(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ បានធ្វើការឃាត់ខ្លួន ជនជនជាតិអ៊ុយក្រែនម្នាក់ ជាប់ពាក់ព័ន្ធនឹងករណីលួចលុយជនជាតិចិន នៅចំណុចក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ នាយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨។

បើតាមស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងថា នៅយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ ចន្លោះពីម៉ោង២ ទៅម៉ោង៦ព្រឹក ស្ថិតនៅក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ មានករណីអំពើលួចមួយកើតឡើង ជនសង្ស័យមិនអត្តសញ្ញាណ។

ជនរងគ្រោះឈ្មោះ Yang Hai Wei ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ E39563250 ចុះថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤ ផុតកំណត់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ មុខរបរអាជីវករ ស្នាក់នៅកន្លែងកើតហេតុ។

សម្ភារបាត់បង់រួមមាន៖ ទូរស័ព្ទដៃចំនួន១០គ្រឿង, លុយបាតថៃចំនួនប្រហៃល ១០,០០០បាត, លុយយន្តចិនចំនួនជាង ១០,០០០យន្ត, ប្រាក់ដុល្លារអាមេរិកប្រហែល ៥០០០ដុល្លារ, កាតធនាគា និងកាតផ្សេងៗចំនួន១៦កាត, កាបូបដៃពណ៌ខ្មៅមួយ, កាបូបស្ពាយពណ៌ស-ខ្មៅមួយ និងស្បែកជើងពណ៌ប៉ាតាមួយគូ។

ក្រោយពីកើតហេតុ កម្លាំងផែននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងមូលដ្ឋាន បានធ្វើការស្រាវជ្រាវ និងឈានទៅធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ Volodymer Behal ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិអ៊ុយក្រែន ស្នាក់នៅភូមិ៦ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ នៅវេលាម៉ោង ១៖៣០នាទីរសៀល ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ នៅក្នុងបុរី BS អូរ៥ ភូមិ៥ សង្កាត់៤។
​​
វត្ថុតាងចាប់យកបាន៖ ទូរស័ព្ទដៃចំនួន ១០គ្រឿង, ប្រាក់បាតថៃចំនួន ៦,៩១០បាត, លុយយន្តចិនចំនួន ៩០៥យន្ត, លុយហុងកុង ២៩០, កាត ATM ចំនួន១៧កាត, កាបូបដៃ ១ ពណ៌ខ្មៅ, កាបូបស្ពាយមួយពណ៌ ស-ខ្មៅ, លុយដុល្លារអាមេរិកចំនួន ៣,៦០០ ដុល្លារ (ជាផលនៃអំពើលួច)។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងជំនាញ កំពុងបន្តតាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្ត។

ស្នងការនគរបាលខេត្តព្រះសីហនុ បានបន្ថែមទៀតថា នៅក្នុងថ្ងៃដដែល ក៏មានករណី អារកខ្លួនឯង នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ ម៉ោង៥៖០៥នាទីល្ងាច នៅភូមិរាម ឃុំរាម ស្រុកព្រៃនប់ មានករណីអារកខ្លួនឯង មួយកើតឡើងផងដែរ។

ជនរងគ្រោះឈ្មោះ នោង ភារុណ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិរាម ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានយកកាំបិត អារកខ្លួនឯង នៅលើផ្ទះឈ្មោះ ទាវ កាក់​ ភេទប្រុស អាយុ៤១ឆ្នាំ ត្រូវជាពូបង្កើតរបស់ខ្លួន។

មូលហេតុ បែកថ្នាំ ហើយមានសតិមិប្រក្រតី ដើរអាណាថា រយៈពេល៤-៥ឆ្នាំ មកហើយ។ នៅថ្ងៃកើតហេតុនេះ សាច់ញាតិ ក៏អត់ដឹងថា មានមូលហេតុអ្វីដែរ ព្រោះជាទូទៅជនរងគ្រោះ តែងតែដើរ រឺចូលដេក តាមតែចិត្ដ។ បច្ចុប្បន្នជនរងគ្រោះ កំពុងសង្គ្រោះបន្ទាន់​ នៅមណ្ឌលសុខភាពឃុំរាម៕