(រតនគិរី)៖ ភ្នំ១កន្លែងស្ថិតក្នុងភូមិ២ ឃុំត្រពាំងច្រែស មានចំងាយប្រមាណ៣០០ម៉ែត្រ ពីសាលាស្រុកកូនមុំ ខេត្តរតនគីរី ត្រូវបានគេយកអេស្កាវ៉ាទ័រទៅឈូសឆាយចំនួន២ទៅ៣ថ្ងៃមកហើយ ដោយមិនទាន់ឃើញមានអាជ្ញាធរ និងមន្រ្តីជំនាញមានវិធានការទប់ស្កាត់នោះទេ។
ជុំវិញបញ្ហានេះ លោក សេក ហៃ អភិបាលស្រុកកូនមុំ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨នេះថា លោកមិនទាន់បានទទួលព័ត៌មាននេះនៅឡើយទេ។
ប្រពលរដ្ឋមានទីលំនៅក្បែរទីតាំងខាងលើនេះ បានឲ្យដឹងផងដែរថា រយៈពេលជាង២០ឆ្នាំមកហើយភ្នំនេះ អាជ្ញាធរមូលដ្ឋានមិនឲ្យកាប់ ឈូសឆាយនោះទេ ពោលគឺជាដីរដ្ឋ។
ពួកគាត់ប្រាប់បន្តថា «ស្រាប់តែ២ទៅ៣ថ្ងៃនេះ លេចមុខឃើញគេយកគ្រឿងចក្រមកឈូសឆាយ ដោយនិយាយថា មានអ្នកធំនៅខេត្តឲ្យមកឈូសឆាយ»។ បើតាមមន្រ្តីអាជ្ញាធរមូលដ្ឋានបានលួចបង្ហើបថា ដីភ្នំខាងលើនេះ ត្រូវបានគេលួចឃុបឃិតគ្នា លក់ក្នុងតម្លៃ៧ម៉ឺនដុល្លារ ដោយអ្នកទិញនោះឈ្មោះ រតនា ជាអ្នកនៅខេត្តរតនគិរី។
ទាក់ទិនទៅនឹងករណីខាងលើនេះដែរនៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨នេះ ភ្នាក់ងារព័ត៌មាន Fresh News មិនទាន់អាចសុំការទំនាក់ទំនងមន្ទីរជំនាញ, អង្គភាពពាក់ព័ន្ធបាននោះទេ៕