(ភ្នំពេញ)៖ ប្រមុខរដ្ឋាភិបាលនៃបណ្ដាប្រទេសទន្លេមេគង្គភាគខាងក្រោមរួមមាន៖ កម្ពុជា ឡាវ ថៃ និងវៀតណាម និងតំណាងជាន់ខ្ពស់នៃរដ្ឋាភិបាលនៃប្រទេសទន្លេមេគង្គភាគខាងលើ ចិន និងមីយ៉ាន់ម៉ា នឹងជួបប្រជុំគ្នានាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ ក្នុងក្រុងសៀមរាប នៅឯកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣ ដើម្បីធ្វើការពិភាក្សាលើបញ្ហាប្រឈមនានា ដែលកំពុងជួបប្រទះក្នុងអាងទន្លេមេគង្គ និងដាក់ចេញនូវយុទ្ធសាស្ដ្រសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់នេះ។
អង្គភាពព័ត៌មាន Fresh News បានជួបសម្ភាសន៍ជាមួយលោក តែ ណាវុធ អគ្គលេខាធិការគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាសមាជិកគណៈកម្មការអន្តរក្រសួង រៀបចំកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣។ ក្នុងបទសម្ភាសន៍នេះ លោកបានពន្យល់ពីមូលហេតុដែលនាំឲ្យមានការរៀបចំកិច្ចប្រជុំកំពូលនេះ និងអ្វីដែលគេសង្ឃឹមថា នឹងសម្រេចបានចេញពីកិច្ចប្រជុំ។
Fresh News៖ តើអ្វីទៅជាកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ?
លោក តែ ណាវុធ៖ កិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ គឺជាព្រឹត្តិការណ៍ នយោបាយកម្រិតខ្ពស់បំផុត ដ៏មានសារៈសំខាន់ ដែលបានផ្ដួចផ្តើមឡើងដោយប្រទេសជាសមាជិកទាំងបួន។ កិច្ចប្រជុំកំពូលរៀបចំធ្វើឡើងរៀងរាល់៤ ឆ្នាំម្ដង ដែលជាវេទិកាកម្រិតតំបន់សម្រាប់ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងបួនធ្វើការផ្លាស់ប្ដូរទស្សនៈ ពិភាក្សាលើដំណោះស្រាយចំពោះបញ្ហាប្រឈមសំខាន់ៗដែលជួបប្រទះក្នុងតំបន់ និងពិនិត្យឡើងវិញលើវឌ្ឍនភាព និងសមិទ្ធផលដែលគណៈកម្មការទន្លេមេគង្គសម្រេចបាន ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីការគ្រប់គ្រងប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ ដូចមានចែងក្នុងកិច្ចព្រមព្រៀងមេគង្គ ដែលត្រូវបានចុះហត្ថលេខាដោយប្រទេសទាំងបួន កាលពីថ្ងៃទី ០៥ ខែ មេសា ឆ្នាំ១៩៩៥។
ចាប់តាំងពីឆ្នាំ១៩៩៥ រហូតមកដល់ពេលនេះ មានការរៀបចំកិច្ចប្រជុំកំពូលចំនួនពីរលើករួចមកហើយ ដោយកិច្ចប្រជុំកំពូលលើកទី១ បានរៀបចំធ្វើក្នុងឆ្នាំ២០១០ នៅប្រទេសថៃ និងកិច្ចប្រជុំកំពូលលើកទី២ ក្នុងឆ្នាំ២០១៤ នៅប្រទេសវៀតណាម។
Fresh News៖ តើកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣នេះ មានគោលបំណងអ្វីខ្លះ?
លោក តែ ណាវុធ៖ កិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣ នឹងរៀបចំធ្វើក្រោមប្រធានបទស្តីពី “ការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ” ក្រោមទិសស្លោក “ទន្លេមេគង្គតែមួយ ស្មារតីតែមួយ”។
កិច្ចប្រជុំកំពូលនេះ ផ្តោតលើគោលបំណងបីសំខាន់ ទី១៖ ដើម្បីគូសបញ្ជាក់សារជាថ្មីអំពីតួនាទី ភារកិច្ច និងបេសកកម្មរបស់គណៈកម្មការទន្លេមេគង្គ និងដើម្បីលើកកម្ពស់ជាបន្ថែមទៀតនូវការពិគ្រោះយោបល់ជាចំហ និងកិច្ចសហប្រតិបត្តិការ ក្នុងអាងទន្លេមេគង្គ ទី២៖ ដើម្បីទទួលស្គាល់នូវវឌ្ឍនភាព ការរួមចំណែក និងសមិទ្ធិផលដែលគណៈកម្មការទន្លេមេគង្គសម្រេចបាន ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការថែរក្សាសន្ដិភាព បើទោះបីជាប្រទេសជាសមាជិកមានផលប្រយោជន៍ គោលជំហរ និងការអភិវឌ្ឍខុសៗគ្នាយ៉ាងណាក៏ដោយ និងទី៣៖ ដើម្បីជម្រុញលើកកម្ពស់ជាបន្តនូវកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីដោះស្រាយនូវបញ្ហាប្រឈមនានាដែលកំពុងបន្ដកើតមាន និងច្បាមយកកាលានុវត្ថភាព ដើម្បីអាងទន្លេមេគង្គមួយមានភាពចម្រុងចម្រើនផ្នែកសេដ្ឋកិច្ច យុត្ដិធម៌សង្គម និងបរិស្ថានល្អ ដែលរួមចំណែកសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់សហប្រជាជាតិ លើផ្នែកការកាត់បន្ថយភាពក្រីក្រ កំណើនសេដ្ឋកិច្ច សន្ដិសុខស្បៀង ការផលិតថាមពលក្នុងតម្លៃសមស្របនិងអាចជឿទុកចិត្តបាន និងបម្រែបម្រួលអាកាសធាតុ។
Fresh News៖ តើកិច្ចប្រជុំកំពូលនេះ និងកិច្ចប្រជុំកំពូលលើកមុនៗ ខុសប្លែកគ្នាអ្វីខ្លះ?
លោក តែ ណាវុធ៖ មានចំណុចខុសប្លែកគ្នាមួយចំនួនដែលគួរឲ្យកត់សម្គាល់ រវាងកិច្ចប្រជុំកំពូលលើកនេះ និងកិច្ចប្រជុំកំពូលពីរលើកកន្លងមក។
នៅក្នុងកិច្ចប្រជុំកំពូលលើកទី១ មានការចេញនូវសេចក្ដីថ្លែងការណ៍រួម ដែលផ្តោតការយកចិត្តទុកដាក់លើការបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយហានីភ័យដែលបង្កឡើងដោយគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងការកើនឡើងនូវកម្រិតទឹកសមុទ្រ ការធ្វើឲ្យមាននិរន្តរភាពលើការប្រើប្រាស់ធនធានទឹក និងធនធានពាក់ព័ន្ធសម្រាប់ពេលអនាគត ការកំណត់ពីបញ្ហាប្រឈម និងកាលានុវត្ថភាពសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការសម្របសម្រួលក្របខ័ណ្ឌគតិយុត្ដអន្តរជាតិសម្រាប់ការធ្វើនាវាចរណ៍ និងការធ្វើពាណិជ្ជកម្ម។ នៅក្នុងកិច្ចប្រជុំកំពូលលើកទី១ នេះ ក៏មានការប្រកាសធ្វើកំណែទម្រង់គណៈកម្មការទន្លេមេគង្គ ដើម្បីពង្រឹងភាពជាម្ចាស់ និងសម្រេចឲ្យបាននូវនិរន្តរភាពផ្នែកហិរញ្ញវត្ថុត្រឹមឆ្នាំ២០៣០។
នៅក្នុងកិច្ចប្រជុំកំពូលលើកទី២ មានការគូសបញ្ជាក់សារជាថ្មីអំពីការប្ដេជ្ញាចិត្តរួមគ្នា ដើម្បីពន្លឿន កិច្ចខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយហានីភ័យគ្រោះមហន្ដរាយក្នុងអាងទន្លេមេគង្គទាំងមូល ការពង្រឹងវិធានដើម្បីថែរក្សាគុណភាពទឹក ការស្វែងយល់ពីកាលានុវត្ថភាពដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូសន្ទនារបស់គណៈកម្មការទន្លេមេគង្គ ដៃគូអភិវឌ្ឍន៍ និងគំនិតផ្តួចផ្ដើមថ្នាក់តំបន់ និងអន្តរជាតិផ្សេងទៀត។
ស្របពេលដែលកិច្ចប្រជុំកំពូលទាំងពីរលើកកន្លងមក បាននាំឲ្យមានការលើកកម្ពស់កិច្ចសហប្រតិបត្តិការសម្រាប់ការគ្រប់គ្រងធនធានទឹក កិច្ចប្រជុំកំពូលក្នុងឆ្នាំនេះ នឹងផ្តល់កាលានុវត្ថភាពឲ្យប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គទាំងបួន ដើម្បីធ្វើការពិនិត្យឡើងវិញលើការប្ដេជ្ញាចិត្តរបស់ខ្លួន, លើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នានិងភាពជាដៃគូប្រកបដោយភាពជោគជ័យ និងធ្វើការពិភាក្សាលើយុទ្ធសាស្ដ្រសម្រាប់អនាគតបន្ដទៀត។ ម្យ៉ាងវិញទៀត កិច្ចប្រជុំកំពូលលើកទី៣នេះ គឺផ្អែកលើលទ្ធផលដែលសម្រេចបានកន្លងមក និងរំពឹងថា កិច្ចប្រជុំកំពូលនេះនឹងជួយពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចខិតខំប្រឹងប្រែងរួមគ្នានិងភាពជាដៃគូ ដែលមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃអាងទន្លេមេគង្គ។
Fresh News៖ តើបញ្ហាអ្វីខ្លះ នឹងត្រូវលើកមកពិភាក្សាក្នុងកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣ និងដោយសារមូលហេតុអ្វី?
លោក តែ ណាវុធ៖ នៅក្នុងកិច្ចប្រជុំកំពូលនេះ នាយករដ្ឋមន្ដ្រីនៃប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម និងតំណាងជាន់ខ្ពស់ប្រទេសដៃគូសន្ទនា ចិន និងមីយ៉ាន់ម៉ា នឹងធ្វើការពិភាក្សាលើបញ្ហាប្រឈមនានា ដែលកំពុងតែកើតមានក្នុងអាងទន្លេមេគង្គ មានដូចជា បម្រែបម្រួលអាកាសធាតុ និង ការគ្រប់គ្រងនិងការអភិវឌ្ឍប្រកបដោយចីរភាព នៃធនធានទឹក និងធនធានពាក់ព័ន្ធក្នុងអាងទន្លេមេគង្គ ដូចជាវារីអគ្គិសនី ធារាសាស្រ្ត នាវាចរណ៍ គ្រោះទឹកជំនន់និងគ្រោះរាំងស្ងួត និងបរិស្ថាន។
នៅក្នុងកិច្ចប្រជុំកំពូលនេះ ក៏នឹងពិភាក្សាផងដែរថាតើគណៈកម្មការទន្លេមេគង្គត្រូវធ្វើដូចម្តេច ដើម្បីពង្រឹងការអនុវត្តកិច្ចព្រមព្រៀងមេគង្គ ឆ្នាំ១៩៩៥ ដែលជាសន្ធិសញ្ញាសហប្រតិបត្តិការដែល ផ្តល់លទ្ធភាពឲ្យប្រទេសទាំងបួនធ្វើកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទាំងអស់លើការអភិវឌ្ឍ ការប្រើប្រាស់ ការគ្រប់គ្រង និងការអភិរក្សធនធានទឹក និងធនធានពាក់ព័ន្ធប្រកបដោយចីរភាពក្នុងអាងទន្លមេគង្គ និងតួនាទីរបស់គណៈកម្មការទន្លេមេគង្គ ក្នុងនាមជាមជ្ឍមណ្ឌលការទូតទឹក និងផ្នែកចំណេះដឹង។ បន្ថែមពីលើនេះ ក៏នឹងមានការពិភាក្សាថាតើគណៈកម្មការទន្លេមេគង្គគួរធ្វើការរួមគ្នា យ៉ាងដូចម្តេចដើម្បីបង្កើនឱកាស និងផ្តល់អត្ថប្រយោជន៍ឲ្យគ្នាទៅវិញទៅមកបន្ថែមទៀត ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងអាងទន្លេមេគង្គ និងដោយរក្សាបាននូវសុខភាពអេកូឡូស៊ី និងបរិស្ថាននៃទន្លេមេគង្គ។
ហេតុផលសម្រាប់ការពិភាក្សា គឺដោយសារមានតម្រូវការនៃការប្រើប្រាស់ទឹកជាច្រើន ក្នុងតំបន់មេគង្គ សម្រាប់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងក៏អាចបង្កហានីភ័យផ្នែកបរិស្ថានដល់ទន្លេមេ គង្គ និងប្រជាពលរដ្ឋផងដែរ។ កន្លងមក ក៏មានការបង្កើតនូវយន្តការជាច្រើនក្នុងតំបន់មេគង្គ ហើយដែលយន្តការទាំងនោះ គេមើលឃើញថាមានការជាន់គ្នានឹងគណៈកម្មការទន្លេមេគង្គ។
ដូច្នេះហើយ ជាការសំខាន់ណាស់ដែលកិច្ចប្រជុំកំពូលនេះ ត្រូវលើកយកបញ្ហាប្រឈមទាំងនោះមកធ្វើការពិភាក្សារិះរកមធ្យោបាយដ៏ប្រសើរដែលអាចដោះស្រាយ សំដៅបង្កើនផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច រក្សាបាននូវការអភិវឌ្ឍប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ និងពង្រឹងតួនាទីរបស់គណៈកម្មការទន្លេមេគង្គ។
Fresh News៖ តើកិច្ចប្រជុំកំពូលនេះនឹងសម្រេចបានអ្វីខ្លះ?
លោក តែ ណាវុធ៖ កិច្ចប្រជុំកំពូលនេះ នឹងចេញសេចក្ដីថ្លែងការណ៍ក្រុងសៀមរាប ដែលកំណត់នូវអាទិភាពរបស់គណៈកម្មការទន្លេមេគង្គសម្រាប់៤ឆ្នាំខាងមុខ រហូតដល់កិច្ចប្រជុំកំពូលលើកទី៤ ក្នុងឆ្នាំ២០២២ នៅប្រទេសឡាវ។ លទ្ធផលនៃកិច្ចប្រជុំកំពូលលើកទី៣ អាចនឹងទទួលបានដូចខាងក្រោម៖
* ការគូសបញ្ជាក់សារជាថ្មីនូវកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តគម្រោងរួមគ្នា ការត្រួតពិនិត្យតាមដាននិងការអនុវត្តសកម្មភាពរួមគ្នា និងការបង្កើតភាពជាដៃគូថ្មីៗ ដើម្បីធ្វើឲ្យប្រសើរនូវទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការឆ្លងដែនរវាងថ្នាក់តំបន់និងថ្នាក់ជាតិ និងកិច្ចសហប្រតិបត្តិការជាមួយដៃគូសន្ទនា ដៃគូអភិវឌ្ឍន៍ និងយន្តការតំបន់ផ្សេងទៀត ។
* អះអាងសារជាថ្មីនូវការប្ដេជ្ញាចិត្ត និងការគាំទ្រផ្នែកនយោបាយកម្រិតខ្ពស់បំផុត ដើម្បីជម្រុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងមេគង្គ ឆ្នាំ១៩៩៥ និងការអនុវត្តការងាររបស់គណៈកម្មការទន្លេមេគង្គ។
* បន្ដអនុវត្តដំណើរការវិមជ្ឈការរបស់គណៈកម្មការទន្លេមេគង្គ ដោយរាប់បញ្ចូលទាំង ការឯកភាពលើរូបមន្ដសម្រាប់ការបង់វិភាគទានប្រចាំឆ្នាំ ក្នុងសមាមាត្រស្មើគ្នាចាប់ពីឆ្នាំ ២០៣០ តទៅ ដែលប្រទេសជាសមាជិក ត្រូវម្ចាស់ការទាំងស្រុងផ្នែកហិរញ្ញវត្ថុដោយខ្លួនឯង ។
* គាំទ្រដល់ការអនុវត្តអនុសាសន៍សំខាន់ៗ ដែលទទួលបានពីការសិក្សារបស់ក្រុមប្រឹក្សានៅកម្រិតនយោបាយ និងបច្ចេកទេស ជាពិសេសពាក់ព័ន្ធនឹងកាលានុវត្ថភាពនៃការអភិវឌ្ឍ ផលចំណេញ និងការខាតបង់ ហានិភ័យ និងការគួបផ្សំទិដ្ឋភាពពាក់ព័ន្ធគ្នាទាំងនេះ។
* ពង្រឹងបណ្ដាញតាមដានត្រួតពិនិត្យ និងប្រព័ន្ធព្យាករណ៍កម្រិតតំបន់សម្រាប់គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ និងព័ត៌មាន។
Fresh News៖ តើកិច្ចប្រជុំកំពូលនេះនឹងដោះស្រាយបញ្ហាពាក់ព័ន្ធនឹងផែនការអភិវឌ្ឍវារីអគ្គិសនី ដែលទទួលរងការរិះគន់ថា នាំឲ្យមានការប្រែប្រួលប្រព័ន្ធអេកូឡូស៊ីទន្លេ ធ្វើឲ្យត្រីងាប់ និងប៉ះពាល់ដល់គុណភាពទឹកដែរឬទេ?
លោក តែ ណាវុធ៖ កិច្ចប្រជុំកំពូលនេះ ពុំដោះស្រាយបញ្ហានេះដោយផ្ទាល់ឡើយ ប៉ុន្ដែនឹងរួមចំណែកបានយ៉ាងច្រើនក្នុងការដោះស្រាយបញ្ហាទាំងនេះ តាមរយៈការប្ដេជ្ញាចិត្តកម្រិតនយោបាយខ្ពស់បំផុត និងការដាក់ចេញនូវគោលនយោបាយ និងការអនុវត្តការងាររបស់គណៈកម្មការទន្លេមេគង្គ ជារួមដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ។
ចំណុចសំខាន់មួយដែលគួរឲ្យកត់សម្គាល់នោះគឺថា គណៈកម្មការទន្លេមេគង្គគាំទ្រដល់ការអភិវឌ្ឍវារីអគ្គិសនីប្រកបដោយនិរន្តភាព ដែលជួយជម្រុញលើកកម្ពស់ផលប្រយោជន៍រួមនៃប្រទេសជាសមាជិករបស់ខ្លួន។ សក្កានុពលវារីអគ្គិសនីនៃអាងទន្លេមេគង្គ មានយ៉ាងច្រើនគួរឲ្យកត់សម្គាល់ និងមិនទាន់ត្រូវបានទាញយកមកប្រើប្រាស់ឲ្យបានច្រើននៅឡើយ។ ទន្ទឹមនឹងនេះដែរ តម្រូវការថាមពលនៅក្នុងតំបន់ ក៏កំពុងមានការកើនឡើង មានន័យថា ឱកាសសម្រាប់ធ្វើពាណិជ្ជកម្មថាមពលក៏មានច្រើនផងដែរ។
ប្រទេសទាំងអស់តាមដងទន្លេមេគង្គ បានបញ្ចូលជម្រើសអភិវឌ្ឍន៍វារីអគ្គិសនីទៅក្នុងយុទ្ធសាស្ដ្រអភិវឌ្ឍន៍របស់ខ្លួន ដោយចាត់ទុកបច្ចេកវិទ្យាថាមពលកកើតឡើងវិញនេះ ជាមធ្យោបាយដែលផ្តល់នូវចំណូលដែលជាតម្រូវការចាំបាច់ ដើម្បីផ្តល់លទ្ធភាពដល់ប្រទេសទាំងអស់នេះអាចធ្វើឲ្យប្រសើរលើ រចនាសម្ព័ន្ធសង្គមរបស់ខ្លួន ដូចជា ផ្នែកអប់រំ សុខាភិបាល និងហេដ្ឋារចនាសម្ព័ន្ធជាដើម។
ក្នុងពេលជាមួយគ្នានេះ គណៈកម្មការទន្លេមេគង្គជឿជាក់ថា ការអភិវឌ្ឍសក្កានុពលវារីអគ្គិសនីក្នុងអាងទន្លេមេគង្គប្រកបដោយនិរន្តរភាព ទាមទារឲ្យមានកម្មវិធីមានការរៀបចំឲ្យបានល្អ និងដោយសមាហរន្តកម្ម ដោយផ្តោតលើផែនការអាងទាំងមូល និងមានការគិតគូរពីបញ្ហាបរិស្ថាន សង្គម និងនិរន្តរភាព។ គណៈកម្មការទន្លេមេគង្គទទួលស្គាល់ផងដែរថា ការអភិវឌ្ឍវារីអគ្គិសនី នាំមកនូវកាលានុវត្ថភាពផង និងហានីភ័យផង ដែលជាការសំខាន់ត្រូវគិតគូរពិចារណាដោយប្រុងប្រយ័ត្នចំពោះបញ្ហាទាំងនេះ និងត្រូវបញ្ចូលវិធានការកាត់បន្ថយផលប៉ះពាល់ប្រកបដោយប្រសិទ្ធភាព។
កិច្ចព្រមព្រៀងមេគង្គ ឆ្នាំ១៩៩៥ ក៏បានដាក់ចេញនូវនីតិវិធីផ្លូវការសម្រាប់ការជូនដំណឹងការពិគ្រោះយោបល់ជាមុន និងការព្រមព្រៀង ដែលមានវិសាលភាពលើគម្រោងដែលមានទីតាំងនៅតាមដៃទន្លេ និងលើទន្លេមេនៃទន្លេមេគង្គ។ នីតិវិធីនេះ គឺដើម្បីធានាថាប្រទេសជាសមាជិកទាំងអស់ ទទួលបាននូវការជូនដំណឹងពីគម្រោងដែលគ្រោងនឹងអនុវត្តន៍ និងមានឱកាសចូលរួមក្នុងកិច្ចពិគ្រោះយោបល់ជាមួយនឹងប្រទេសដែលជាម្ចាស់គម្រោង។
កិច្ចប្រជុំកំពូលនាពេលខាងមុខនេះ នឹងជាឱកាសសម្រាប់ប្រមុខរដ្ឋាភិបាលបន្ដធ្វើការពិភាក្សាលើបញ្ហាប្រឈមនានា និងរិះរកមធ្យោបាយដែលល្អបំផុត ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះ។
Fresh News៖ តើប្រទេសក្នុងអាងទន្លេមេគង្គជួបប្រទះនឹងបញ្ហាប្រឈមធំៗអ្វីខ្លះ?
លោក តែ ណាវុធ៖ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ធនធានក្នុងអាងទន្លេមេគង្គបានទទួលរងនូវសំពាធកាន់តែច្រើនឡើង។ ឧទាហរណ៍ដូចជា គម្រោងទំនប់នៅលើទន្លេមេ ដែលបានលើកយកមកពិភាក្សាប្រមាណជា ៣០ ឬ ៤០ ឆ្នាំមកហើយ ប៉ុន្តែនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្រិតនៃការផ្តោតការយកចិត្តទុកដាក់លើគម្រោងទាំងនេះមានការកើនឡើង ហើយអ្នកដែលមានបំណងជំរុញឲ្យមានការអនុវត្តគម្រោងទាំងនេះ កំពុងបន្ដធ្វើការសិក្សាសមិទ្ធលទ្ធភាព និងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន (EIA) ផងដែរ។ ដូច្នេះបញ្ហាដែលត្រូវដោះស្រាយ គឺត្រូវធានាយ៉ាងណាឲ្យផលវិបាកដែលកើតចេញពីការអភិវឌ្ឍនៅលើទន្លេមេ ត្រូវមានការវាយតម្លៃឲ្យបានច្បាស់លាស់ក្នុងទស្សនៈតំបន់ និងក្នុងក្របខណ្ឌអាងទាំងមូល ដែលនេះជាតួនាទីរបស់គណៈកម្មការទន្លេមេគង្គ ដែលត្រូវរៀបចំកិច្ចពិគ្រោះយោបល់ និងការពិភាក្សាលើបញ្ហាទាំងនេះ។
នៅក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ការរៀបចំផែនការអភិវឌ្ឍក្នុងអាងទន្លេមេគង្គ មានការកើនឡើងគួរឲ្យកត់សម្គាល់ ដែលការនេះអាចមានសំពាធមកលើធនធានជលផល និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលពឹងអាស្រ័យលើធនធានធម្មជាតិដូចដែលអាចឃើញស្រាប់ក្នុងតំបន់ទន្លេសាប និងតំបន់ដទៃទៀត។ ទិន្នផលត្រីមានការថយចុះ ដែលនោះមិនមែនដោយសារតែមានហេដ្ឋារចនាសម្ព័ន្ធថ្មីនោះទេ តែក៏ដោយសារនិន្នាការទូទៅក្នុងអាងទន្លេមេគង្គ ដូចជា កំណើនប្រជាជន និងនគរូបនីយកម្មជាដើម ។ល។ លើសពីនេះ ការអភិវឌ្ឍនៅអាងទន្លេមេគង្គភាគខាងលើ ក៏នឹងមានឥទ្ធិពលមកលើធារទឹកនៃទន្លេនេះផងដែរ ដែលនឹងបង្កើតកាលានុវត្ថភាព និងបង្កជាហានីភ័យសម្រាប់អាងទន្លេមេគង្គភាគខាងក្រោម។ កាលានុវត្ថភាពរួមមាន ការកើនឡើងនូវធារទឹកនៅរដូវប្រាំងដែលអាចយកទឹកមកប្រើប្រាស់សម្រាប់គោលបំណងផ្សេងៗនូវភាគខាងក្រោម សម្រាប់បម្រើដល់ផ្នែកធារាសាស្ដ្រជាដើម។ ជាមួយគ្នានោះដែរ ការផ្លាស់ប្ដូរធារទឹកអាចបង្កឲ្យមានហានីភ័យ ពាក់ព័ន្ធនឹងពេលវេលា ការហូរចេញ-ហូរចូលបឹងទន្លេសាប ដែលជាលទ្ធផលធ្វើឲ្យប៉ះពាល់មកលើធនធានជលផល និងលំហូរដីល្បាប់។ យើងកំពុងបង្កើនកិច្ចសន្ទនាជាមួយប្រទេសប៉ែកខាងលើជុំវិញបញ្ហាទាំងអស់នេះ ហើយនិងពិភាក្សាឲ្យមានអនុស្សរណៈស្តីពីការយោគយល់គ្នាជាមួយនឹងមជ្ឈមណ្ឌលសហប្រតិបត្តិការឡានឆាង-មេគង្គផងដែរ។
Fresh News៖ ហេតុអ្វីបានជាសំខាន់ចាំបាច់ត្រូវមានកិច្ចសហការតំបន់ ដើម្បីឲ្យមានការអភិវឌ្ឍប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ?
លោក តែ ណាវុធ៖ ចំណុចសំខាន់ គឺនៅត្រង់ថា ក្នុងតំបន់មេគង្គទាំងមូលមានការប្រកួតប្រជែង និងតម្រូវការទឹក សម្រាប់ប្រើប្រាស់ ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាជនកើនឡើង និងផែនការដែលជាមហិច្ឆតារបស់ប្រទេសក្នុងអាងទន្លេមេគង្គ ដើម្បីកំណើនសេដ្ឋកិច្ចរបស់ខ្លួន។ នៅពេលដែលតម្រូវការសម្រាប់កំណើនសេដ្ឋកិច្ចមានការកើនឡើង នោះនឹងធ្វើឲ្យនិរន្តរភាពទន្លេមេគង្គប្រឈមនឹងហានីភ័យផងដែរ ជាពិសេស គឺការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកាត់ប្រព័ន្ធទន្លេ។ ជាងនេះទៅទៀត ប្រទេសមួយចំនួនអាចនឹងទទួលបានប្រយោជន៍ពីការអភិវឌ្ឍទាំងនេះច្រើនជាងប្រទេសដទៃទៀត ដែលនេះអាចបង្កឲ្យមានជម្លោះកើតឡើងនៅក្នុងតំបន់មេគង្គ។
ដូច្នេះហើយ ចាំបាច់ត្រូវមានកិច្ចសហប្រតិបត្តិការតំបន់សម្រាប់ការគ្រប់គ្រងប្រកបដោយចីរភាពនូវធនធានទឹក និងធនធានពាក់ព័ន្ធក្នុងអាងទន្លេមេគង្គ ដែលនេះគឺជាតម្រូវការចាំបាច់បំផុតជាងពេលណាៗទាំងអស់។ ការប្រកួតប្រជែងដើម្បីធនធានផ្សេងៗគ្នាទាំងនេះ ក៏អាចជាប្រភពនាំឲ្យមានការចរចា ដើម្បីជម្រុញឲ្យមានសន្ដិភាព និងកិច្ចសហប្រតិបត្តិការផងដែរ។
គណៈកម្មការទន្លេមេគង្គ គឺជាស្ថាប័នសមស្របបំផុតសម្រាប់ធ្វើកិច្ចការនេះ ដោយសារកិច្ចសហប្រតិបត្តិការមេគង្គនេះមានប្រវត្តិជាង ៦០ ឆ្នាំមកហើយ និងជាវេទិកាការទូតទឹកតែមួយគត់ តាមរយៈ យុទ្ធសាស្ត្រអាងទន្លេ នីតិវិធី គោលការណ៍ណែនាំ និងមូលដ្ឋានចំណេះដឹងទូលំទូលាយ ដែលបានរៀបចំ និងអនុវត្តន៍ការធ្វើសេចក្តីសម្រេចចិត្តឲ្យបានល្អប្រសើរ។ គណៈកម្មការទន្លេមេគង្គ មានលទ្ធភាពក្នុងការធ្វើឲ្យការអភិវឌ្ឍក្នុងអាងទន្លេមេគង្គ ប្រកបដោយចីរភាពជាងមុន ដែលនឹងនាំមកនូវសន្តិភាព និងវឌ្ឍនភាពក្នុងតំបន់។
Fresh News៖ តើគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា មានតួនាទីអ្វីខ្លះនៅក្នុងកិច្ចប្រជុំកំពូលនេះ?
លោក តែ ណាវុធ៖ ក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលនេះ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចឲ្យរៀបចំគណៈកម្មការអន្តរក្រសួងរៀបចំកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣ ដោយទន្ទឹមនឹងនោះអនុគណៈកម្មការជំនាញពាក់ព័ន្ធមួយចំនួនបានបង្កើតឡើង ដើម្បីរួមគ្នាធ្វើយ៉ាងណាឲ្យកិច្ចប្រជុំកំពូលនេះ ប្រព្រឹត្តិទៅដោយភាពរលូន និងទទួលបានជោគជ័យ។ បន្ថែមពីលើនេះ ការរៀបចំ និងភាពជោគជ័យលើការរៀបចំសន្និសីទអន្តរជាតិ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីរបស់គណៈកម្មការទន្លេមេគង្គ ដែលនឹងប្រព្រឹត្តិទៅ មុនកិច្ចប្រជុំកំពូលនេះ ក៏ជាការទទួលខុសត្រូវរួមគ្នារបស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជាផងដែរ។ និយាយជារូម តួនាទីនេះ មានសារៈសំខាន់យ៉ាងខ្លាំង ហើយគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ក៏បាននឹងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយ
លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ និងបណ្តាគណៈកម្មាធិការជាតិទន្លេមេគង្គនៃប្រទេសបីផ្សេងទៀត ដើម្បីធានាធ្វើយ៉ាងណាឲ្យព្រឹត្តិការណ៍ទាំងនោះរៀបចំធ្វើឡើងប្រកបដោយប្រសិទ្ធភាព និងទទួលបានជោគជ័យ ។
Fresh News៖ ថាតើគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ឬប្រទេសកម្ពុជាបានធ្វើអ្វីខ្លះ ដើម្បីធានាឲ្យតំបន់អាងទន្លេមេគង្គនេះមាននិរន្តភាព?
លោក តែ ណាវុធ៖ ក្នុងរយៈពេលជាង ២៣ ឆ្នាំកន្លងមកនេះ ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការគណៈកម្មការទន្លេមេគង្គ ប្រទេសកម្ពុជាបានរួមចំណែកបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍ទន្លេមេគង្គ តាមរយៈការចូលរួមសហការជាមួយបណ្តាយប្រទេសតាមដងទន្លេ ដើម្បីដោះស្រាយនូវបញ្ហានានាពាក់ព័ន្ធនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធវារីអគ្គិសនី និងធនធានទឹកផ្សេងទៀត ដែលបង្កការគំរាមកំហែងដល់ធនធានក្នុងទន្លេមេគង្គ។
ប្រទេសកម្ពុជាក៏បានធ្វើការងារជាមួយនឹងប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គផ្សេងទៀត ដើម្បីបង្កើតនូវក្របខណ្ឌច្បាប់ជានីតិវិធី និងគោលនយោបាយផ្សេងៗ ដើម្បីគ្រប់គ្រងធនធានទឹក និងធនធានពាក់ព័ន្ធដ៏មានតម្លៃក្នុងអាងទន្លេមេគង្គ។
ប៉ុន្ដែយើងដឹងថា នៅមានកិច្ចការជាច្រើនដែលចាំបាច់ត្រូវធ្វើ ហើយកម្ពុជា ត្រៀមខ្លួនជាស្រេច ខិតខំធ្វើយ៉ាងណាដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលពឹងអាស្រ័យលើធនធានក្នុងអាងទន្លេមេគង្គ៕