(វ៉ាស៊ីនតោន)៖ ទីបំផុត ស្ថាបនិកក្រុមហ៊ុន Facebook លោក Mark Zuckerberg បានសម្រេចចិត្ត​ព្រមព្រៀងផ្តល់ភស្តុតាង នៅចំពោះមុខសភា, នេះបើយោងតាមសារព័ត៌មាន New York Post ចេញផ្សាយឲ្យដឹង នាយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ។

នាយកប្រតិបត្តិក្រុមហ៊ុន Facebook វ័យ៣៣ឆ្នាំរូបនេះ បានមកធ្វើកិច្ចព្រមព្រៀងថា លោកនឹងមានភស្តុតាងបង្ហាញចំពោះមុខសភា នៅក្នុងបញ្ហា ដែលបានអូសបន្លាយពេលជាច្រើនសប្តាហ៍នេះ ហើយក្រុមហ៊ុន Facebook បច្ចុប្បន្ននេះ កំពុងរៀបចំគម្រោងយុទ្ធសាស្ត្រ សម្រាប់ការបង្ហាញភស្តុតាងរបស់លោក។

លោក Zuckerberg នៅព្រឹកថ្ងៃអង្គារនេះបានបដិសេធក្នុងការបង្ហាញខ្លួន នៅចំពោះមុខសភាចក្រភពអង់គ្លេស ក្នុងការឆ្លើយសំណួរស្តីពីការអនុវត្តភាពឯកជនរបស់ Facebook ដោយលោក បានបញ្ជាក់ថា បុគ្គលិកជាន់ខ្ពស់ដទៃទៀត​ អាចបញ្ជាក់ចម្លើយបានច្បាស់ជាង ចំពោះសំណួររបស់ពួកគេពាក់ព័ន្ធនឹងរឿងអាស្រូវនេះ។

ប្រធានព្រឹទ្ធសភា លោក Chuck Grassley បានអញ្ជើញជាផ្លូវការ លោក Zuckerberg ជាមួយនឹងនាយកប្រតិបត្តិ ក្រុមហ៊ុន Google លោក Sundar Pichai និងនាយកប្រតិបត្តិក្រុមហ៊ុន Twitter លោក Jaqck Dorsey ទៅកាន់សវនាការ ស្តីពីការបែកធ្លាយទិន្នន័យ​ឯកជន នៅថ្ងៃទី១០​ ខែមេសាខាងមុខ។

សវនាការ នឹងធ្វើឡើងនៅវិមានព្រឹទ្ធសភា Capitol Hill របស់សហរដ្ឋអាមេរិក នឹងក្លាយជាទីចាប់អារម្មណ៍មួយរបស់សាធារណជន ខណៈលោក Zuckerberg ​​ធ្វើការតស៊ូដើម្បីទប់ស្កាត់ ការបំផ្លិចបំផ្លាញ ស្តីពីការបែកធ្លាយថា ក្រុមហ៊ុន Facebook បានផ្តល់ទិន្នឯកជននៃអ្នកប្រើប្រាស់ ជាង៥០លាននាក់ ឲ្យទៅក្រុមហ៊ុនវិភាគ Cambridge Analytica ដែលជាក្រុមហ៊ុនមួយ មានទំនាក់ទំនងជាមួយនឹង យុទ្ធនាការរបស់លោកប្រធានាធិបតី Trump ៕