(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃ គេតែងសង្កេតឃើញ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ទាំងនៅទីបញ្ជាការ និងនៅតាមបណ្តាខណ្ឌទាំង១២ បានបំពេញតួនាទីរបស់ខ្លួន យ៉ាងមមាញឹក ទាំងការស្រាវជ្រាវបង្ក្រាបបទល្មើស, ការចូលរួមការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំ, ការចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់គ្រប់កម្មវិធីបុណ្យជាតិ, ការចូលរួមការពារសុវត្ថិភាពជូនប្រតិភូជាតិអន្តរជាតិ, ការជួយយកអាសារ ដោយការសង្គ្រោះបឋមលាង និងរុំរបួសចំពោះប្រជាពលរដ្ឋ ដែលជួបឧបទ្ទវហេតុគ្រោះថ្នាក់លើដងផ្លូវ, ការជួយសម្រួលចរាចរណ៍នៅកន្លែងកកស្ទះ, ការជួយដឹកដៃសិស្សតូចៗឆ្លងផ្លូវទាំងម៉ោងចូលនិងចេញពីសាលា, ការចូលរួមចលនា អនាម័យបរិស្ថានគ្រប់ទីកន្លែងដែលអាវុធហត្ថឈរជើង, កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ នៅតាមបណ្តាខណ្ឌទាំង១២ នៅថែមទាំងបន្តបេសកម្មរបស់ខ្លួនក្នុងការល្បាតពេលយប់ រក្សាសន្តិសុខ សុវត្ថិភាពជូនពលរដ្ឋ ទាំងនៅលើដងផ្លូវ និងនៅតាមតំបន់ស្មុគ្រស្មាញមួយចំនួនផងដែរ ។
ជាក់ស្តែងនៅយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង២១៖០០នាទី កម្លាំងអាវុធហត្ថខណ្ឌមានជ័យបានចេញល្បាត ដូចសព្វដង ក៏ប្រទះឃើញ យុវវ័យប្រុសស្រីមួយក្រុមមានគ្នា០៥នាក់ នៅចំណុច ផ្លូវលំ ក្រុម២ ភូមិ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានសភាពគួរឲ្យសង្ស័យ សមត្ថកិច្ចអាវុធហត្ថ ក៏ធ្វើការឃាត់ខ្លួនដើម្បីសួរនាំ បានរកឃើញថា យុវវ័យមួយក្រុមនេះ គឺមានជាប់ពាក់ព័ន្ធជាមួយគ្រឿងញៀន ដោយធ្វើការដកហូតថ្នាំញៀនជាប់ខ្លួន ចំនួន០២កញ្ចប់។
ជនសង្ស័យទាំង០៥នាក់នោះរួមមាន៖
១៖ ឈ្មោះ យិន សុកភារក្ស ហៅរក្ស ភេទប្រុស អាយុ ២៥ឆ្នាំ
២៖ ឈ្មោះ បឿន ក្រេស ហៅក្រេស ភេទប្រុស អាយុ ២៣ឆ្នាំ
៣៖ ឈ្មោះ ហេង សំណាង ហៅទ្រី ,ហៅម៉ាប់ ភេទប្រុស អាយុ ២១
៤៖ ឈ្មោះ ជូ សំអន ហៅទក ភេទប្រុស អាយុ ៣៩ឆ្នាំ
៥៖ ឈ្មោះ រីម ចាន់រី ហៅរី ភេទស្រី អាយុ ២០ឆ្នាំ
ក្រោយពេលសមត្ថកិច្ចអាវុធហត្ថខណ្ឌមានជ័យឃាត់ខ្លួន ជនសង្ស័យទាំង០៥នាក់ បញ្ជូនទៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ សមត្ថកិច្ចជំនាញ បានស្រាវជ្រាវឃើញថា ពួកគេធ្លាប់ប្រើប្រាស់គ្រឿងញៀន អស់រយៈពេល ជាច្រើនខែរួចមកហើយ និងថែមទាំងធ្លាប់បានធ្វើការជួញដូរ និងចែកចាយគ្រឿងញៀនបន្ត ទៅឲ្យបក្សពួកខ្លួនផ្សេងទៀត ផងដែរ ទើបនៅរសៀលថ្ងៃទី២៧ ខែ០៣ ឆ្នាំ២០១៨នេះ សមត្ថកិច្ចជំនាញនៃការិយាល័យ ស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានកសាងសុំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការផ្តន្ទាទោសតាមច្បាប់៕