(ឧត្តរមានជ័យ)៖ ទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងលោកស្រី នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាត មន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៦ នៅមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តឧត្តរមានជ័យ។
ក្នុងនោះមានព្រះមន្ត្រីសង្ឃខេត្តទាំងពីរគណៈ មន្ត្រីរាជការ ក្រោមឱវាទមន្ទីរធម្មការ និងសាសនាខេត្ត និងសមាគមអាចារ្យ អាចារិនី សាសនិកឥស្លាម គ្រីស្ទសាសនាចូលរួមប្រមាណ៥២៣អង្គ/នាក់ ដើម្បីពង្រឹងការអនុវត្តព្រះរាជសង្ឃប្រកាសឱ្យមានប្រសិទ្ធភាពខ្ពស់ ក៏ដូចជាការលើកស្ទួចវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់របស់រដ្ឋ ឲ្យគង់វង្ស ស្ថិតថេរ ចីរកាលតទៅ។
ទេសរដ្ឋមន្រ្តី បានបញ្ជាក់ជូន អំពីគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បាននាំមកឲ្យប្រទេស និងប្រជាជនកម្ពុជា នូវសន្តិភាព និងការអភិវឌ្ឍន៍គ្រប់វិស័យ និងសូមចងចាំថារាជរដ្ឋាភិបាលគោរពសិទ្ធិសេរីភាពខាងជំនឿ និងសាសនាលើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងបង្កលក្ខណៈសម្បត្តិល្អដល់សកម្មភាព នៃសាសនាផ្សេងៗទៀត ដោយផ្អែកលើមូលដ្ឋានថែរក្សាសាមគ្គីរវាងប្រជាជន ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម ដោយរារាំងការរើសអើង និងការបែងចែកក្នុងសង្គមដែលបណ្តាលមកពីភាពខុសគ្នាខាងជំនឿ និងសាសនា។
ទេសរដ្ឋមន្រ្តី ហ៊ឹម ឆែម បានផ្តាំផ្ញើដល់អង្គពិធីទាំងមូល មេត្តាជួយបន្តធ្វើការផ្សព្វផ្សាយអប់រំលើកកម្ពស់ ការយល់ដឹងអំពីផលលំបាក នៃការប្រើប្រាស់គ្រឿងញៀន ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្នុងខេត្តឧត្តរមានជ័យ នៅឲ្យឆ្ងាយពីគ្រឿងញៀន និងរួមគ្នាគោរពច្បាប់ចរាចរណ៍៕