(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃអង្គារ៍ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០១៨នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតសុខាភិបាល ប្រចាំឆ្នាំលើកទី៣៩ ដែលធ្វើឡើងនៅសណ្ឋាគារ សូហ្វីតែលភូគីត្រា រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍សំខាន់ៗ៥ចំណុច ដើម្បីឲ្យវិស័យសុខាភិបាល កាន់តែមានប្រសិទ្ធភាពខ្ពស់ ក្នុងប្រើសេវាដល់ប្រជាជន។ អនុសាសន៍សំខាន់ៗទាំង៥ចំណុចនោះរួមមាន៖
១៖ ត្រូវពង្រឹងរចនាសម្ព័ន្ធ និងអភិវឌ្ឍន៍សមត្ថភាពស្ថាប័នសុខាភិបាលទាំងប៉ុស្ត៍សុខភាព មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកគ្រប់ប្រភេទ និងមន្ទីរពេទ្យនានាដើម្បីឲ្យមានគុណភាពខ្ពស់។ លើកកម្ពស់អប់រំសតិអារម្មណ៍ មន្ត្រីបុគ្គលិក សុខាភិបាល ប្រតិបត្តិល្អតាមក្រមសីលធម៍វិជ្ជាជីវៈ និងឥរិយាបទសមរម្យជាមួយប្រជាពលរដ្ឋ។
២៖ ត្រូវយកចិត្តទុកដាក់ពង្រឹងផ្នែកធនធានមនុស្ស ក្នុងវិស័យសុខាភិបាល តាមនីតិវិធីអនុវត្តការងារ និងប្រព័ន្ធគ្រប់គ្រង ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ របស់ស្ថាប័នដោយបង្កើនផលិតភាព នៃការផ្តល់សេវាទាំងបរិមាណនិងគុណភាព ខណៈដែលរាជរដ្ឋាភិបាលបានផ្តល់ នូវអត្ថប្រយោជន៍បន្ថែម ដល់មន្ត្រីសាធារណៈដោយរាប់បញ្ចូលទាំង មន្ត្រីសុខាភិបាលដូចជាការ បង្កើនបៀវត្ស បង្កើនប្រាក់ឧបត្ថមដល់មន្ត្រី សាធារណៈជាស្ត្រីពេលសម្រាលកូន និងការផ្តល់របបសន្តិសុខសង្គមផ្នែក ថែទាំសុខភាពជាដើម។ ត្រូវមានការបែងចែកគ្រូពេទ្យរបស់រវាងតំបន់ជនបទ និងទីក្រុងឲ្យមានតុល្យភាព រួមទាំងវិនិយោគអគារសុខាភិបាល និងបច្ចេកវិទ្យាសុខាភិបាល ឲ្យចំគោលដៅផងដែរ។ ជាមួយគ្នានោះត្រូវយកចិត្តទុកដាក់ ផ្តល់អាគារស្នាក់នៅជូនដល់គ្រូពេទ្យផងដែរ។
៣៖ ត្រូវពង្រឹងសមត្ថភាពនិយ័តកម្ម របស់អង្គភាពសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងអង្គភាពរដ្ឋបាល ថ្នាក់ក្រោមជាតិ ដែលក្រសួងសុខាភិបាលបានធ្វើ ប្រតិភូកម្មមុខងារនិយ័តកម្មនេះ ដើម្បីពង្រឹង ការអនុវត្តច្បាប់ និងនីតិក្រមសុខាភិបាល នៅលើទីផ្សារសុខភាពក្នុងកាលៈទេសៈ ដែលសេវាសុខាភិបាលឯកជន កំពុងរីកលូតលាស់យ៉ាងខ្លាំង។
៤៖ ដើម្បីទទួលបាននូវការងារនិយ័តកម្មនេះ គឺត្រូវធានាថា សេវាសុខភាពដែលផ្តល់ដោយផ្នែកសុខាភិបាល ជូនប្រជាពលរដ្ឋត្រូវឈរលើនិយាម សមត្ថភាពបច្ចេកទេស ស្តង់ដារគុណភាព និងក្រមសីលធម៌ខ្ពស់។ ដូចច្នេះត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវច្បាប់ស្តីពីការគ្រប់គ្រង អ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល និងចាំបាច់ត្រូវពង្រឹកយន្តការត្រួតពិនិត្យ និងវាយតំលៃមួយជាក់លាក់ ដើម្បីធានាឲ្យប្រជាពលរដ្ឋដែល បានចំណាយលើការថែទាំសុខភាព ទទួលបានមកវិញនូវគុណប្រយោជន៍ ផ្នែកសុខភាពពោលគឺ ទទួលបានសេវាមានគុណភាព សុវត្ថិភាព និងភាពស័ក្តិសិទ្ធិ។
៥៖ បង្កើតសកម្មភាពផ្សព្វផ្សាយព័ត៌មាន នឹងជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋយើង ឲ្យបានយល់ជ្រួតជ្រាប ជាពិសេសពាក់ព័ន្ធទៅនឹងសុខភាព អនាម័យ មូលនិធិសមធម៌ អំពីការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យសុខាភិបាល។ ទន្ទឹមនឹងនោះ គឺត្រូវពង្រឹងយន្តការគណនេយ្យភាពសង្គម នៅថ្នាក់ក្រោមជាតិ ដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋមាន ភាពងាយស្រួលក្នុងការទទួលព័ត៌មាន និងចូលរួមផ្តល់យោបល់ អំពីការបំពេញការងាររបស់អង្គភាព ផ្តល់សេវាសុខាភិបាល នៅមូលដ្ឋានអនុលោម តាមកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិឆ្នាំ២០១០-២០២០ ដែលមានគោល បំណងលើកកម្ពស់ដល់សេវាសាធារណៈនិងអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋានឲ្យឆ្លើយតបទៅនឹង តម្រូវការជាក់ស្តែងរបស់ប្រជាជន ក៏ដូចជាការលើស្ទួយគុណភាព នៃជីវិតរស់នៅរបស់ប្រជាជន។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ បុគ្គលិកសុខាភិបាលទូទាំងប្រទេស ដែលបានខិតខំពុះពារជម្នះ និងព្យាយាមអនុវត្តគោល នយោបាយ និងកម្មវិធីនានារបស់រាជរដ្ឋាភិបាល ហើយសម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទន ជាពិសេសលទ្ធផលនៃការផ្តល់ សេវាអប់រំសុខភាពការពិនិត្យ សុខាភិបាល និងថែទាំសុខភាពជូនប្រជាជន កម្មករ និយោជិកទាំងក្នុង និងក្រៅប្រព័ន្ធ។ សម្តេចតេជោ ក៏បានវាយតម្លៃខ្ពស់ចំពោះការ ឧបត្ថម្ភគាំទ្រទាំងផ្នែក បច្ចេកទេស និងហិរញ្ញវត្ថុ ពីសំណាក់ដៃគូអភិវឌ្ឍសុខាភិបាល ដោយរាប់បញ្ចូលទាំងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិ។
សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល បានកត់សម្គាល់ឃើញថា មានកិច្ចការសំខាន់ៗជាច្រើន ដែលអង្គភាពសុខាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវបន្តអនុវត្តន៍ឲ្យបានកាន់ តែស្វាហាប់ និងដោះស្រាយបញ្ហាប្រឈមនានា ជាពិសេសការផ្តល់សេវាសុខភាពឲ្យកាន់តែមានប្រសិទ្ធភាព ការលើកម្ពស់សុខភាព សុខុមាលភាព និងគុណភាព នៃជីវិតរស់នៅរបស់ប្រជាជនគ្រប់រូប ដើម្បីជាគុណប្រយោជន៍បន្ថែមដល់ប្រជាជន និងកសាងបានអនាគតកាន់តែរុងរឿង សម្រាប់កូនចៅជំនាន់ក្រោយ។
សម្តេចតេជោបានបញ្ជាក់ថា សុខភាពប្រជាជន គឺជាទ្រព្យធនដ៏សំខាន់មួយមិនអាចខ្វះ បាននៅក្នុងដំណើរការអភិវឌ្ឍប្រទេស ឲ្យប្រកបដោយចីរភាព ជាពិសេស ការរក្សានូវស្ថិរភាព នៃកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ។ ដូច្នេះការគិតគូរការយកចិត្តទុកដាក់ខ្ពស់ និងការផ្តល់អាទិភាពដល់ វិស័យសុខាភិបាលនេះ ជាកិច្ចការដ៏ចាំបាច់ដែលត្រូវបន្តលើកកម្ពស់ទាំង ក្នុងពេលបច្ចុប្បន្ន និងអនាគត។
សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កាលណាប្រជាជនមានសុខភាពល្អមាំមួន នឹងមានលទ្ធភាពខ្ពស់ចូលរួមពេញលេញ ក្នុងសកម្មភាពសេដ្ឋកិច្ច ដើម្បីលើកស្ទួយ ជីវភាពរស់នៅរបស់គ្រួសារ បង្កើនផលិតភាព និងមានលទ្ធភាពបញ្ជូនកូនចៅទៅកាន់សាលារៀន ឲ្យទទួលបានចំណេះដឹងក្លាយជាមូលធនមនុស្ស មានសមត្ថភាព ជំនាញពិតប្រាកដ ជាកម្លាំងដ៏សកម្មក្នុងវិស័យសេដ្ឋកិច្ច និងអភិវឌ្ឍសង្គមជាតិ។
សម្តេចប្រមុខរាជរដ្ឋាភិបាល បានថ្លែងទៀតថា រាជរដ្ឋាភិបាលតែងបានខិតខំបង្កើន ធនធានវិនិយោគយ៉ាងច្រើន លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋាន នៃប្រព័ន្ធសុខាភិបាលមានជាអាទិ៍៖ សំណង់មូលដ្ឋានសុខាភិបាល ការបណ្តុះបណ្តាលធនធានមនុស្ស ការផ្គត់ផ្គង់ឱសថ បរិក្ខារ ការបំពាក់ឧបករណ៍ពេទ្យ បច្ចេកវិទ្យាវេជ្ជសាស្ត្រ។ល។ ដើម្បីបម្រើដល់ការផ្តល់សេវាសុខាភិបាលរបស់កម្ពុជា។ ទន្ទឹមនេះរាជរដ្ឋាភិបាល ក៏បានបង្កើនចំណាយក្នុងការពង្រីកការ គ្របដណ្តប់នៃកម្មវិធីមូលនិធិសមធម៌ ដើម្បីជួយប្រជាជនក្រីក្រ កម្មករ និយោជិតក្រៅប្រព័ន្ធ និងប្រជាជនជាគោលដៅមួយចំនួនផ្សេងទៀតឲ្យចៀសផុត ពីហានិភ័យហិរញ្ញវត្ថុ នៅពេលមកប្រើប្រាស់សេវាថែទាំសុខភាព នៅពេលមានជំងឺ ឬ បញ្ហាសុខភាព។
សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ក៏ត្រូវបានពង្រីកការគ្របដណ្តប់ដល់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន បន្ទាប់ពីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់កម្មករ និយោជិតក្នុងប្រព័ន្ធត្រូវបានដាក់ឲ្យដំណើរការនៅឆ្នាំ២០១៦។
សម្តេចគូសបញ្ជាក់ថា នេះជាវឌ្ឍនភាព មួយនៃការអនុវត្តក្របខ័ណ្ឌគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍប្រព័ន្ធគាំពាំរសង្គមឆ្នាំ២០១៦-២០២៥ ដែលបានបញ្ជាក់ពីឆន្ទៈនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រកាន់អភិក្រម នៃការឈានជាជំហានៗឆ្ពោះទៅកាន់ការគ្របដណ្តប់សុខភាពជាសកល ដោយមានសង្គតិភាពជាមួយ គោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០។
សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា អត្ថប្រយោជន៍ផ្នែកសុខភាព ដែលប្រជាជននឹងទទួលបានត្រូវឈរលើគោលការណ៍ចម្បងពីរយ៉ាងគឺ ទី១. ត្រូវមានសេវា ថែទាំសុខភាព ហើយសេវាទាំងនោះអាចប្រើប្រាស់បាននៅពេលត្រូវការ, ទី២. ត្រូវធានាថា គ្មានប្រជាជនណាម្នាក់ត្រូវបានបោះបង់ចោល និងមិនបានទទួលសេវា ថែទាំងសុខភាព នៅពេលមានជំងឺដង្កាត់ និងនៅពេលមកដល់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដោយសារតែគ្មានលទ្ធភាពបង់ថ្លៃសេវានោះទេ។
ចំណុចនេះ គឺជាគុណតម្លៃសមធម៌ នៃការផ្តល់សេវាសុខាភិបាល ដូច្នេះក្រសួងសុខាភិបាលត្រូវបន្តការខិតខំប្រឹងប្រែង ក្នុងការចាត់ចែង និងគ្រប់គ្រងធនធាន ហិរញ្ញវត្ថុដែលមានឲ្យកាន់តែប្រសិទ្ធភាព និងឆ្ពោះទៅពង្រីកការគ្របដណ្តប់នៃសេវាថែទាំសុខភាព និងការគាំពារសុខភាពសង្គមឲ្យកាន់តែមានភាពឆ្លើយតបជាសារវន្ត និងគណនេយភាពចំពោះតម្រូវការផ្នែកសុខភាពរបស់ប្រជាជន។
សម្តេចបានថ្លែងទៀតថា ក្រោយពេលរំដោះប្រទេសនោះ សម្តេចបានដាក់ពង្រាយគ្រូពេទ្យ តែមិនមានគ្រឿបរិក្ខារពេទ្យសម្រាប់ព្យាបាលជំងឺ ទើបគ្រូពេទ្យបានជ្រើសយកការកោសខ្យល់ជំនួស។ ចំណុចនេះមិនមែនបង្ហាញថា គ្រូពេទ្យខ្មែរអន់នោះទេ តែជាការបង្ហាញពីគុណធម៌របស់គ្រូពេទ្យ បើទោះបីអត់មានថ្នាំពេទ្យ និងគ្រឿងបរិក្ខារពេទ្យ សុខចិត្តជ្រើសយកការកោសខ្យល់ ដើម្បីជួយអ្នកជំងឺ។
សម្តេចតេជោបានថ្លែងថា សម្តេចមានជំនឿមុតមាំថា ថ្នាក់ដឹកនាំ មន្ត្រីគ្រប់លំដាប់ថ្នាក់ក្រសួងសុខាភិបាល ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរថ្នាក់ក្រោមជាតិ នឹងបន្តអនុវត្ត ដោយយកចិត្តទុកដាក់ខ្ពស់ប្រកបដោយប្រសិទ្ធភាពលើកិច្ចការទាំងអស់នេះ។
សម្តេចតេជោ ហ៊ុន សែន ក៏មិនបានភ្លេច ជូនពរដល់ភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះផងដែរ៕