(ភ្នំពេញ)៖ ដើម្បីកាន់តែបញ្ជាក់ច្បាស់ដល់សាធារណជនអំពីការភ័យខ្លាចអាមេរិកតាមសម្លាប់លោក ជុន ច័ន្ទបុត្រ នាយករងគ្រប់គ្រងវិទ្យុអាស៊ីសេរី ជាខេមរភាសា, នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨នេះ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ បានបន្តទម្លាយនូវខ្សែអាត់សម្លេងសន្ទនាសំងាត់រវាង ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ និងលោក ជុន ច័ន្ទបុត្រ នៅក្នុងឱកាសទទួលទាន អាហារជាមួយគ្នានៅក្នុងភោជនីយដ្ឋានឈ្មោះ ដាល់ ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧កន្លងទៅតាមរយៈបណ្តាញព័ត៌មានដ៏ធំមួយនៅកម្ពុជាគឺ Fresh News។
នៅក្នុងខែ្សអាត់សម្លេងសំងាត់នោះលោក ជុន ច័ន្ទបុត្រ និងឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បាននិយាយគ្នាអំពីការប្រើកម្លាំងយោធាកងពលតូចលេខ៧០ ការពារសុវត្ថិភាពខ្លួន ព្រោះខ្លាចអាមេរិកតាមសម្លាប់ នៅពេលលោក ជុន ច័ន្ទបុត្រ មកដល់ទឹកដីកម្ពុជា កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧។
នៅក្នុងខែ្សអាត់សម្លេងសំងាត់នោះ ទាំងពីរបានជជែកគ្នាយ៉ាងដូច្នេះថា៖ (សូមស្តាប់)
ការទម្លាយខ្សែអាត់សម្លេងសំងាត់នៅពេលនេះ ធ្វើឡើងតាមការអះអាងរបស់ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ថា លោកមានខ្សែអាត់សម្លេងសន្ទនានៅពេលទទួលទាន អាហាររួមគ្នាចំនួន៣នាក់ ប្រើប្រាស់ពេលវេលាប្រមាណ១ម៉ោង៤៥នាទី រវាងឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ និងលោក ជុន ច័ន្ទបុត្រ ព្រមទាំងលោក រដ្ឋា វិសាល។
សូមជំរាបថា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ថ្លែងក្នុងជំនួបជាមួយប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលីប្រមាណ៨០០នាក់នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទម្លាយថា លោក ជុន ចាន់បុត្រ នាយករងគ្រប់គ្រងការផ្សាយជាខេមរភាសា នៃវិទ្យុអាស៊ីសេរី ធ្លាប់បានពឹងពាក់ ឲ្យឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ឲ្យជួយការពារជីវិតរបស់ខ្លួន ដើម្បីគេចពីការតាមសម្លាប់របស់ CIA អាមេរិក តាមសម្លាប់ដូច កែម ឡី៕