាជាប្រព័ន្ធ ក្នុងការរំលោភយកដីរបស់ប្រជាពលរដ្ឋ ពីសំណាក់ឧកញ៉ា សុខ ប៊ុន និងក្រសួងរៀបចំដែនដី ជាមួយនិងរដ្ឋបាលខេត្តព្រះសីហនុ ព្រោះយោងតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន កន្លងមក បានបញ្ជាក្រុមការងារថ្នាក់ជាតិឲ្យវាស់វែងដីជូនប្រជាពលរដ្ឋ ដែលកំពង់រស់នៅជាក់ស្តែងលើកោះរ៉ុងតែប៉ុណ្ណោះ ប៉ុន្តែនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨កន្លងទៅ ស្រាប់តែគេឃើញវត្តមានលោកឧកញ៉ា សុខ ប៊ុន រួមនិងលោក សួន សូផា ដែលមានតួនាទីជាអគ្គនាយករងសុរិយោដី និងភូមិសាស្រ្ត រួមនិងបក្ខពួក បានចុះមកវាស់វែងដីរបស់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅកាន់កាប់អាស្រ័យផលទៅវិញ។ សកម្មភាពនេះហាក់បីដូចជា ផ្គើនទៅនិងបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន។
ទោះបីជាយ៉ាងនេះក្តី ក្រុមប្រជាពលរដ្ឋទាំងនោះ សូមស្នើទៅកាន់រដ្ឋបាលខេត្តព្រះសីហនុ និងជាពិសេសសម្តេចតេជោ ហ៊ុន សែន មេត្តាជំរុញចេញប័ណ្ណកម្មសិទ្ធិ ជូនពួកគាត់បន្ទាប់ពីបានធ្វើការវាស់វែងចប់សព្វគ្រប់ ជាងមួយឆ្នាំកន្លងមករួចអស់ទៅហើយ ជៀសវាងការរំលោភយកដីរបស់ពួកគាត់ ពីសំណាក់អ្នកមានទ្រព្យធន ឬមានអំណាចជាដើម៕