(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ការកសាងធនធានមនុស្ស និងការពង្រឹងសមត្ថភាព ទាំងនៅក្នុងក្របខណ្ឌមន្ត្រីរាជការ និងវិស័យឯកជន គឺជាកត្តាសំខាន់ ដើម្បីធានាការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ប្រកបដោយនិរន្តភាព។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ដូច្នេះ នាឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់វិញ្ញាបនបត្រ បញ្ជាក់ការសិក្សាអ្នកតំណាងស្របច្បាប់ ក្នុងការស្នើសុំឯកសារ នាំចេញ-នាំចូល (ជំនាន់ទី១) ចំនួន៦១នាក់ និងពិធីបើកវគ្គបណ្តុះបណ្តាលអ្នកតំណាងស្របច្បាប់ ក្នុងការស្នើសុំឯកសារនាំចេញ-នាំចូល (ជំនាន់ទី២) ដែលរៀបចំឡើងដោយ វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ សហការជាមួយនាយកដ្ឋាននាំចេញ-នាំចូលនៃក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨។
នៅក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានសម្តែងការអបអរសាទរចំពោះសិក្ខាកាមទាំងអស់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ និងបានស្នើពួកគេប្រើប្រាស់ចំណេះដឹងថ្មីៗ ដើម្បីចូលរួមជំរុញសកម្មភាពពាណិជ្ជកម្ម សំដៅទាញយកអត្ថប្រយោជន៍អតិបរិមា ពីប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ផ្តល់ដោយប្រទេសនានា។
លោករដ្ឋមន្ត្រី ក៏បានលើកឡើងពីសក្តានុពល និងកាលានុវត្តភាព នៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចទាំងក្នុងតំបន់ និងពិភពលោក ជាពិសេសការនាំចេញ ក្រោមប្រព័ន្ធអនុគ្រោះពន្ធ MFN GSP និង EBA ផ្តល់ដោយប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន ដែលបានរួមចំណែកយ៉ាងសំខាន់ ដល់ការធ្វើពិពិធកម្ម វិស័យការងារ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។
លោក ប៉ាន សូរស័ក្ដិ បានបន្តទៀតថា កម្ពុជាបានប្រឹងប្រែងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅក្នុងតំបន់ និងប្រទេសដៃគូចំនួន៦ទៀត និងកិច្ចព្រមព្រៀងភាពជាដៃគូរ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP) ព្រមទាងចរចាក្រោមក្របខ័ណ្ឌអង្គការ WTO សំដៅដករបាំងពាណិជ្ជកម្ម សម្រាប់ផលិតផលនាំចេញពីកម្ពុជា ដែលនឹងជួយសម្រួលការធ្វើពិពិធកម្មវិស័យនាំចេញ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលអ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំឯកសារ នាំចេញ-នាំចូល (ជំនាន់ទី១) ត្រូវបានរៀបចំឡើងមានរយៈពេល១០ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីតំណាងស្របច្បាប់របស់សហគ្រាស និងក្រុមហ៊ុន ក្នុងការបំពេញលក្ខខណ្ឌវិធានប្រភពដើម ទំនិញនាំចេញក្រោមប្រព័ន្ធ អនុគ្រោះពាណិជ្ជកម្ម។ វគ្គនេះក៏ដើម្បីពង្រឹង និងបង្កើនប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ប្រកាស ឬសេចក្តីជូនដំណឹងពាក់ពន្ធការផ្តល់ឯកសារនាំចេញ-នាំចូល ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និងកិច្ចសម្រួលពាណិជ្ជកម្មនៅកម្ពុជា។
បើតាមទិន្ន័យផ្លូវការបង្ហាញថា ការនាំចេញរបស់កម្ពុជា នៅក្នុងឆ្នាំ២០០៧ មានទឹកប្រាក់៣.៥២៥លានដុល្លារ ហើយបានកើនឡើងដល់ ១១.១៤២លានដុល្លារ នៅក្នុងឆ្នាំ២០១៧ ក្នុងនោះផលិតផលនាំចេញមានដូចជា៖ ទំនិញវាយនភ័ណ្ឌ សម្លៀកបំពាក់ ស្បែកជើង កាបូប គ្រឿងបង្គុំអេឡិចត្រូនិក ទោចក្រយានយន្ត ផលនេសាទ ជ័រកៅស៊ូ ឈើកែច្នៃ និងទំនិញកសិកម្មរួមមាន អង្ករ ដំឡូងមី គ្រាប់ស្វាយចន្ទី ពោតក្រហម សណ្តែកសៀង ម្រេច ផ្លែស្វាយស្រស់ និងប្រេងឆៅ៕