(ភ្នំពេញ)៖ ដូចដែលបានកំណត់ក្នុងតារាងការងារប្រចាំសប្តាហ៍នោះនៅព្រឹកថ្ងៃពុធនេះ ១៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីប្រមាណ ១៤,៦៩៤នាក់ មកពីរោងចក្រសហគ្រាសចំនួន២៣ នៅតំបន់ព្រៃទា ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖
* ផ្តើមសំណេះសំណាលជាមួយជាមួយកម្មករ កម្មការិនីនៅព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានបន្តក្រើនរំលឹកឲ្យរកវិធីដោះស្រាយបញ្ហាជូនកម្មករ កម្មការិនី ដែលត្រូវថែកែរោងចក្ររត់ចោល។ ការយករឿងនេះមកជជែកក៏ព្រោះតែសម្តេចទទួលបានការត្អូញត្អែររបស់កម្មការិនីម្នាក់ថា គេមិនទាន់ទទួលបានប្រាក់ខែ ប្រាក់អត្ថប្រយោជន៍ផ្សេងៗ ដែលថៅកែរត់ចោលនៅឡើយ។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានបច្ចេញសាច់ប្រាក់ ៤.៦លានដុល្លារអាមេរិក សម្រាប់ដោះស្រាយបញ្ហានេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីធានាបាននូវនិរន្តរភាពការងារក្នុងរោងចក្រ សហគ្រាស ត្រូវពឹងផ្អែកលើមុំ៣ជាសំខាន់ រួមមាន រាជរដ្ឋាភិបាល វិស័យឯកជន និងកម្មករ កម្មការិនីតែម្តង។ សម្តេចតេជោថា មុំទាំង៣នេះ មិនអាចខ្វះខាតមួយណាបានឡើយ ជាពិសេសគឺរាជរដ្ឋាភិបាលតែម្តង ត្រូវមានគោលនយោបាយច្បាស់លាស់ ឬ ប្រឹងប្រែងសម្របសម្រួលនាំអ្នកវិនិយោគ និងរកទីផ្សារក្រៅប្រទេសជាដើម។
* សម្តេចប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា សម្តេចមានមោទនភាពខ្លាំងណាស់ ដែលរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋគ្រប់រូបបានរួមគ្នាស្តារប្រទេសជាតិពី ស្ថានភាពមួយដ៏លំបាកឆ្ពោះមករកវឌ្ឍនភាព និងការរីកចម្រើននាពេលបច្ចុប្បន្ន។
* សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សមិទ្ធផលដែលកម្ពុជាទទួលបាននេះ គឺផ្តើមចេញពីការបញ្ចប់ភ្លើងសង្គ្រាម និងរក្សាបាននូវសុខសន្តិភាព មិនមែនបានមកពីការស្រែករបស់ក្រុមប្រឆាំងនោះឡើយ។
* សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល ក៏នៅតែបន្តយកចិត្តទុកដាក់លើការកសាងប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធកំពង់ផែ ព្រលានយន្តហោះជាដើម ដើម្បីរួមចំណែកជំរុញវិស័យឧស្សាហកម្ម និងសេដ្ឋកិច្ចជាតិ។
* សម្តេចតេជោ បានថ្លែងថា កម្ពុជាមិនមែនជាប្រទេសមានសង្គ្រាម ឬវិបត្តិនយោបាយនោះឡើយ ប្រជាពលរដ្ឋនៅតែប្រកបមុខរបរចិញ្ចឹមជីវិតជាប្រក្រតី ហើយការបោះឆ្នោតក៏នឹងត្រូវធ្វើតាមកាលបរិច្ឆេទគ្រោងទុក។ អ្នកដែលថាមានវិបត្តិនយោបាយ គឺគ្រាន់តែជាការលើកឡើងរបស់មនុស្សមួយក្រុម ដែលប្រព្រឹត្តទោសប៉ុណ្ណោះ។
* សម្តេចតេជោ ហ៊ុន សែន ក៏បានពន្យល់ផងដែរពីមូលហេតុដែលសម្តេចទើបចាប់ផ្តើមចុះជួបកម្មករ កម្មការិនីផងដែរ។ សម្តេចបានពន្យល់ថា សម្តេចមានខ្លួនតែមួយ ដូច្នេះមិនអាចទៅគ្រប់ទីកន្លែងក្នុងពេលតែមួយនោះទេ គឺត្រូវមើលលើការងារណាដែលភាពចាំបាច់ និងអាទិភាពមុន។ ជាក់ស្តែងដូចពេលជាតិមានសង្គ្រាមគេឃើញ សម្តេចនៅតាមសមរភូមិ និងនៅលើតុចរចា ដើម្បីបញ្ចប់សង្គ្រាម បន្ទាប់មកគេក៏ឃើញសម្តេចនៅតាមតំបន់ខ្មែរក្រហម ដើម្បីចរចាយកខ្មែរក្រហមមករួមរស់ ជាមួយរាជរដ្ឋាភិបាល លុះក្រោយមកគេឃើញសម្តេចនៅតាមវាលស្រែ ប្រឡាយទឹក ដើម្បីជំរុញការធ្វើស្រែផលិតស្បៀង។ លុះដល់បច្ចុប្បន្នគេក៏ឃើញ សម្តេចត្រូវចុះជួបកម្មករ កម្មការិនី ដើម្បីជំរុញវិស័យឧស្សាហកម្មវិញម្តង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចជាមេដឹកនាំដែលបានប្រើការចរចាច្រើនជាងគេបំផុតនៅលើពិភពលោកនេះ ដើម្បីនាំមកនូវការបង្រួបបង្រួម និងការផ្សះផ្សារជាតិ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាស្វាគមន៍ការវិនិយោគពីគ្រប់ប្រទេស មិនមានការរើសអើងការវិនិយោគរបស់ប្រទេសណាមួយនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្ថានភាពការងារលើវិស័យវេណភណ្ឌបានរីកចម្រើនយ៉ាងច្រើន ដែលក្នុងនោះកាលពីឆ្នាំ១៩៩៧ មានរោងចក្រតិចតួចបំផុត តែបច្ចុប្បន្នរោងចក្រ សហគ្រាសក្នុងប្រព័ន្ធនេះបានកើនដល់ប្រមាណ ១ម៉ឺន ២ពាន់ ដោយផ្តល់ការងារជូនកម្មករ កម្មការិនីប្រមាណ ១លាន ៥សែននាក់។ ក្នុងប្រាក់ឈ្នួលក៏បានកើនឡើងខ្ពស់ផងដែរ ដែលពេលបច្ចុប្បន្នប្រាក់ឈ្នួលអប្បបរមាមានរហូតដល់ ១៧០ដុល្លារ ដែលជាអត្រាប្រាក់ឈ្នួលខ្ពស់ជាង បណ្តាប្រទេសជាច្រើននៅក្នុងតំបន់។
* សម្តេចតេជោ បានបន្តថា ការដំឡើងប្រាក់ឈ្នួលសម្រាប់កម្មករ កម្មការិនីនឹងធ្វើឡើងជារៀងរាល់ឆ្នាំ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមការព្យាករណ៍របស់អ្នកសេដ្ឋកិច្ចនៅឆ្នាំ២០២៣ ប្រាក់ឈ្នួលរបស់កម្មករ កម្មការិនី មិនតិចជាង ២៥០ដុល្លារនោះឡើយ។ សម្តេចថែមទាំងសង្ឃឹមថា ប្រាក់ឈ្នួលអាចនឹងខ្ពស់ជាងនេះថែមទៀតផង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កំណើនសេដ្ឋកិច្ចជាតិ នឹងនាំទៅដល់ការកើនឡើងនូវប្រាក់ចំណូលរបស់កម្មករ កម្មការិនី និងប្រជាកសិករផងដែរ។
* សម្តេចប្រមុខរាជរដ្ឋាភិបាល បានមើលឃើញថា ប្រទេសសមាជិកអាស៊ានផលិតបានផលិតផលដូចៗគ្នាសម្រាប់នាំទៅលក់ នៅក្រៅប្រទេសជាហេតុនាំ ឲ្យពិបាកក្នុងការប្រកួតប្រជែង ផ្ទុយពីបណ្តាប្រទេសនៅតំបន់អឺរ៉ុប ដែលមានផលិតផលដូចជាយន្តហោះ បរិក្ខារ និងថ្នាំពេទ្យជាដើម មិនពិបាកក្នុងការប្រកួត ប្រជែងទីផ្សារនោះឡើយ។
* ដើម្បីធានាបានភាពសុខដុមក្នុងរោងចក្រសហគ្រាស សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យចូលរួមថែរក្សាបរិយាកាសការងារ ដោយមិនត្រូវឲ្យមានបងតូចបងធំ ឬថ្នាំញៀននៅក្នុងរោងចក្រ សហគ្រាសនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរទាំងឡាយកុំដំឡើងថ្លៃនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ។
* នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ សាលារាជធានីភ្នំពេញ ផ្តល់ការជិះរថយន្តក្រុងក្នុងរាជធានីភ្នំពេញជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃរយៈពេល៣ថ្ងៃ។
* សម្តេចតេជោ ហ៊ុន សែន បញ្ចប់សុន្ទរកថានៅវេលាម៉ោង ៨៖៤៨នាទី, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់តាមរយៈបណ្តាញព័ត៌មាន Fresh News ៕