(ភ្នំពេញ)៖ លោក ហ៊ុយ វណ្ណៈ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានថ្លែងថា អ្នកសារព័ត៌មានទាំអស់ និយាយឡែក និងនិយាយជារួម ប្រជាពលរដ្ឋទាំងអស់ ត្រូវតែរួមគ្នាកម្ចាត់ និងលុបបំបាត់នូវព័ត៌មានសំរាម ចេញ​ឲ្យអស់ពីប្រទេសកម្ពុជា។

ក្នុងសិក្ខាសាលា ស្តីអំពី «និន្នាការ និងបច្ចេកវិទ្យា ក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន» នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨នេះ លោក ហ៊ុយ វណ្ណៈ បានបញ្ជាក់ថា ព័ត៌មានសំរាម គឺជាព័ត៌មានដែលបំភ្លៃខុសពីការពិត ហើយកំពុងតែបំពុលសង្គមកម្ពុជា តាមរយៈបណ្ដាញព័ត៌មានសង្គម (Social Media)។

ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មាន បានថ្លែងយ៉ាងដូច្នេះថា «​យើងធ្លាប់តែលឺពាក្យមួយថា Fake News ជាព័ត៌មានប្រឌិត ខ្ញុំថានៅបរិបថកម្ពុជា យើងសព្វថ្ងៃ​គួរប្រើពាក្យថ្មីមួយទៀត គឺហៅថា​ ព័ត៌មានសំរាម ដែលព័ត៌មានសំរាមនេះ គឺបំពុលសង្គមជារៀងរាល់ថ្ងៃ តាមរយៈប្រព័ន្ធ Social Media ដែលអ្នកសារព័ត៌មានយើងទាំងអស់​មានការប្រុងប្រយ័ត្ន​ រួមគ្នាបោសសម្អាត បោសសម្អាតព័ត៌មានសំរាមនេះ ចេញពីការបោះពុម្ពផ្សាយរបស់យើង»

បើតាមលោក ហ៊ុយ វណ្ណៈ ការប្រើពាក្យព័ត៌មានសំរាមនេះ ដើម្បីទម្លាក់តម្លៃ​ឲ្យអ្នកបង្កើនព័ត៌មាននេះទៅនឹងសំរាម​ ហើយមួយវិញទៀត អ្នកដែលបានទទួលនូវព័ត៌មាននេះ ចូរកុំឲ្យតម្លៃឲ្យសោះតែម្ដង ព្រោះវាកំពុងតែបំពុលយើងហើយ។

លោក ហ៊ុយ វណ្ណៈ បានគូសបញ្ជាក់ថា កាលពីពេលកន្លែងទៅព័ត៌មានសំរាមនេះ គ្រាន់តែជាភាពចៃដន្យតែប៉ុណ្ណោះ ដោយអ្នកបំពុលនោះបានយករូបភាពចាស់ មកបង្ហោះជាថ្មីឡើងវិញ ដែលកាឡៃខុសពីការពិតជាក់ស្ដែង ប៉ុន្ដែចុងក្រោយនេះ មិនមែនជាភាពចៃដន្យនោះទេ គឺមានអង្គការចាត់តាំងតែម្ដង ដែលបង្កើតឲ្យមានការយល់ច្រឡំក្នុងសង្គម។

ជាមួយគ្នានោះ លោកបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានលើកឡើងដែរថា​ ក្រសួងប្រៃសណីយ៍ ត្រៀមខ្លួនដើម្បីចូលរួមជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីលុបបំបាត់នូវព័ត៌មានសំរាម ដែលកំពុងតែបំភ្លៃការពិតនាពេលសព្វថ្ងៃនេះ។

រដ្ឋលេខាធិការរូបនេះ បានសង្កត់ធ្ងន់ថា ក្រសួង នឹងរៀបចំបទបញ្ញត្តិមួយ ជាមួយអ្នកពាក់ព័ន្ធ ព្រោះថាបទដ្ឋានគតិយុត្តិជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយ ដើម្បីកំណត់ថា តើការបំភ្លៃនោះចូលក្នុងបទល្មើសប្រភេទណា ហើយអ្នកប្រព្រឹត្តនោះត្រូវមានទោសកម្រិតណា។ ប៉ុន្ដែការងារនេះ ក្រសួងប្រៃសណីយ៍ មិនអាចធ្វើម្នាក់បាននោះទេ គឺច្បាស់ណាស់ត្រូវតែមានការសហការគ្នា៕​