(កោះកុង)៖ លោក ហាក់ ឡេង អភិបាលស្រុកមណ្ឌលសីមា បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅថ្ងៃទី២៨ ខែមីនាថា បង្គោលអគ្គិសនីប្រើពន្លឺ(សូឡា)ចំនួន៤២បង្គោល ដែលដាក់នៅតាមដងផ្លូវសាធារណៈ ក្នុងស្រុកមណ្ឌលសីមានោះ ត្រូវបានដាក់បំភ្លឺឲ្យប្រើប្រាស់រួចរាល់ជាស្ថាពរ នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះហើយ ដោយចាប់ពីថ្ងៃនេះទៅ។

លោក ហាក់ ឡេង បានបន្ថែមថា ការដាក់ប្រព័ន្ធអគ្គិសនីប្រើពន្លឺព្រះអាទិត្យ នៅតាមដងផ្លូវសាធារណៈ គឺវាមានអត្ថប្រយោជន៍ច្រើនដូចជា៖
*ងាយស្រួលក្នុងធ្វើដំណើរប្រជាពលរដ្ឋចេញចូលនាពេលយប់
*កាត់បន្ថយគ្រោះថា្នក់ចរាចរណ៍
*មិនឲ្យមានករណីអំពើប្លន់ និងបទល្មើសផ្សេងៗទៀត
*បង្កើនហេដ្ឋារចនាសម្ព័ន្ធ ស្រុកឲ្យមានសោភ័ណ្ឌភាព
*ធ្វើឲ្យមានភាពទាក់ទាញផ្នែកវិស័យទេសចរណ៍។ល។

ជាមួយគ្នានេះលោកអភិបាលស្រុក បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ចូលរួមថែរក្សាទាំងអស់គ្នា ព្រោះទាំងអស់នេះទ្រព្យរបស់យើងទាំងអស់គ្នា មិនមែនរបស់ឯកជនទេ។

ជាចុងក្រោយលោកក៏ទទូចដល់ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ ពេលបុណ្យចូលឆ្នាំប្រពៃណីខ្មែរ បងប្អូនឲ្យជួយថែរក្សាអនាម័យបរិស្ថាន និងតុបតែងលំអរលំនៅដ្ឋានឲ្យបានស្អាតទាំងអស់ ហើយក៏ដើម្បីសុខភាពខ្លួនឯងផងដែរ៕