(ភ្នំពេញ)៖ ទីភ្នាក់ងារឧត្ដមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងសាកលវិទ្យាល័យទីក្រុងហាណូយ បានប្រកាសបើកការប្រឡងប្រជែង ក្រោមប្រធានបទ «ការបង្កើតគម្រោងច្នៃប្រឌិត Start-up francophone ឆ្នាំ២០១៨» សម្រាប់យុវជនមានអាយុក្រោម៣៥ឆ្នាំ ឬនិស្សិត ដែលបានបញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យ ជាសមាជិក AUF នៅប្រទេសវៀតណាម ឡាវ កម្ពុជា និងថៃ។
បើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ការរៀបចំការប្រឡងប្រជែងនេះ មានការសហការ ពីបណ្ដាញអតីតនិស្សិត នៃមជ្ឈមណ្ឌលហ្រ្វង់កូ-វៀតណាម ដែលបណ្ដុះបណ្ដាលជំនាញ គ្រប់គ្រង (CFVG) និងមជ្ឈមណ្ឌលសង្គមនវានុវត្តន៍ និងសហគ្រិនភាព (CSIE) នៃសាកលវិទ្យាល័យជាតិសេដ្ឋកិច្ចផងដែរ។
ការប្រឡងប្រជែងនេះ មានគោលដៅបង្កើតទំនាក់ទំនង រវាងមជ្ឈដ្ឋានសិក្សាធិការ និងវិស័យសេដ្ឋកិច្ច និងសង្គមក្នុងតំបន់ ដើម្បីរំលេចឡើងនូវគម្រោងច្នៃប្រឌិត របស់យុវនិស្សិត និងយុវជនចេះភាសាភាបារាំង ដែលកំពុងសិក្សា និងទើបបញ្ចប់ការសិក្សា។ ព្រឹត្តិការណ៍នេះ អនុញ្ញាតឲ្យយុវជនទទួលបាននូវការ ជួយជ្រោមជ្រែងពីសំណាក់អ្នកជំនាញ នៅក្នុងវិស័យនីមួយៗ ដែលខ្លួនជ្រើសរើស។ ទទួលចុះឈ្មោះចាប់តាំងពីពេលប្រកាសនេះ រហូតដល់ថ្ងៃទី៣១ ខែមីនា ជាលក្ខណៈបុគ្គលឬជាក្រុម ដោយការបំពេញទម្រង់ ចុះឈ្មោះអនឡាញតាមអាសយដ្ឋាន៖ https://goo.gl/forms/QXn53MDBmwZNcDDK2។
នៅខែកក្កដា ម្ចាស់គម្រោងដែលជាប់ជម្រើសល្អៗ ចំនួន២០នៅថ្នាក់តំបន់ អាចទទួលបានការអញ្ជើញឲ្យចូលរួមសិក្ខាសាលា បណ្ដុះបណ្ដាល និងការជ្រោមជ្រែងក្នុងការបង្កើតគម្រោង ក្រុមហ៊ុន ដើម្បីអនុវត្តផែនការ ជំនួញរបស់ខ្លួន។ ពួកគេអាចចូលរួមក្នុងដំណើរទស្សនកិច្ច តាមក្រុមហ៊ុនកែច្នៃថ្មីៗ ចូលរួមសិក្ខាសាលានានា និងធ្វើការផ្លាស់ប្ដូរយោបល់ ជាមួយអ្នកអាជីព ដែលផ្ដល់ជូនពួកគាត់ នូវចំណេះជំនាញដ៏សម្បូរបែប ក្នុងការបង្កើតគម្រោងជំនួញរបស់ខ្លួន។
ពួកគេអាចចូលរួម ក្នុងដំណើរទស្សនកិច្ច តាមក្រុមហ៊ុនកែច្នៃថ្មីៗ ចូលរួមសិក្ខាសាលានានា និងធ្វើការផ្លាស់ប្ដូរយោបល់ជាមួយអ្នកអាជីព ដែលផ្ដល់ជូនពួកគាត់នូវចំណេះជំនាញ ដ៏សម្បូរបែបក្នុងការបង្កើតគម្រោងជំនួញរបស់ខ្លួន។ ក្រុមដែលទទួលបានពិន្ទុល្អជាងគេចំនួន៤ នឹងត្រូវទៅចូលរួមក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅទីក្រុងហាណូយ ដែលគ្រោងធ្វើឡើងនៅខែកញ្ញា ឆ្នាំ២០១៨ ។ ពួកគាត់នឹងបង្ហាញផែនការ ជំនួញរបស់ខ្លួនចំពោះមុខគណៈមេប្រយោគសហគ្រិន។
អ្នកឈ្នះរង្វាន់ទី១៖ ទទួលបានរង្វាន់១០០០អឺរ៉ូ, ទី២៖ ទទួលបាន៥០០អឺរ៉ូ និងទី៣៖ ទទួលបាន២៥០អឺរ៉ូ (ពីររង្វាន់)។ ជ័យលាភីនិមួយៗ នឹងមានឱកាសចុះកម្មសិក្សា នៅតាមក្រុមហ៊ុន ប្រើប្រាស់ភាសាបារាំង នៅក្នុងតំបន់ និងអាចអញ្ជើញឲ្យទាក់ទងផ្ទាល់ ជាមួយវិនិយោគិនបារាំងនិងវៀតណាម។
កាលពីឆ្នាំ២០១៧ ការប្រឡងប្រជែងនេះ ត្រូវបានរៀបចំឡើងជាលើកទីមួយ ដោយសាលាជាន់ខ្ពស់ពាណិជ្ជកម្មក្រៅប្រទេស ទីក្រុងហាណូយ (ESCE) ដោយរួមសហការជាមួយ AUF។
នៅវគ្គផ្ដាច់ព្រ័ត្រ ក្រុម «TrueStack» របស់សាលា ESCE បានឈានមុខគូរប្រជែងទាំងបីរបស់ខ្លួន និងដណ្ដើមបានរង្វាន់លេខ១ ដោយសារគំនិតថ្មីប្លែកពីគេ គឺការបង្កើតផ្លាតហ្វម (Plate-forme) ដែលអាចជួយក្រុមហ៊ុនអ្នកច្នៃប្រឌិតថ្មី ក្នុងការអំពាវនាវស្វែងរកមូលនិធិ និងអភិវឌ្ឍស្នាដៃរបស់ខ្លួន។
សូមបញ្ជាក់ថា AUF គឺជាសមាគមអន្តរជាតិ ដែលមានអាយុកាលជាង៥០ឆ្នាំមកហើយ។ សមាគមនេះ ប្រមូលផ្ដុំសាកលវិទ្យាល័យ សាលាជាន់ខ្ពស់ បណ្ដាញឧត្ដមសិក្សា និងមជ្ឈមណ្ឌល ស្រាវជ្រាវវិទ្យាសាស្ត្រនានា ដែលប្រើប្រាស់ភាសាបារាំង សរុបចំនួន៨៤៥ នៅតាមបណ្ដាប្រទេសចំនួន១១១ នៅលើពិភពលោក។ AUF គឺជាសមាគមមួយ ក្នុងចំណោមសមាគមសំខាន់ ផ្សេងៗ សម្រាប់គ្រឹះស្ថានឧត្ដមសិក្សា និងស្រាវជ្រាវនៅលើពិភពលោក៕