(ភ្នំពេញ)៖ «ការសិក្សាប្រវត្តិសាស្ត្រនៃរបបខ្មែរក្រហមនៅសាលាមិនទាន់គ្រប់គ្រាន់នៅឡើយទេ សិស្សានុសិស្ស និស្សិតគួរស្វែងយល់បន្ថែមពីបទពិសោធផ្ទាល់ នៃជនរងគ្រោះដែល រស់រានពីរបបខ្មែរក្រហម និងការសិក្សាស្វែងយល់ពីទីតាំងឧក្រិដ្ឋកម្មនានា ព្រមទាំង តាមដានដំណើរការជំនុំជម្រះក្តី លើអតីតមេដឹកនាំខ្មែរក្រហម ដែលសាលាក្តីខ្មែរក្រហម បាននិងកំពុងធ្វើព្រោះជាឱកាសមាស សម្រាប់ការយល់ដឹងអំពីប្រវត្តិសាស្ត្រ»។ នេះគឺជាការថ្លែងរបស់លោក នេត្រ ភក្ត្រា ប្រធានស្តីទីផ្នែកកិច្ចការសាធារណៈ និងជាមន្រ្តីនាំពាក្យនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នៅចំពោះមុខយុវជន លោកគ្រូអ្នកគ្រូចំនួនជាង ៤០០នាក់មកពីខេត្តត្បូងឃ្មុំ បានធ្វើទស្សនកិច្ចសិក្សា នៅសាលាក្តីខ្មែរក្រហមនៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ។
លោក នេត្រ ភក្ត្រា បានថ្លែងថា ជនរងគ្រោះដែលរួចរស់ជីវិតពីរបបខ្មែរក្រហមគឺជាឯកសារប្រវត្តិសាស្ត្ររស់ និងជាសាក្សីរស់នៃប្រវត្តិរឿងរ៉ាវនៃរបបខនមែរក្រហម។ លោកបានបន្ថែមថា ជនរងគ្រោះមួយរូប រឿងរ៉ាវប្រវត្តិសាស្ត្រមួយរឿង ហើយជនរងគ្រោះបាននិងកំពុងចូលរួមសរសេរប្រចត្តិសាស្ត្រនៃប្រទេសកម្ពុជាឡើងវិញ។ ដូច្នេះ យុវជនដែលមិនបានឆ្លងកាត់របបខ្មែរក្រហមគួរសិក្សា និងស្វែងយល់ ជួបសន្ទនាឱ្យបានច្រើនជាមួយបងប្អូនជនរងគ្រោះនៃរបបខ្មែរក្រហម និងក៏ដើម្បីចងចាំផងដែរ។
ក្រៅពីការពន្យល់សាធារណជន អំពីសារៈសំខាន់ នៃការបង្កើតសាលាក្តីខ្មែរក្រហម ក្នុងការស្វែងរកការពិត និងយុត្តិធម៌សម្រាប់ប្រជាជនកម្ពុជា លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ប្រវត្តិសាស្ត្រគឺជាផ្នែកមួយនៃអត្តសញ្ញាណជាតិដែលប្រជាជនចាំបាច់ត្រូវសិក្សា និងស្វែងយល់ និងចងចាំឱ្យបានច្បាស់លាស់។
លោកបានបញ្ជាក់ថា យោងតាមការរកសិក្សានានារបស់មជ្ឈមណ្ឌលហាន់ដា សម្រាប់សិទ្ធិមនុស្ស និងយុត្តិធម៌អន្តរជាតិ របស់សហរដ្ឋអាមេរិក ក្នុងពេលថ្មីៗនេះ បានរកឃើញថា សាលាក្តីខ្មែរក្រហមមានសក្តានុពលក្នុងការរួមចំណែកយ៉ាងសន្ធឹកសន្ធាប់គួរឱ្យកត់សម្គាល់ ដល់វិស័យអប់រំកម្ពុជា ហើយសក្តានុពលនេះ មិនទាន់ត្រូវបានយកមកប្រើប្រាស់ពេញលេញនៅឡើយនោះទេ។ អ្នកចូលរួមផ្តល់បទសម្ភាសភាគច្រើនជានិស្សិត បានកំណត់សក្តានុពលសម្រាប់សាលាក្តីក្នុងការអប់រំដល់ជំនាន់របស់ពួកគេអំពីអតីតកាល ជាពិសេសប្រវត្តិសាស្ត្រនៃរបបកម្ពុជាប្រជាធិបតេយ្យ ដោយបានចាត់ទុកថាជាកេរដំណែលដ៏មានសក្តានុពលធំធេងបំផុតរបស់សាលាក្តី ហើយបានផ្តល់ចំណាត់ថ្នាក់នេះខ្ពស់ជាងកេរដំណែលដទៃទៀត ដូចជាកេរដំណែលតុលាការ កេរដំណែលផ្លូវចិត្ត និងកេរដំណែលក្នុងការកសាងសមត្ថភាពជាដើម។
របាយការណ៍ដដែលបានធ្វើសេចក្តីសន្និដ្ឋានថាអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលបានបង្កើតឡើងជាយន្តការតុលាការ ដើម្បីជំនុំជម្រះក្តីលើជនជាប់ចោទនៃបទឧក្រិដ្ឋកម្ម ដែលបានកើតឡើងជាច្រើនទសវត្សរ៍មកហើយ។ ទោះបីយ៉ាងនេះក្តីអស់ពេលជិត ១១ឆ្នាំមកនេះ កេរតំណែលរបស់សាលាក្តីខ្មែរក្រហម បាននិងកំពុងរីកចម្រើនយ៉ាងល្អហួសពីគោលដៅដ៏តូចចង្អៀតនេះ។ អ.វ.ត.ក បាននិងកំពុងមានផលប៉ះពាល់ទៅលើវិស័យអប់រំកាន់តែច្រើនឡើងៗ បើប្រៀបធៀបនឹងតុលាការព្រហ្មទណ្ឌអន្តរជាតិផ្សេងទៀត។ គម្រោងដ៏ច្រើននៃគំនិតផ្តួចផ្តើមដែលមាន ដើម្បីលើកកម្ពស់ការយល់ដឹងអំពីអតីតកាលនៅកម្ពុជា កំពុងកើនឡើងទាំងបរិមាណ និងគុណភាពនៅប៉ុន្មានឆ្នាំមកនេះស្របតាមអត្ថិភាពរបស់សាលាក្តីខ្មែរក្រហម»។ ក្រុមនិស្សិតដែលបានផ្តល់បទសម្ភាសក្នុងរបាយការណ៍នេះ បានកំណត់ពីអត្ថប្រយោជន៍នៃការអប់រំរបស់ អ.វ.ត.កជាកេរដំណែលដ៏មានសារសំខាន់បំផុតរបស់សាលាក្តីនេះ។ និស្សិតដែលធ្លាប់បានទៅទស្សនាសាលាក្តី បានបង្ហាញពីការយល់ឃើញរបស់ខ្លួនថាពួកគេបានរៀនសូត្រច្រើននៅទីនោះជាងកាលដែលពួកគេអានសៀវភៅ។
លោក ក្រាញ់ តូនី ប្រធានការិយាល័យរដ្ឋបាលស្តីទីនៃសាលាក្តីខ្មែរក្រហមបានថ្លែងថា ចាប់តាំងពីដំណើរនៅឆ្នាំ២០០៦ រហូតមកទល់នឹងដើមឆ្នាំ២០១៨នេះ សាលាក្តីខ្មែរក្រហម បានចុះផ្សព្វផ្សាយនៅតាមភូមិឃុំនៅទូទាំងប្រទេសកម្ពុជា និងបានស្វាគមន៍ប្រជាពលរដ្ឋមកពីខេត្តនានា មកទស្សនាសាលាក្តី ក៏ដូចជាចូលរួមស្តាប់សវនាការ លើសំណុំរឿងផ្សេងៗដោយផ្ទាល់។ សរុបមក សាធារណជនជាងកន្លះលាននាក់ហើយដែលតុលាការបានផ្សព្វផ្សាយ ក្នុងនោះពាក់កណ្តាល គឺជាយុវជនដែលកើតក្រោយរបបខ្មែរក្រហម៕